អង់គ្លេស៖ ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងឡុងដ៍ បានសម្ដែងការគោរពយ៉ាងជ្រាលជ្រៅ ដើម្បីកាន់មរណៈទុក្ខចំពោះជនរងគ្រោះ ពីការវាយប្រហារកាលពីថ្ងៃចន្ទ។ មនុស្សរាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នាលើមាត់ទន្លេ Thames ដើម្បីបង្ហាញការគោរពរបស់ពួកគេចំពោះជនរងគ្រោះ ដែលមានចម្ងាយប៉ុន្មានរយម៉ែត្រប៉ុណ្ណោះ ពីកន្លែងក្រុមសកម្មប្រយុទ្ធ ៣នាក់បើករថយន្តបំបុក ចូលហ្វូងមនុស្សកំពុងដើរតាមផ្លូវលើស្ពានទីក្រុងឡុងដ៍ ឬ London Bridge មុនពេលសម្រុក ចូលទៅចាក់អ្នកទៅលេងក្នុងក្លឹបកម្សាន្ត រាត្រីកាលពីថ្ងៃសៅរ៍សម្លាប់មនុស្ស ៧នាក់។

មនុស្សគ្រប់វ័យបានទៅចូលរួមទាំងមេឃកំពុងរលឹម ដើម្បីបង្ហាញការគោរពទន្ទឹមនឹងការបង្ហូរ ទឹកភ្នែក អំឡុងភាពស្ងៀមស្ងាត់មួយនាទីសម្រាប់ជនរងគ្រោះ និងលុតជង្គង់ដាក់បាច់ផ្កាផង។ អ្នកកាន់មរណៈទុក្ខបានកាន់សញ្ញាព្រមជាមួយអក្សរជាសារដូចជា «ការស្អប់ខ្ពើមនឹងមិនបំបែក ពួកយើងបានឡើយ និងក្រោកឈដើម្បីប្រឆាំងការរើសអើង» ខណៈអ្នកផ្សេងទៀតកាន់ប៉េង ប៉ោងមានរាងជាបេះដូងជាដើម។

អភិបាលក្រុងឡុងដ៍លោក Sadiq Khan ដែលជាអភិបាល ក្រុងលើកដំបូងកាន់សាសនាអ៊ីស្លាម នៃរដ្ឋធានីដ៏សំខាន់នៅភាគខាងលិចប្រទេស បាន និយាយថា ក្រុមអ៊ីស្លាមជ្រុលនិយមដែលដាក់គោលដៅលើជនស៊ីវិលក្នុង ក្លឹបកម្សាន្តរាត្រី និង ភោជនីយដ្ឋានជាមនុស្សគួរឲ្យស្អប់ខ្លាំងបំផុត ហើយទីក្រុងនេះ នឹងក្រោកតតាំងប្រឆាំងការ វាយប្រហារនេះ៕

សូមទស្សនាវីដេអូខាងក្រោម