ភ្នំពេញ ៖ យុវជន​ម្នាក់សង្ស័យ​បែក​ថ្នាំ​ដល់​កំពូល លែង​ដឹង​ខុសត្រូវ រហូតដល់ទាញ​កាំបិត​ដេញ​កាប់​ឪពុកម្តាយ ជា​អ្នកមានគុណ បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ បង្ក​ឲ្យ​ក្រុមគ្រួសារ​ទទួលរង​ការភិតភ័យ​រត់​ចែក​ជើង​គ្នា ហើយ​ទើប​ប្តឹង​ប៉ូលីស​ចាប់ខ្លួន ចូល​ប៉ុស្តិ៍​ចោមចៅ កាលពី​វេលា​ម៉ោង៥ល្ងាច​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅ​បុរី​សុខសាន្ត ភូមិ​ព្រៃ​ព្រីង​ត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

យុវជន​ខាងលើ​មានឈ្មោះ ញឹក សុផាន់​ណា អាយុ៣៣ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ផ្ទះ​កើតហេតុ​ខាងលើ មាន​ស្រុកកំណើត​ភូមិ​ស្មៅ​ខ្ចី ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ ។ តាម​ឪពុកម្តាយ​របស់​យុវជន​ខាងលើ​បាន​ឲ្យ​ដឹងថា កូនប្រុស​របស់គាត់​ម្នាក់​នេះ លែង​ស្តាប់​ដំបូន្មាន ឪពុកម្តាយ កន្លងមកតែងតែ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ជា​ញឹកញាប់ បង្កបញ្ហា​ក្នុង​គ្រួសារ ក៏​ដោយសារ​ចូលខ្លួន​ប្រឡូក​ក្នុង​ល្បែង​គ្រឿងញៀន រហូតដល់​លែង​ស្គាល់​គុណ​ទោស​បុណ្យ​បាប លែង​ស្គាល់​ឪពុកម្តាយ បង្ក​ហឹ​ង្សា​ក្នុង​គ្រួសារ យក​កាំបិត​ដេញ​កាប់ឪពុកម្តាយ បង្ក​ឲ្យ​ភ័យខ្លាច ។

ប្រភព​បន្តទៀតថា នៅវេលា​ម៉ោង៤និង១០នាទី​រសៀល​ថ្ងៃទី២៩ នេះ ដោយអំណាច​នៃ​គ្រឿង​ញៀន ធ្វើ​ឲ្យ​កូនប្រុស​រូបនេះ​ហ៊ាន​យក​កាំបិត ដេញ​កាប់ឪពុកម្តាយ បង្ក​ឲ្យ​ភិតភ័យរត់​ចែក​ជើង​គ្នាទ្រាំលែងបាន ប្តឹង​នគរបាល​ចាប់​ឃាត់ខ្លួន​តែម្តង ។ ក្រោយពី​ចាប់​ឃាត់ខ្លួន​បាន ជនបង្ក​បញ្ហា​ខាងលើ នាំខ្លួន​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគ​បាល​ចោមចៅ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ៕

សូមទស្សនាវីដេអូខាងក្រោម