កាលពីថ្ងៃទី០១ ខែមីនានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើក សន្និសីទអន្តរជាតិ ថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក ស្តីពីការអភិវឌ្ឍកុមារតូច នៅសណ្ឋាគារអង្គរអេរ៉ាទី ក្រុងសៀមរាប ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា។ សន្និសីទនេះ មានការចូលរួមពីប្រតិភូអន្តរជាតិជាន់ខ្ពស់មកពីប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងប្រតិភូជាតិមកពីក្រសួងស្ថាប័នពាក់ព័ន្ធការអប់រំកុមារមួយចំនួនក្នុងប្រទេសកម្ពុជាផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី មានសេចក្តីសោមនស្សរីករាយ និងបានស្វាគមន៍ ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ ដែលបានយកចិត្តទុកដាក់លើសុខសុវត្ថិភាព និងសុខុមាលភាពរបស់កុមារ តាមរយៈការរៀបចំសន្និសីទនេះ។
ចំពោះកម្ពុជាវិញគឺចាប់តាំងពីរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បាន នៅថ្ងៃ៧ មករា ១៩៧៩ គឺកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចគាំពារកុមារ ព្រមទាំងបានចែងនៅក្នុងរដ្ឋធម្មនុញ្ញជាតិទៀតផង។ កិច្ចគាំពារសំខាន់ៗមួយចំនួនដូចជា ការផ្តល់អាហារូបត្ថម្ភ ការបំបៅដោះម្តាយ ការអប់រំ និងការថែទាំសុខភាពជាដើម។ សន្និសីទអន្តរជាតិថ្នាក់តំបន់នេះគឺពិតជាមានសារសំខាន់ណាស់ក្នុងការគាំពារ និងជំរុញការអភិវឌ្ឍន៍កុមារតូច ប្រកបដោយសមធម៌ និងទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្ពោះទៅឆ្នាំ២០៣០ ដែលធានាថាគ្រប់កុមារតូចទាំងអស់ មានឱកាសទទួលបាននូវការអភិវឌ្ឍ និងគាំពារតាំងពីកុមារភាព។ ជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល គឺកុមារតូចទាំងអស់ត្រូវទទួលបាននូវការគាំពារ ការអប់រំកម្រិតមតេយ្យសិក្សា ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ឲ្យពួកគេទាំងអស់ត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរៀនទៅតាមកម្រិតនៃបឋមសិក្សា។
សម្តេចតេជោបានសង្កត់ធ្ងន់ផងដែរថា ទន្ទឹមនឹងការប្រជុំពិភាក្សាអំពីការថែទាំគាំពារកុមារ គឺត្រូវបន្ថែមសិទ្ធិរស់រានមានជីវិតរបស់កុមារផងដែរ។ ព្រោះដោយសារសង្គ្រាមនៅតាមបណ្តាប្រទេសមួយចំនួន គឺបានបណ្តាលអោយកុមារស្លាប់បាត់បង់ជីវិតយ៉ាងច្រើន ហើយតើនរណាទទួលខុសត្រូវលើបញ្ហានេះ? សម្តេចតេជោក៏បានអំពាវនាវដល់អង្គសន្និសីទ និងបណ្តាប្រទេសធំៗក្នុងពិភពលោកចូលរួមយកចិត្តទុកដាក់ និងទទួលខុសត្រូវអោយបានខ្ពស់ក្នុងកិច្ចការពារកុមារ ហើយមិនត្រូវទម្លាក់កំហុសមកលើតែប្រទេសតូចៗទន់ខ្សោយទេ។ សម្តេចតេជោ បានមានប្រសាសន៍អំពីកិច្ចគាំពារ និងអភិវឌ្ឍន៍កុមារតូចៗគឺជាបញ្ហាដែលត្រូវយកចិត្តទុកដាក់បំផុត ព្រោះកុមារតូចងាយប្រឈមនិងទទួលគ្រោះថ្នាក់ផ្សេង។ ដើម្បីសំរេចបាននូវគោលនយោបាយនេះទាមទាត្រូវមានយន្តការបទដ្ឋានគតិយុត្ត សំរាប់បង្កើតគណៈកម្មាធិការគាំពារ និងអភិវឌ្ឍន៍កុមារតូចៗ និងគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា រាជរដ្ឋាភិបាល ក៏បានជំរុញការផ្សព្វផ្សាយក្នុងការចិញ្ចឹមបីបាច់ថែរក្សាកុមារតាមរយៈការជំរុញបំបៅដោយទឹកដោះម្តាយ ឲ្យដល់៥៩ខែ ហើយក៏បានប្រឹងប្រែងជំរុញទប់ស្កាត់ជំងឺតម្កាត់ផ្សេងៗជាច្រើនផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនិងភរិយាព្រមទាំងក្រុមគ្រួសារ តែងបានយកចិត្តទុកដាក់ខ្ពស់ចំពោះកុមារកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក៏បានអំពាវនាវអោយក្រសួង ស្ថាប័ន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវចូលរួមចំណែកជំរុញ និងអនុវត្តគោលនយោបាយជាតិ ស្តីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូចៗអោយមានប្រសិទ្ធភាពខ្ពស់ ហើយត្រូវផ្សព្វផ្សាយអោយបានទូលំទូលាយដល់ប្រជាពលរដ្ឋ និងដៃគូអភិវឌ្ឍន៍នានា ក្នុងគោលបំណងលើកទឹកចិត្តអោយមានការចូលរួមអនុវត្តអោយបានជោគជ័យ។
បន្ទាប់ពីបានអញ្ជើញបើកសន្និសីទអន្តរជាតិថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក ស្តីពីការអភិវឌ្ឍកុមារតូចក្នុងខេត្តសៀមរាបរួចហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ ក្មួយៗ ចៅៗ សិស្សានុសិស្ស នៃវិទ្យាល័យសម្តេចឳ ស្ថិតក្នុងភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។ ដោយបានពិនិត្យឃើញនូវការខ្វះខាត និងតម្រូវការចាំបាច់ក្នុងសាលារៀននេះ សម្តេចតេជោ រួមនិងសប្បុរសជនបានសម្រេចផ្តល់ជូននូវ អគារសិក្សាថ្មី២ខ្នង កំពស់៣ជាន់ មាន៦០បន្ទប់ ក្នុងនោះមានបំពាក់ម៉ាស៊ីនកុំព្យួទ័រ ម៉ាស៊ីនបោះពុម្ភ២គ្រឿង ម៉ាស៊ីនថតចម្លង១គ្រឿង តុសិស្សចំនួន ៦០០តុ រៀបចំតារាងបាល់ទាត់ បាល់ទះ បាល់បោះ និងរៀបចំអោយមានកន្លែងអត្តពលកម្ម ព្រមទាំងបានផ្តល់ប្រាក់ឧបត្ថម្ភ ១០លានរៀលសំរាប់សាលារៀបចំពិធី ទិវាសិទ្ធិនារី ៨មីនា ខាងមុខនេះផងដែរ ៕
សូមទស្សនាវីដេអូខាងក្រោម