ខេត្តកណ្តាល៖ ថវិកានិងគ្រឿងឧបភោគបរិភោគ ដែលបានមកពីការបរិច្ចាករបស់សប្បុរសជន និងក្រុមអ្នកសារព័ត៌មានខេត្តកណ្តាល ព្រមទាំងរដ្ឋបាលក្រុងតាខ្មៅ ត្រូវបាននាំទៅប្រគល់ជូនជនឥតទីពឹង ដែលស្នាក់នៅក្នុងវត្តក្រពើហារ៖ កាលពីរសៀលថ្ងៃទី២៥ កក្តដា ២០១៧ នេះ អភិបាលក្រុងតាខ្មៅ រួមជាមួយក្រុមអ្នក សារព័ត៌មានក្នុងខេត្តកណ្តាល បាននាំយកនូវគ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកាចំនួន ២០៤០០០០រៀល ( ពីរលានបួនម៉ឺនរៀល ) ជូនលោកតា បឿន ផយប៉យ អាយុ៨៥ឆ្នាំ និងលោកយាយ លឿង ឡាយ អាយុ៩៨ឆ្នាំ ព្រមទាំងលោកយាយ សឿង សយ អាយុ៨៨ឆ្នាំ ដែលកំពុងស្នាក់នៅក្នុងវត្តប្រជុំនន្ទី ហៅវត្តក្រពើហា ដែលស្ថិតនៅក្នុងភូមិក្រពើហាលិច សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

សប្បុរសជនដែលបានចូលរួមឧបត្ថមក្នុងការចែករំលែកទាននេះ រួមមាន ឯកឧត្តម ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ថវិកាចំនួន១លានរៀល ឯកឧត្តម ហេង ចាន់ធួន អនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ចំនួន២០ម៉ឺនរៀល លោក ឈឿន ប៊ុនឆន អនុប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ ចំនួន២០ម៉ឺនរៀល លោក ងួន វុទ្ធី អនុប្រធានសាលាដំបូងខេត្តកណ្តាល ចំនួន៨ម៉ឺនរៀល លោក ឡេន ជីន អាជីវករ២០ម៉ឺនរៀល លោក ហេង ធៀម អភិបាលក្រុងតាខ្មៅ អង្ករ៥០គីឡូក្រាម ត្រីខ២យួរ ទឹកបរិសុទ្ធ១កេស លោក ស៊ិន សាវ៉េត នាយប៉ុស្តិនគរបាលព្រែកឬស្សី៣ម៉ឺនរៀល លោក ឡេង គឹមស៊្រុង ១០ម៉ឺនរៀល លោក ពុជ វណ្ណៈ បុគ្គលិកទូរទស្សន៍ហង្សមាសប្រចាំខេត្តកណ្តាល ៤ម៉ឹនរៀល លោក ទុយ សារ៉ាយ ទូរទស្សន៍ប៉ុស្តិលេខ៩ ចំនួន៨ម៉ឺនរៀល លោក ធឿន វុទ្ធី ទូរទស្សន៍ប៉ុស្តិលេខ៨ ចំនួន២ម៉ឺនរៀល លោក ចាន់ មុនី កាសែតកម្ពុជាថ្មី ២ម៉ឺនរៀល លោក ឈឺន ធា កាសែតកោះសន្តិភាព ២ម៉ឺនរៀល លោក ខាត់ សុខឿន ទូរទស្សន៍អប្សរា ២ម៉ឺន លោក ចាន់ ថន កាសែតរស្មីកម្ពុជាខេត្តព្រៃវែង ៣ម៉ឺនរៀល។

លោក ហេង ធៀម អភិបាលក្រុងតាខ្មៅ បានមានប្រសាសន៍ថា លោកពិតជាមានក្តីរំភើបណាស់ នៅពេលដែលឃើញ ក្រុមអ្នកសារព័ត៌មានបានផ្តួចផ្តើមនិងរៃអង្គាសគ្នា ចែករំលែកនូវទានជូនដល់ចាស់ជរាឥទីពឹងយ៉ាងដូច្នេះ ហើយក៏សូមថ្លែងអំណរគុណដល់សប្បុរ សជនទាំងអស់ផងដែរ ដែលបានរួមគ្នាចែករំលែកសម្រាប់ជនដែលទីទាល់ក្រ ឥតទីពឹងដូច្នេះ។

គួរបញ្ជាក់ដែរ ថាលោកតា និងលោកយាយទាំង៣នាក់ ជាចាស់ជរាគ្មានកូនចៅឥតទីពឹង និងស្នាក់នៅក្នុងវត្តក្រពើហារ ហើយមិនអាចដើររួចថែមទៀតផង ជាពិសេសគឺលោកតា បឿន ផយប៉យ គឺត្រូវបានក្មួយដឹកយកទៅទម្លាក់ចោល នៅក្រោមស្ពានព្រែកសំរោង កាលពីចុងខែមករា ២០១៧ កន្លងទៅ ហើយត្រូវបានព្រះសង្ឃ នាំយកមកមើលថែរហូតមក៕

សូមទស្សនាវីដេអូខាងក្រោម