អ្នកវិនិយោគក្នុងស្រុកនិងមកពីប្រទេសថៃគ្រោងបង្កើតផ្សារទឹកមួយនៅតំបន់វិហារសួគ៌
(ភ្នំពេញ)៖ ក្រុមហ៊ុន Skyland និងក្រុមហ៊ុនមួយមកពីប្រទេសថៃគ្រោងធ្វើការអភិវឌ្ឍន៍ផ្សារលក់លើទឹកមួយដែលមានសណ្ឋានស្រដៀងគ្នានឹងផ្សារទឹកនៅក្នុងប្រទេសថៃ ដើម្បីជំរុញនិងលើកកំពស់វិស័យទេសចរណ៍នៅកម្ពុជា។ លោកឧកញ៉ាស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Skyland បានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ធ្នូនេះថាកាលពីពេលថ្មីៗនេះលោកបានទៅទស្សនកិច្ចនៅប្រទេសថៃ និងបានទៅកាន់តំបន់ផ្សារលើទឹកមួយ ស្ថិតក្នុងទីក្រុងប៉ាតាយ៉ាប្រទេសថៃ ដើម្បីសិក្សានិងគ្រោងរៀបចំផ្សារលក់លើទឹកមួយនៅក្នុងតំបន់វិហារសួគ៌ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលនៅពេលខាងមុខនេះ។លោកបន្តថា នៅថ្ងៃទី២១ ធ្នូខាងមុខនេះ អ្នកវិនិយោគមកពីប្រទេសថៃ នឹងចុះសិក្សាពីទីតាំងភូមិសាស្ត្រនៅតំបន់វិហារសួគ៌ ដើម្បីរៀបចំអភិវឌ្ឍជាផ្សារទឹកមួយដែលធំជាងនៅប្រទេសថៃទៀតផង។
លោកបន្តថា “តាមគំរោងការរៀបចំផ្សារលក់លើទឹក ដោយមានការចែវទូក លក់ទំនិញនេះជាគំរោងវិនិយោគថ្មីមួយដែលនឹងទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកទស្សនាច្រើននាពេលអនាគត។ការវិនិយោគនេះអាចចាប់ផ្តើមនៅពេលឆាប់ៗខាងមុខ បន្ទាប់ពីក្រុមហ៊ុនមកពីប្រទេសថៃសិក្សាបញ្ចប់”៕
តំបន់Skylandនិងផ្សារបណ្តែតទឹកនៅប្រទេសថៃ
ប្រភព៖CTV8HD