ភ្នំពេញ៖ នា​ព្រឹក​ថ្ងៃទី៩ ខែ​មិនា ឆ្នាំ២០១៧ នៅ​សាល​តំកល់​សាកសព ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ ក្រុមគ្រួសារ​យុវជន​រងគ្រោះ​ ដោយសារ​នគរ​បាល​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នរគ​បាល​ខេត្តតាកែវ បាន​បាញ់សម្លាប់​ពី​ខាងក្រោយ​ក្បាល​បែក​លលា​ ដ៏​ធ្លាយ​ខួរ​ស្លាប់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ។ យុវជន​រងគ្រោះ​មានឈ្មោះ ហឿន សូ​យ​ទ្រី ភេទ​ប្រុស អាយុ២១ឆ្នាំ មុខរបរ​កសិករ ​នៅផ្ទះ​មើល​គោ មាន​ភូមិកំណើត​និង​ស្នាក់នៅ​ភូមិ​ត្រពាំងវែង ឃុំ​បឹង​ត្រាញ់​ខាងត្បូង ស្រុក​សំរោង ខេត្តតាកែវ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ពី​ម៉ោង២ព្រឹក ថ្ងៃទី៩ ខែ​មិនា ឆ្នាំ២០១៧ ។

តាម​សំដី​ឪពុក​យុវជន​រងគ្រោះ ​មានឈ្មោះ ហម សារី ភេទ​ប្រុស អាយុ៥៥ឆ្នាំ មុខរបរ​កាប់​គោល​ក់នៅ​ផ្សារ​ថ្នល់​បត់ បាន​ប្រាប់​អោយដឹងថា នៅ​ម៉ោង៦ល្ងាច ថ្ងៃទី៨ ខែ​មិនា ឆ្នាំ២០១៧ ជា​ពេលបាយ​ល្ងាច ដោយ​ម្តាយ​បាន​ទិញ​ត្រីឆ្អើរ​ ដើម្បី​ធ្វើ​ម្ហូប​បុក​ស្វាយ​ត្រីឆ្អើរ គាត់​ក៏បាន​ប្រើ​កូនរង​គ្រោះ​ឈ្មោះ​ សូ​យ​ ទ្រី ​ទៅ​បេះ​ផ្លែស្វាយ​ដែល​នៅ​ខាងក្រោយ​ផ្ទះ ​ចំងាយ​ប្រហែល២៥ម៉ែត្រ ។ ក៏មាន​រថយន្ត​ម៉ាក​ធុន​ត្រា ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ 2W-9972 មាន​គ្នា​ចំនួន​ប្រហែល៧នាក់ ដោយមាន​ម្នាក់​ពាក់​អាវយឺត​ស ជា​អ្នកបើករថយន្ត​បាន​និយាយថា ​ខ្លួន​ជា​ព្រះរាជអាជ្ញា​ខេត្តតាកែវ បាន​ចុះ​ចាប់​ដោះ​ខ្នោះ​កូន​គាត់ និងបាន​បាញ់​មួយ​គ្រាប់ បណ្តាលអោយ​កូន​គាត់​លុតជង្គង់​ចុះទៅ​ដី ថែមទាំង​លើកដៃ​សំពះអង្វរ​ទាំង​ដៃ​ទាំង២នៅជាប់​ខ្នោះ តែ​ក្បាល​របស់​កូន​គាត់​ត្រូវបាន​រុំ​រួចជាស្រេច ។

លោក​បាន​បន្តទៀតថា នៅពេល​លឺ​សំឡេង​គ្រាប់កាំភ្លើង គាត់​ក៏បានរ​ត់ទៅ​សួរនាំ​ ដោយ​នឹកស្មាន​តែ​ខាង​ជន​ស្លៀកពាក់​ជា​ស៊ីវិល បាញ់​ទៅលើ​ដើម្បី​គម្រាម​និង​វាយ​ក្បាល​កូន​គាត់​ដោយ​ស្នាប់​កាំភ្លើង​ទេ ។ ដោយ​មួយសន្ទុះ​កូន​គាត់​មាន​សភាព​បាត់បង់​ស្មារតី គាត់​ជា​ឪពុក​ក៏បាន​សុំ​យក​កូន​ទៅ​ព្យាបាល​នៅ​ពេទ្យ​ជិត​ផ្ទះ ត្រូវបាន​លោកគ្រូ​ពេទ្យ​ប្រាប់ថា មិនអាច​ព្យាបាល​បានទេ ក៏​ខាង​សមត្ថកិច្ច​យក​កូន​គាត់​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ​ ទាំង​ដៃ​នៅជាប់​ខ្នោះ តែ​សមត្ថកិច្ច​និង​ព្រះរាជអាជ្ញា​ដែល​ចុះមក​បង្ក្រាប​នោះ​ មិនបាន​ឆែក​ឃើញ​គ្រឿងញៀន​សូម្បីតែ​បន្តិច រហូតដល់​មន្ទីរពេទ្យ​បង្អែក​ខេត្តតាកែវ ខាង​សមត្ថកិច្ច​ទាំងនោះ​បាន​ដោះ​ខ្នោះដៃ​ហើយ​ក៏បាន​គេចខ្លួនបាត់​ស្រមោល​ទាំងអស់​តែម្តង ។ ពេល​ដែរ​លោកគ្រូ​ពេទ្យ​បង្អែក​ខេត្តតាកែវ​បាន​ប្រាប់ថា កូន​របស់គាត់​មិនអាច​សង្គ្រោះ​បានទេ ​ទាល់តែ​យកទៅ​មន្ទីរពេទ្យ​នៅ​ភ្នំពេញ ។ គាត់​ជា​ឪពុក​បាន​ជួល​រថយន្ត​ ដឹក​កូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ ​នៅ​ម៉ោង៨យប់ ថ្ងៃទី៨ ខែ​មិនា ឆ្នាំ២០១៧ រហូតដល់​ម៉ោង២ព្រឹក ថ្ងៃទី៩ ខែ​មិនា ឆ្នាំ២០១៧ កូន​របស់គាត់​បាន​បាត់បង់​ជីវិត​ទៅហើយ ។

គាត់​បាន​រៀបរាប់​ដំណើររឿង ដោយ​មិន​យល់ថា​ហេតុអ្វី​ បានជា​នគរ​បាល​សម្រេចចិត្ត​បាញ់សម្លាប់​កូន​របស់គាត់? គាត់​បាន​ប្រាប់ថា កូន​របស់គាត់​ធ្លាប់ប្រើ​ប្រាស់​គ្រឿងញៀន​ពីមុនមក បន្ទាប់មក​ដោយបាន​ធ្វើ​ការអប់រំ​និង​ឈប់​ប្រើប្រាស់​អស់​រយះពេល​ជាច្រើន​ឆ្នាំ តើ​នៅតែ​ខុស​ទៀត​ឬអ្វី? តើ​កូន​គាត់​ប្រើប្រាស់​គ្រឿងញៀន​ មានទោស​ដល់​បាញ់សម្លាប់​ឬអ្វី? គាត់​ជា​ក្រុមគ្រួសារ​ដែល​កូន ​ត្រូវបាន​ក្រុម​សមត្ថកិច្ច​និង​ព្រះរាជអាជ្ញា ​ដែល​ជិះ​រថយន្ត​ម៉ាក​ធុន​ត្រា ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ 2W-9972 មក​បាញ់សម្លាប់​កូន​គាត់​ដោយ​ចោទថា​ បាន​តដៃ​ សមត្ថកិច្ចទាំងខ្លួន គ្នា​ជាប់​ខ្នោះ និងគ្មានវត្ថុតាងជា​គ្រឿងញៀន​បន្តិច​ណា​សោះ។ ឪពុក​ជនរងគ្រោះ ​លើកដៃ​សំពះអង្វរ​ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជួយ​រក​យុត្តិធម៌​ជួនកូនប្រុសគាត់​ផង ៕

សូមទស្សនាវីដេអូខាងក្រោម