ភ្នំពេញ៖ បន្ទាប់ពី​បើកសវនាការ នៅ​ព្រឹក​ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ប្រកាស​សាលក្រម នៃ​សំណុំរឿង លោក «ជួប សម្លាប់» នៅ​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក លី សុ​ផា​ណា អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ។ លោក លី សុ​ផា​ណា បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «ក្រោយពី​បញ្ចប់​សវនាការ​រឿងក្តី​ឃាតកម្ម​លើ​លោក កែម ឡី នា​ថ្ងៃនេះ សាលាដំបូង​នឹង​ប្រកាស​សាលក្រម នៅ​ថ្ងៃទី២៣ ខែមីនា​ឆ្នាំ២០១៧ ពេលព្រឹក»។ សវនាការ​​នេះ​ដឹកនាំដោយ​លោក លាង សំណាត់ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និងលោក លី សុ​ផា​ណា ជា​តំណាង​អយ្យការ។

ជនជាប់ចោទ​មាន​មេធាវី​ការពារ​ក្ដី​តាមផ្លូវ​ច្បាប់ គឺលោក​ យុង ​ផានិត ​ប្រធាន​នាយកដ្ឋាន​ការពារ​ក្ដី​ជូន​ជនក្រីក្រ ​នៃ​គណៈមេធាវី។ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នាពេល​កន្លងទៅ បានសម្រេច​ចោទប្រកាន់ «ជួប សម្លាប់» ចំនួន២ករណី ក្នុងនោះ​រួមមាន​បទ​ឃាតកម្ម​គិតទុក​ជាមុន និងបទ​កាន់កាប់​អាវុធ​គ្មាន​ការអនុញ្ញាត។ នៅក្នុង​សវនាការ​នេះ «ជួប សម្លាប់» បាន​សារភាពថា ខ្លួន​ជា​អ្នកបាញ់​សម្លាប់ លោក​បណ្ឌិត កែម ឡី ដោយសារ​ខឹង​លោក កែម ឡី ជំពាក់​ប្រាក់​មិន​សង ហើយ​អះអាងថា គ្មាន​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ឃាតកម្ម​នេះនោះ​ទេ។

គួរ​បញ្ជាក់ថា អឿ​ត អាង ហៅ ជួប សម្លាប់ អាយុ៣៨ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួនភ្លាមៗ ក្រោយពី​បាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី កាលពី​វេលា​ម៉ោង៨៖៥០នាទី ព្រឹក​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅ​ចំណុច​ក្នុង​ទីតាំង​ស្តារ​ម៉ា​ត នៃ​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិចបូកគោ ស្ថិតនៅ​កាច់ជ្រុង​មហាវិថី​ព្រះមុនីវង្ស និង​មហាវិថី​ម៉ៅ​សេទុង ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន៕

សូមទស្សនាវីដេអូខាងក្រោម