ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បាន​ជិះទូក​ម៉ាស៊ីន១គ្រឿង​ នាំគ្នា​ទៅ​ងូតទឹក​លេង​នៅត្រង់​កោះ​កណ្តាលទន្លេ ដោយបាន​ងូតទឹក​លេង​សប្បាយ។ តែ​ចៃដន្យ​ក៏​បណ្តាលឱ្យ​លង់២នាក់​ឪពុក និង​កូនតូច​អាយុ៨ឆ្នាំ នៅ​ថ្ងៃទី២៣ មេសា ឆ្នាំ២០១៧ វេលា​ម៉ោង១ និង២០នាទី​រសៀល នៅ​ចំណុច​មាត់ទន្លេ​មេគង្គ​ ចុង​កោះ​កណ្តាល ទល់មុខ​ភូមិ​សំបួរមាស(ខ) ឃុំ​ពាមជីកង ស្រុក​កងមាស បង្កឱ្យមាន​ការភ្ញាក់ផ្អើល មាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​នាំគ្នា​តាមរក​សព​ដោយ​សស្រាក់សស្រាំ​ផងដែរ។

លោក​វរៈសេនីយ៍ត្រី មាន ស៊ី​ណាត អធិការ​ង​នគរបាល​ស្រុក​កងមាស​ប្រាប់​ឱ្យដឹងថា បងប្អូន​ប្រជាពលរដ្ឋ​បាននាំគ្នា​ទៅលេង​កោះ នៅ​កណ្តាលទន្លេ​ដែល​ប្រជាជន​បាន​ដាំ​បន្លែ​នៅ​ទីនោះជាច្រើន​មុខ​ ដើម្បី​លក់​ដោះស្រាយ​ជីវភាព​គ្រួសារ។ ហើយ​បាននាំគ្នា​ងូតទឹក​ទន្លេ​លេង តែ​ចៃដន្យ​បណ្តាលឱ្យ​លង់២នាក់​ឪពុក និង​កូនតូច​នោះ។

លោក​អធិការរង​រូបនេះ​ប្រាប់​បន្តថា ជន​ដែល​លង់ទឹក​ស្លាប់មាន ១-ឈ្មោះ ទូច ស៊ុន​ណេង ភេទ​ប្រុស អាយុ៤២ឆ្នាំ(ឪពុក) ២-ឈ្មោះ សាន សុ​វណ្ណា​រ៉ុង ភេទ​ប្រុស អាយុ៨ឆ្នាំ(កូន) មាន​ទីលំនៅ​ភូមិ​សំបួរមាស(ខ) ឃុំ​ពាមជីកង ស្រុក​កងមាស ក្នុងពេលនោះម្នាក់ៗបាននាំគ្នា​តាម​រាវរក​មាន​ជិះទូក​ចេញពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ក្រោម​សំឡេង​យំទួញសោក​ពី​សាច់ញាតិ​អ្នក​ដែល​ស្លាប់​នោះ។

បន្ទាប់មកទៀត ​ក្រោយពី​កិច្ចខិតខំ​ប្រឹងរក​នោះ នៅវេលា​ម៉ោងជាង២រសៀល​ បាន​រកឃើញ​សព​ក្មេង​តូច ចំណែក​សព​ឪពុក​បាន​រក​ឃើញ​នៅ​ព្រឹក​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ​ ហើយត្រូវបាន​ប្រគល់ឱ្យ​សាច់ញាតិ​ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

សូមទស្សនាវីដេអូខាងក្រោម