ជនសង្ស័យករណីឆបោកប្រាក់ជិត៧លានដុល្លារ ត្រូវបានបញ្ជូនទៅតុលាការ

ភ្នំពេញ៖ ជនសង្ស័យ​ក្នុងករណី​ឆបោក​លុយ​ជិត៧លាន​ដុល្លារ ដែល​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ធ្វើ ការឃាត់ខ្លួន​សួរនាំ​នោះ ឥឡូវ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន ទៅកាន់​តុលាការ​សួរនាំ​បន្ត ហើយ​នៅ​ល្ងាច​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះ ដោយ​ជំ​ហ៊ាន​ដំបូង​គេ​ដឹងថា ករណី នេះ​ផ្ដើម ចេញពី​រឿង​ជំនួញ​ឈើ​ប្រណីត​នាំចេញ​ទៅ​ក្រៅប្រទេស ដោយមាន​ជនជាតិ​ចិន​អោយ​លុយ​មក ជនសង្ស័យ​ប្រមូល​ទិញ​ឈើ​ប្រណីត នាំចេញ​យកទៅអោយ​ខ្លួន តែ​ជនសង្ស័យ មិនបាន​បញ្ជូន​ឈើ​ទៅអោយ ដូច​ការព្រមព្រៀង​នោះទេ។ ជនសង្ស័យ​ក្នុង​រឿង​ឆបោក​លុយ ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ ត្រូវបាន​គេ​ស្គាល់ឈ្មោះ អឿ អឿន មានមុខរ​បរជា​អ្នករកស៊ី។ ចំណែក​ភាគី​ដើមបណ្ដឹង​មានឈ្មោះ Shao Jianfen ជា​ជន​ជាតិចិន ហើយ​ទឹក​លុយ​ដែល​ភាគី​ម្ចាស់​បណ្ដឹង​អះអាងថា បានប្រគល់​ទៅ​ឲ្យ​ឈ្មោះ អឿ អឿន យកទៅ​ប្រមូល ទិញ​ឈើ​ធ្នង់​នាំចេញ​យកទៅ ឲ្យ​ខ្លួន​នោះ មាន​ចំនួន៦,២០០,០០០ដុល្លារ ដោយ​បូក​រួមទាំង​ការអះអាង​ពី​បុរស​ពីរ​នាក់ ទៀត ដែល​រួមមាន​ឈ្មោះ ស្រៀ​ង ម៉េង និង​ឈ្មោះ​វ៉ាន់ សំណាង បាន​បញ្ជាក់ថា ឈ្មោះ អឿ អឿន នេះ​បាន​ទិញ​ឈើ​ធ្នង់ របស់ខ្លួន (ក្រុមហ៊ុន​ទ្រី ភាព) មាន​ទឹកប្រាក់​ចំនួន១លាន​ដុល្លារ តែ​មិនទាន់បាន​សងលុយ​នោះទេដូចនេះ​ទឹកប្រាក់ក្នុង សំណុំរឿង​ឆបោក​នេះ​មាន​រហូតដល់​ទៅ៧,២០០,០០០ដុល្លារ​ឯណោះ។

តាម​សេចក្ដី​រាយ​ការ​ណ៏​បាន​ឲ្យ​ដឹងថា កាលពី ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥ ជន​ជាតិចិន​ខាងលើនេះ​បាន ព្រមព្រៀង​ប្រគល់​លុយ​ឲ្យ​ទៅ​ឈ្មោះ អឿ អឿន ចំនួន ៦,២០០,០០០ដុល្លារ ដើម្បី​ប្រមូល​ទិញ​ឈើ​ធ្នង់​នៅ ក្នុងប្រទេស​កម្ពុជា​នាំចេញ​យកទៅ​ឲ្យ​ខ្លួន ដោយ​ក្នុង១ខែ ត្រូវប្រគល់ ឈើ​ឲ្យ៤០កុងតឺន័រ តែ​ឈ្មោះ អឿ អឿន គ្មាន​ឈើ​ស្របច្បាប់​ប្រគល់​ឲ្យ​នោះទេ ក្រោយមក ដោយសារតែ​គ្មាន​ឈើ ជនជាតិ​ចិន ក៏បាន​ទារលុយ​វិញ តែ​ឈ្មោះ អឿ អឿន​ចេះតែ​ពន្យា​ពេល ហើយ​ចុងក្រោយ បានចេញ​សែក​មាន​ទឹកប្រាក់ ចំនួន៨០ម៉ឺន​ដុល្លារ​ទៅ​ឲ្យ​ជនជាតិ​ចិន​ដោយ​បើកប្រាក់​នៅ​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ តែ​ពេល​យក​សែក​ទៅ​បើ​កនៅ ធនាគារ គេ​ថា​សែក​នេះ​មិនមាន​សាច់ប្រាក់​នោះទេ។ ក្រោយមកទៀត​ឈ្មោះ អឿ អឿន បាន​ឲ្យ​ឈ្មោះ ស្រៀ​ង ម៉េង និង​ឈ្មោះ វ៉ាន់ សំណាង ប្រមូល​ទិញ​ឈើ​ពី​ក្រុមហ៊ុន​ទ្រី ភាព ឲ្យ​ខ្លួន ហើយ​អ្នក​ទាំងពីរ​ក៏បាន​ប្រគល់​ឈើ​ដែលមាន​តំលៃ ទឹកប្រាក់១លាន​ដុល្លារ ទៅ​អោយឈ្មោះ អឿ អឿន តែ​ឈ្មោះ​នេះ​ក៏​មិនបាន​បង្វិល​សាច់ប្រាក់ អោយ​នោះដែរ បើ​សរុប ចំនួន​លុយ​មាន​រហូតដល់​ទៅ ៧,២០០,០០០ដុល្លារ​ឯណោះ។

ដោយឡែក​ឈ្មោះ អឿ អឿន បាន​អះអាងថា ខ្លួន​ពិត ជា​បាន​ចុះ​កិច្ចព្រមព្រៀង​ប្រមូល​ទិញ​ឈើ​ឲ្យ ទៅ​ជន​ជាតិចិន​ក្នុង​ទឹកប្រាក់៦,២០០,០០០ដុល្លារ​ពិតមែន ដោយ​មួយខែ ត្រូវប្រគល់​ឈើ​អោយ៤០កុងតឺន័រ តែ​ខ្លួន​ពិតជា​គ្មាន​ឈើ​ប្រគល់អោយ​មែន ហើយ​លុយ ៦,២០០,០០០ ដុល្លារ​នោះ ក៏​ខ្លួន​មិនបាន​ទទួល​ដែរ។ ចំណែក​ការចេញ​សែក ខ្លួន​ពិតជា​បានចេញ​សែក​គ្មាន​សាច់ប្រាក់ ឲ្យ​ទៅ​ជនជាតិ​ចិន​នោះ ពិតប្រាកដ​មែន។ ដោយឡែក​រឿង​លុយ១លាន​ដុល្លារ​របស់​ឈ្មោះ ស្រៀ​ង ម៉េង និង​ឈ្មោះ​វ៉ាន់ សំណាង វា​គ្រាន់តែ ជា​លុយ​កំរៃជើងសារ​ថ្លៃ​ទិញ​ឈើ ដោយមាន​ឯកសារ​ត្រឹមតែ​ឈ្មោះ ស្រៀ​ង ម៉េង និង​វ៉ាន់ សំណាង​ប៉ុណ្ណោះ មិនមាន ឯកសារ​នៅ​ក្រុមហ៊ុន ទ្រី ភាព សំរាប់ធ្វើ​ការផ្ទៀងផ្ទាត់​នោះទេ៕ សូមទស្សនាវីដេអូខាងក្រោម

ប្រភព៖CTV8HD