ឯកឧត្តម ថង សាវុន អភិបាលខេត្ត​រតនគិរី មានប្រសាសន៍​ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ទិវា​ជាតិ​បង្ការ និង​ពន្លត់អគ្គីភ័យ​លើក​ទី២ ដែល​ប្រារព្វ​ធ្វើ​នៅ​ក្រុង​បាន​លុង នា​ព្រឹក​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ឯកឧត្តម ថង សាវុន អភិបាលខេត្ត​រតនគិរី បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​កម្លាំង​ជំនាញ​អគ្គីភ័យ ដែល​បាន​លះបង់​ខ្ពស់​ក្នុងការ​អន្តរាគមន៍​ចុះជួយ​បាញ់​ពន្លត់អគ្គីភ័យ​ដែល​បង្ករ​ជា​វិនាស​អន្តរាយផ្សេងៗចំពោះ​ប្រជាពលរដ្ឋ ។

ស្រប​ពេលដែល​ខេត្តរតនគិរី​កំពុងមាន​ការរីកចម្រើន​ផ្នែក​សំណង់អគារ គ្រប់​ប្រភេទ​ជា​បន្តបន្ទាប់ រាជរដ្ឋាភិបាលក៏ដូចជា​អាជ្ញាធរខេត្ត​បាន​ខិតខំ​ពង្រឹង​វិធានការ មធ្យោបាយ​គ្រប់​ប្រភេទ​ក្នុងការ​បង្ការ និង​ទប់ស្កាត់ និង​ពន្លត់អគ្គីភ័យ ធានា​រក្សា​ប្រយោជន៍​ជូន​សាធារណៈជន​បាន​ទាន់ពេលវេលា ។ ទន្ទឹមនឹងនោះ​ឯកឧត្តម​ក៏បាន​ជំរុញ​លើកទឹកចិត្ត​ឲ្យ​កម្លាំង​ទាំងអស់​ត្រូវ​ចាត់ទុកថា ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​អគ្គីភ័យ​គឺជា​បងប្អូន សាច់ញាតិ របស់​យើង​គ្រប់គ្នា និង​មិនត្រូវ​ប្រកាន់​បក្សនយោបាយ​ឡើយ ។

ឯកឧត្តម​អភិបាលខេត្ត បាន​ណែនាំ​បន្ថែម​ដល់​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ​ឲ្យ​ជំរុញ​ការងារ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ពួកគាត់​មានការ​ចូលរួម​ទប់ស្កាត់​អគ្គីភ័យ ជាពិសេស​នៅពេល​មាន​អគ្គីភ័យ​កើតឡើង​ប្រជាពលរដ្ឋ​គ្រប់​ម​ជ្ឈ​ដា្ឋ​ន សហគ្រាស សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ត្រូវតែ​ធាន​នា​បាន​មាននូវ​ឧបករណ៍​ពន្លត់អគ្គីភ័យ និង​ចេះ​ទប់ស្កាត់​បឋម​មុន​កម្លាំង​ជំនាញ​អន្តរាគមន៍​មកដល់ ។

អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​បិទ​ផ្សាយ​នូវ​លេខ​ទូរស័ព្ទ ​កម្លាំង​អន្តរាគមន៍​ប្រចាំការ​នៅតាម​ទីសាធារណៈ ទីប្រជុំជន​នា​ន​សម្រាប់​ប្រជា​ពល​ល​រដ្ឋ​ទំនាក់ទំនង​បាន​គ្រប់ពេលវេលា ។ របាយការណ៍​ឆ្នាំ២០១៦ បាន​បង្ហាញថា នៅ​ទូទាំង​ខេត្តរតនគិរី មាន​ករណី​អគ្គីភ័យ​កើតឡើង​ចំនួន ១៨លើក ធៀប​ជាមួយ​ឆ្នាំ២០១៥ មានការ​ថយចុះ ០៩ លើក ។  ករណី​ទាំងនោះ​បណ្តាល​ឲ្យ​ខូចខាត​ទ្រព្យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ០៥ ខ្នង ប្រាក់​ដុល្លារ ៤,៥៣០ដុល្លារ ប្រាក់រៀល ៨លាន​រៀល និង​សំភារៈ​មួយចំនួនទៀត ៕