ខេត្តកណ្តាល៖ ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្អាង ​ពិសេស​អ្នក​ដាំ​ខ្ទឹម​កំពុងតែ​រីករាយ​ ជាមួយ​ហ្នឹង​ការទទួលបាន​ទិន្នផល​ខ្ពស់​ហើយ​លក់បាន​ថ្លៃ​ ក្នុង​មួយ​ហិច​តា​បាន​ប្រមាណ​ជាង៤០លាន​រៀល។ អ្នកស្រី ​ថូ​ រី​ កសិករ​ដាំ​ខ្ទឹម​នៅ​ភូមិ​ព្រែក​ខ្មែរ​ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង​ បានឱ្យដឹងថា ​អ្នកស្រី​មាន​ផ្ទៃដី​ប្រមាណ៥០អា ​ហើយ​បាន​ចាប់​របរ​ដាំ​បន្លែ ​ជាពិសេស​ដំណាំ​ខ្ទឹម​នេះ​ជិត១០ឆ្នាំ​មកហើយ។ ហើយ​កសិករ​ក្នុង​ឃុំ​របស់គាត់​នេះ​ គឺ​ជាង២០%ហើយ​ ដែល​ចាប់យក​របរ​ដាំ​ខ្ទឹម​នេះ​ក្រៅពីនោះ​ដាំ​បន្លែ​ចម្រុះ​ហើយ​ជាទូទៅ​ គាត់​ប្រើ​ពូជ​អស់​ជាង៦០០គីឡូក្រាម ​ហើយ​ទទួល​ទិន្នផល​មកវិញ​ជាង៣ទៅ៤តោន។ កសិករ​រូបនេះ​បាន​បន្តថា​ ឆ្នាំនេះ​គឺ​ហាក់បីដូច​អំណោយផល​ល្អ​ណាស់​ ចំពោះ​ដំណាំ​ខ្ទឹម ​ឯ​តម្លៃ​នោះ​ទៀតសោត​ ក៏​គ្រាន់បើ​ជាង​ឆ្នាំ​កន្លងទៅ​ដែរ។ កាលពី​រដូវ​សម្រក​ខ្ទឹម​បាន​តម្លៃ​ប្រមាណ​ពី២០០០ ទៅ២៥០០រៀល​ប៉ុណ្ណោះ​ ប៉ុន្តែ​ឥឡូវនេះ​គឺ​មួយ​គីឡូក្រាម​បាន​ថ្លៃ​ពី៣៥០០ទៅ៤០០០រៀល​នេះ​ សម្រាប់​ខ្ទឹម​ដែល​ដក​ពី​ដី​ភ្លាម ​តែបើ​កដក​ហើយ​បកសំបក​ស្អាត​នោះ ​គឺ​បាន​តម្លៃ​ដល់​ទៅ​ពី៣៥០០ ទៅ៤៥០០រៀល​ឯណោះ។

ចំណែកឯ​លោក​ ដុក ​ភា​ កសិករ​នៅ​ភូមិ​ពាម​សាលា ឃុំ​ស្អាង​ភ្នំ ​ក៏បាន​ប្រាប់​ដែរ​ថា​ តម្លៃ​ខ្ទឹម​ឆ្នាំនេះ​ចុះបើធៀប​នៅ​នឹងឆ្នាំទៅ ហើយ​ទិន្នផល​ក៏បាន​ខ្ពស់​គួរសម​ដែរ​ ធ្វើឱ្យ​ពួកគាត់​ជា​កសិករ​បាន​ប្រាក់ចំណេញ​គ្រាន់បើ។ កសិករ​ដដែល​ក៏បាន​ប្រាប់​អំពី​វិធីសាស្ត្រ​ដាំ​ផងដែរ​ថា ​ខ្ទឹម​ជា​ដំណាំ​មួយ​ប្រភេទ​មិន​ពិបាក​ថែ​ទាំង​ណាស់ណា​នោះទេ​ ដោយ​គ្រាន់តែ​ត្រូវការ​ទឹក​បន្តិច។ មុននឹង​ដាំ​គេ​ត្រូវ​ភ្ជួរ​ដី​ហាល២ទៅ៣ដង​ ដើម្បីឱ្យ​ឆ្អិន​ល្អ​បើ​ដី​មិន​ឆ្អិន​ ក៏​ដាំ​មិនសូវ​បាន​ផល​ដែរ​ក្រោយពី​ហាល​ដី ​រួច​ត្រូវយក​ជី​កំ​ប៉ុស្តិ​ឬក៏​អាចម៍គោ​ទៅ​បាច​ហើយ​ភ្ជួរ​លុប​ទើប​លើក​ជាង​រង។ រួច​ទើប​យក​ពូជ​ទៅ​ដាំ​ដោយ​គ្រប​ចំបើង​ពីលើ​ និង​ស្រោច​ទឹក​ក្នុង​មួយថ្ងៃ២ដង​ព្រឹកល្ងាច​ជាប្រចាំ​ ព្រមទាំង​មើលថែ​ដកស្មៅ ​ហើយ​និង​ដាក់​ជី​ព្រមទាំង​ពិ​និ​ត​ត្យ​មើល​សត្វ​ល្អិត ​បើសិន​ជាមាន​ត្រូវតែ​បាញ់ថ្នាំ​សម្លាប់។

ចាប់តាំងពី​ដាំ​រហូតដល់​ដក​គឺ​ត្រូវ​ប្រើ​រយៈពេល​ពី១ខែ៥ថ្ងៃ ​ទៅ១ខែ១០ថ្ងៃ​ ហើយ​ក្នុង​មួយ​ហិច​តា​អាច​ទទួល​ទិន្នផល​ជាង៥ទៅ៦តោន​ ហើយ​បើ​តម្លៃ​មិន​ស្ថេ​រ​ចុះឡើង​ក្នុង​ទីផ្សារ​ ខណៈពេល​ខ្ទឹម​មានការ​ជន​ ក្នុង​មួយ​ហិត​តា​អាច​បាន​ប្រមាណ៩លាន​ទៅ១០លាន​រៀល​ដែរ។ ពួកគាត់​ក៏បាន​សំណូមពរ​ដែរ​ថា​ មន្ត្រី​កសិកម្ម​ក៏ដូចជា​រដ្ឋាភិបាល​មេត្តា​ចុះជួយ​អប់រំ​ផ្សព្វផ្សាយ​បច្ចេកទេស​ ដល់​កសិករ​ឱ្យ​យើង​ដឹង​អំពី​របៀប ​នៃ​ការដាំដុះ​ដើម្បី​ទទួលបាន​ទិន្នផល​ខ្ពស់​ហើយក៏​សូមជួយ​ទប់​ស្ការ​ការនាំ​ចូល​បន្លែ​ពី​ប្រទេសជិតខាង​ ជាពិសេស​នៅពេលដែល​កសិករ​ប្រមូល​ផល​ ដើម្បី​អាច​លក់បាន​តម្លៃ​សមរ​និង​មាន​ស្ថេរភាព។ ចំណែកឯ​ឈ្មួយ​កណ្តាល​ម្នាក់​ គឺ​លោក​ ភួង​ ចាន់ថុល​ បាន​ប្រាប់​ដែរ​ថា​ ក្នុង​មួយថ្ងៃ​លោក​ទិញ​ខ្ទឹម​ពី​បងប្អូន​ទៅ​លក់​នៅ​ផ្សារ​ដើម​គរ​ មិនតិចជាង១តោន​ក្នុង១ថ្ងៃ​នោះទេ​ ហើយ​ឆ្នាំនេះ​ឃើញថា​តម្លៃ​គឺ​បាន​ចុះ​ជាង​ឆ្នាំ​ កាលពី​កន្លងទៅ​មែន​គឺ១គីឡូរ​ក្រាម៤០០០ និង៥០០០នេះ​សម្រាប់​ជិត​ចូល​ថ្ងៃ​ភ្ជំ។

ជាមួយគ្នា​នោះដែរ​ លោក​ ស្រេង​ ប៊ុន​សុខ​ មន្ត្រី​ការិយាល័យ​កសិកម្ម​ស្រុក​ស្អាង​ ក៏បាន​ប្រាប់ឱ្យដឹង​ដែរ​ថា​ ស្អាង​គឺជា​ស្រុក​មួយ​របស់​ខេត្តកណ្តាល ​ដែលជា​ប់​ចំណាត់ថ្នាក់​លេខ​មួយ​ទូទាំងប្រទេស​ ក្នុង​ការផលិត​បន្លែ​ផ្គត់ផ្គង់​លើ​ទីផ្សារ។ ដែល​ក្នុងមួយថ្ងៃៗគិត​ជា​មធ្យម​ ប្រមាណ​ពី២០ទៅ២៥តោន​ហើយ​ លោក​ក៏​ក្រើនរម្លឹក​ដល់​កសិករ​ដែ​រថា​ ដើម្បី​អាច​ដណ្តើម​ទីផ្សារ​ពី​ប្រទេសជិតខាង​បាន​នោះ ​គឺ​មានតែ​បងប្អូន​នាំគ្នា​ងាក​មក​ធ្វើ​ការដាំដុះ​បន្លែ​សរីរាង្គ​ ក៏ដូចជា​បន្លែ​សុវត្ថិភាព​នោះទេ៕

សូមទស្សនាវីដេអូខាងក្រោម