David De Gea គឺ​ជា​កីឡាករ​ក្នុង ​Premier League ​ម្នាក់​គត់​ប៉ុណ្ណោះ ​ដែល​ល្អ​គ្រប់​គ្រាន់​សម្រាប់​លេង​ឲ្យ ​Real Madrid ។ នេះ​គឺ​ជា​សម្ដី​របស់​អតីត​ខ្សែ​ការពារ​ក្លឹប ​Man Utd, ​Everton និង​ជម្រើស​ជាតិ​អង់គ្លេស​លោក Phil Neville ដែល​បាន​និយាយ​រិះគន់​ស្តង់ដារ​ទូទៅ​នៃ​ក្រប​ខណ្ឌ​បាល់ទាត់​អង់គ្លេស។

ក្រុម​របស់​លោក Zindine Zidane កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ម្ដង​ទៀត ពាន​រង្វាន់​២​ គឺ​ La liga និង ​Champions League។ បន្ទាប់​ពី​បាន​មើល​ក្រុម​ជើង​ឯក​១១​សម័យ​កាល​មួយ​នេះ​បំបាក់​ AT. Madrid ៣​ទល់​០​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ជើង​ទី​មួយ​ Neville ជឿ​ថា​មាន​តែ​កីឡាករ​ក្នុង​ Premier League ម្នាក់​ប៉ុណ្ណោះ​ដែល​អាច​ជាប់​ជម្រើស​ដំបូង​១១​នាក់​របស់ ​Real Madrid បាន​។

“ ខ្ញុំ​បាន​ទៅ​មើល​ការ​ប្រកួត​ផ្ទាល់​នៅ ​Bernabeu ដែល ​Real Madrid លេង​ជាមួយ ​Atletico ក្នុង​ Champions League ហើយ​ខ្ញុំ​ឃើញ​ថា ​Real Madrid លេង​ក្នុង​កម្រិត​មួយ​ខ្ពស់​ ដែល​ខ្ញុំ​គិត​ថា​គ្មាន​កីឡាករ​ណា​ម្នាក់​នៅ​Premier League ​អាច​ល្អ​គ្រប់​គ្រាន់​ សម្រាប់​ពួក​គេ​ឡើយ។ អតីត​កីឡាករ​វ័យ​៤០​ឆ្នាំ​និយាយ​ក្នុង​កម្មវិធី​ទូរទស្សន៍ Match of the Day ។

“ វា​គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​ទេ ​ដែល​ក្រុម​របស់​ពួក​យើង ​(Premier League)មិន​មាន​នរណា​មួយ​បាន​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ Champions League។ ខ្ញុំ​បាន​មើល​ទៅ ​Real Madrid ហើយ​ខ្ញុំ​គិត​ តើ​មាន​កីឡាករ​ប៉ុន្មាន​នាក់ក្នុង ​Premier League អាច​ទៅ​លេង​នៅ​ទីនោះ ​ដោយ​ជាប់​ជម្រើស​ដំបូង​១១​នាក់។ បើ​តាម​ខ្ញុំ​គិត​មាន​តែ​ម្នាក់​ទេ​គឺ អ្នក​ចាំ​ទី ​David De Gea ហើយ​ខ្ញុំ​មិន​គិត​ថា ​Keylor Navas ល្អ​ជាង​នោះ​ទេ​ អ្នក​ទាំង​ពីរ​ល្អ​ស្មើ​គ្នា។ ក្រៅ​ពី​នេះ​ខ្ញុំ​គ្មាន​ឃើញ​នរណា​ល្អ​ជាង​នេះ​ទៀត​ឡើយ។”

ចុង​ក្រោយ​អតីត​កីឡាករ​ជោគជ័យ​ក្នុង​ក្រុម​ Man Utd កាល​ពី​ជាង​១៥​ឆ្នាំ​មុន​ បាន​និយាយ​ផ្ដាំផ្ញើ​ថា​៖ ” យើង​មាន​លុយ​ច្រើន​ជាង​គេ​បំផុត​ ក្នុង​ពិភពលោក​ហើយ​ កីឡដ្ឋាន​ល្អ​ៗ​ជាង​គេ​ក៏​មាន​ដែរ​ ពិសេស​​ទាំង​បច្ចេកទេស​ និង​សម្ភារៈ​ហ្វឹក​ហាត់​ល្អ​ ប៉ុន្តែ​យើង​ត្រូវ​ពង្រឹង​កម្រិត​លេង​ឲ្យ​បាន​ខ្លាំង​ជាង​នេះ​ទៀត​។ ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ​ខ្ញុំ​បាន​មើល​ ​Premier League តែ​មើល​​អត់​ចប់​ទេ​ខ្ញុំ​បិទ​ទូរទស្សន៍​ដោយ​សារ​គួរ​ឲ្យធុញ​ទ្រាន់​ពេក”៕

អត្ថបទ Kqube