ខេត្តកណ្តាល៖ ក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់ នៅពេលទៅតាម​ម្តាយ​បោក​ខោអាវ​ នៅចំណុច​មាត់​ច្រាំងទន្លេ​ ក្នុងភូមិ​កោះ​រះលើ ឃុំ​កោះ​រះ ស្រុក​ល្វាឯម ខេត្តកណ្តាល កាល​ថ្ងៃទី២០ ​ខែ​ឧសភា​​ ឆ្មាំ​២០១៧​ វេលា១៧.០០ នាទី។ បើតាម​លោក​វរៈសេនីយ៍​ទោ ហេង សុផល អធិការស្រុក​ល្វាឯមបានឱ្យដឹងថា៖ ក្មេងប្រុសរង​គ្រោះឈ្មោះ វ៉ន ចាន់ថា អាយុ៣ឆ្នាំ​ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​កោៈ​រះ​លើ ឃុំ​កោះ​រះ​ស្រុក​ល្វាឯម ​ខេត្តកណ្តាល រស់នៅ​ក្នុងបន្ទុក​ក្រុមគ្រួសារ។

លោក ​ហេង សុផល បាន​បន្តថា ៖ នៅមុន​ពេលកើតហេតុ​ខាងលើ ​​​ម្តាយកុមាររងគ្រោះ ឈ្មោះ យិ​ន ហ៊ីម បានយក​ខោអាវ​ទៅបោកគក់​នៅ​មាត់ទន្លេ​ក្រោយ​ផ្ទះ ​និងកូន ឈ្មោះ វ៉ន  ចាន់ថា បាន​ទៅជាមួយ​ម្តាយបោកគក់​ខោអាវ​ដែរ ស្រាប់តែ​បានមួយសន្ទុះ​​ក្រោយមកម្តាយ បានរកមើល កូនតែមិនឃើញកូន ហើយក៏​បានមក​ប្រាប់​អ្នកជិតខាង​ថា កូនគាត់​លង់ទឹក​បាត់ហើយ បងប្អូន​ជិតខាង​ក៏បាន​ទៅ​ជួយរក​តែ​រក​មិនឃើញ។

លោកអធិការ​ស្រុក​បា​បន្តទៀតថា៖ លុះ​មកដល់​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ នៅវេលា​ម៉ោង​១១.០០ នាទី​ថ្ងៃ បាន​រកឃើញសាកសព នៅចំ​ណុចមាត់ច្រាំង ទន្លេ​វាល​តាសេក​ក្នុងភូមិ​កោះ​រះ​ក្រោម ​ឃុំ​កោះ​រះ​ ស្រុក​ល្វាឯម​ ខេត្តកណ្តាល។ ក្រោយពី​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​​បច្ចេក​ទេស​ស្រុក​​ និង​មាន​អាជ្ញាធរ​​ភូមិ អាជ្ញាធរ​ឃុំ​ និង​លោក​គ្រួ​ពេទ្យ​ ចុះ​ធ្វើការ​ត្រួតពិនិត្យ បាន​ស​ន្និ​ដ្ឋា​ន​ថា ​ជនរងគ្រោះ​ពិតជា​លង់ទឹក​មែន ហើយ​បានប្រគល់​សាកសព​ ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រ​ពៃណី៕