ភ្នំពេញ៖ លោក​ សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ បានអោយដឹង​តាម​បណ្តាញ​ព័ត៌មាន​ហ្វេ​សបុ​កថា ជាទូទៅ ការ​គណនា​គ្រប់​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​បណ្តាញ​លូ ស្ថានីយ៍​បូមទឹក អណ្តូង​លូ ទ្វារ​ទឹក…គឺ​សម្រាប់តែ​កម្រិត​ទឹកភ្លៀង​ធ្លាក់​កំពស់ ៤០មី​លី​ម៉ែត្រ​ក្នុង១ម៉ោង។ លោក​ថា នៅ​ទីក្រុង​អូ​សា​កា ប្រទេស​ជប៉ុន ការ​គណនា designed stormwater គឺ​កម្រិត​ទឹកភ្លៀង ៤០មី​លី​ម៉ែត្រ​ក្នុង១ម៉ោង​ប៉ុណ្ណោះ បើ​ភ្លៀង​ធ្លាក់​លើសពី ៤០មី​លី​ម៉ែត្រ ក៏​រង​ការ​លិច​ទឹក​តាម​ទីតាំង​ខ្លះ​ដែរ។ សម្រាប់​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២០ ខែកញ្ញា​ឆ្នាំ២០១៧ ភ្លៀង​ធ្លាក់​យ៉ាងគំហុក​រហូតដល់ ១១៦មី​លី​ម៉ែត្រ ក្នុង១ម៉ោង​កន្លះ បណ្តាលអោយ​លិច​ទឹក​តាម​ទីតាំង​មួយចំនួន ប៉ុន្តែ​ដោយសារ​ការកសាង​បណ្តាញ​លូ​មេ​ថ្មី​បាន​ប្រវែង ៤២០គីឡូម៉ែត្រ និង​សាងសង់​ស្ថានីយ៍​បូមទឹក​ថ្មី​ចំនួន ៤កន្លែង ធ្វើអោយ​ទឹកភ្លៀង​ហូរ​ស្រក​អស់​បាន​លឿន​ជាង​មុន ៣ដង។ មូលហេតុ​បណ្ដាលឲ្យទឹក​លិច -ទឹកភ្លៀង​ធ្លាក់​ហួស​កម្រិត ៤០មី​លី​ម៉ែត្រ​ក្នុង១ម៉ោង គឺ​កម្រិត​នេះ ទីក្រុង​ប្រទេស​ណា​នៅលើ​ពិភពលោក​ ក៏​នឹងរង​លិច​ទឹក​ដែរ​ចៀស​មិន​ផុត រួមទាំង​ទីក្រុង​អូ​សា​កា ឬ​ទីក្រុង​បាងកក ឬ​ទីក្រុង​ហូជីមិញ…។ -សណ្ឋាន​ដី​នៅ​ទីក្រុង​ភ្នំពេញ ជា​តំបន់​ទំនាប​បាតខ្ទះ​ព័​ទ្ឋ​ជុំវិញ​ដោយ​ទំនប់ ហើយ​រង​គំរាមកំហែង​ដោយ​ទឹកជំនន់​ចំនួន ៣ប្រភព៖

១-ជំនន់​ដោយ​ទឹកភ្លៀង។ ២-ជំនន់​ដោយ​ទឹកទន្លេ។ ជាទូទៅ នៅ​ខែកក្កដា សីហា កញ្ញា តុលា វិច្ឆិកា ទឹកទន្លេ​ឡើង​ខ្ពស់​ព័ទ្ធជុំវិញ​ទីក្រុង ​ដែល​អាច​ហូរ​ចូល​ទីក្រុង​គឺ ទឹកទន្លេ​សាប ទន្លេចតុមុខ ទន្លេបាសាក់ ស្ទឹង​ព្រែក​ត្នោត បឹង​កប់​ស្រូវ…ដែល​យើង​បាន​បិទទ្វារ​ទឹក ​ហើយ​ប្រើ​ស្ថានីយ៍​បូមទឹក បូមទឹក​បញ្ចេញ​ក្រៅ​ទំនប់។ ៣-ជំនន់​ពី​ស្ទឹង​ព្រែក​ត្នោត ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល។ ទីក្រុង​ប្រទេស​ភាគច្រើន​លើ​ពិភពលោក វិធី​ដោះស្រាយ​ទឹក​គឺ​ងាយស្រួល​ដោយ​គ្រាន់តែ​បង្ហូរ​ទឹកភ្លៀង​ចូល​បឹង ទន្លេ សមុទ្រ…ជាការ​ស្រេច ខុសពី​រាជធានី​ភ្នំពេញ ត្រូវ​ប្រើ​ស្ថានីយ៍​បូមទឹក​ចំនួន ១៣កន្លែង​បូម​ឆ្លងកាត់​ទំនប់​បូម​បញ្ចេញ​ក្រៅ​ក្រុង។ ក្នុង​ខែ​នេះ នីវ៉ូទឹក​ទន្លេ​កំពុង​ខ្ពស់ជាង​នីវ៉ូ​សណ្ឋាន​ដី​តាម​ទីតាំង​ខ្លះ​ក្នុង​ទីក្រុង។ -ប​ញ្ហា​ខ្វះ​អណ្តូង​លូ ការ​លួច​បិទ​ភ្ជិត​អណ្តូង​លូ សម្រាប់​បង្ហូរ​ចូល​បំពង់​លូ អណ្តូង​លូ​ត្រូវមាន​គម្លាត​ពី ១០ម៉ែត្រ ទៅ ២០ម៉ែត្រ។ ស្ថានភាព​អណ្តូង​លូ ចាស់មិន​គ្រប់គ្រាន់ បច្ចុប្បន្ន​យើង​មានតែ​អណ្តូង​លូ​ជាង ៤៤.០០០អណ្តូង​លូ​ប៉ុណ្ណោះ។ -បញ្ហា​ខ្វះ​បណ្តាញ​លូ  នៅ​ទីក្រុង​ភ្នំពេញ យើង​មាន​បណ្តាញ​លូ​ថ្មី​ចាស់ ប្រវែង ៦៦០គីឡូម៉ែត្រ ក្នុងពេល​តម្រូវការ​ប​ណ្តា​ញ​លូ​រហូតដល់ ៣.៦០០គីឡូម៉ែត្រ និង​មាន​ប្រឡាយ​មេ​ចំនួន ១៨ ប្រវែង ៥៦គីឡូម៉ែត្រ ព្រមទាំង​ប្រឡាយ​រង​ចំនួន ១។

-ប​ញ្ហាសំរាម​បាំង​មុខ​អណ្តូង​លូ ដែលជា​ឧបសគ្គ​ការបង្ហូរ​ទឹក​ពីសា​ច់​ថ្នល់​ចូល​បណ្តាញ​លូ​ក្រោម​ដី ។ បញ្ហា​សំរាម​ក្នុង​ពោះ​ប្រឡាយ បាំង​សំរាស់​មុខ​ស្ថានីយ៍​បូមទឹក បញ្ហា​កំណក​លាមក​ក្នុង​លូ ប្រឡាយ ក៏​ឧបសគ្គ​ផ្លូវទឹក​ហូរ​ដែរ។ ការរស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ពោះ​ប្រឡាយ​ស្ទឹងមានជ័យ ធ្វើអោយ​ទឹក​លិច​នៅ​ផ្លូវ​លេខ ២០០៤ ផ្លូវ ណ័​រ​ប្រ៊ី​ត និង​តំបន់​ព្រលានយន្តហោះ​ផ្នែក​ខាងត្បូង​និង​ខាងកើត។ -ការអភិវឌ្ឍន៍​ទីក្រុង​លឿន​ពេក ធ្វើអោយ​ការកសាង​បណ្តាញ​លូ​មិន​គ្រប់គ្រាន់។ កាលពី​មុនពេល​អភិវឌ្ឍ​ន៍ ទឹកភ្លៀង​បាន​ហូរ​ជ្រាបចូល​ដី​ឡូ​តិ៍ ទឹក​ហូរ​ចូល​ដី​ទំនាប កាត់បន្ថយ​ទឹក​លិច​បាន​ខ្លះ។ ប៉ុន្តែ​បច្ចុប្បន្ន ការចាក់ដី​លុប​ទំនាប សាងសង់​ផ្ទះ ចាក់​បេតុង​សាប ផ្លូវ​ចាក់​បេតុង ចាក់​កៅស៊ូ ធ្វើអោយ​ទឹក​បង្ហែរ​មក​ចូល​លូ​ទាំងអស់។ -សមត្ថភាព​ស្ថានីយ៍​បូមទឹក​មិន​គ្រប់គ្រាន់។ យើង​បាន​ស្ថាបនា​ស្ថានីយ៍​បូមទឹក​ថ្មី​ចំនួន ៤កន្លែង គឺ​ស្ថានីយ៍​បូមទឹក​បឹងត្របែក ទួលគោក​ទី១ ទួលគោក​ទី២ ព្រះ​ពន្លា…ដែលមាន​សមត្ថភាព​បូ​ម​ទឹក​កើន ៣ដង​ធៀប​នឹង​ស្ថានីយ៍​ចាស់។

ស្ថានីយ៍​បុរី ១០០ខ្នង ស្ថានីយ៍​លូ ៥កំពុង​សាងសង់ ហើយ​ទិសដៅ​ក្នុង​ឆ្នាំ២០១៨ នឹង​សាងសង់​ស្ថានីយ៍​បន្ថែម​នៅ ស្ថានីយ៍​បឹងទំពុន និង​ស្ថានីយ៍​ទួល​សំពៅ។ ជារួមការរៀបចំ​បណ្តាញ​លូ​ក្នុង​រាជធានី​ភ្នំពេញ មាន​លក្ខណៈ​ស្មុ​គ្រ​ស្មាញ ប្រើ​ថវិកា​ច្រើន ទាមទារ​ពេលវេលា​យ៉ាងតិច ៨ឆ្នាំ​ក្នុង​ការកសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​បណ្តាញ​លូ និង​ត្រូវមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ទាំង​ការគ្រប់គ្រង​ថែទាំ​បណ្តាញ​លូ ទាំង​ការគ្រប់គ្រង​សំរាម។ ជាការ​សន្និដ្ឋានៈ នៅក្នុង​រយៈពេល ៤ឆ្នាំ​ចុង​ក្រោយនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានដាក់​បណ្តាញ​លូ​មេ​បាន​ប្រវែង ៤២០គីឡូម៉ែត្រ ស្ថានីយ៍​បូមទឹក​ថ្មី​ចំនួន ៤កន្លែង ដែល​អាច​កាត់បន្ថយ​ទឹក​លិច​បាន ៦០% លើ​ទីតាំង​ធ្លាប់​លិច​ទឹក​ពីមុន​ចំនួន ៣២កន្លែង​ដូចជា ម​ហ​វិថី​ហ្សា​ល​ដឺ​ហ្គោល ផ្សារ​អូរឫស្សី ផ្លូវ​សុខហុក រង្វង់​មូល​សំពៅ​មាស ខាងកើត​ស្តា​ត​អូឡាំពិក មុខ​វត្ត​មហាមន្ត្រី ផ្សារទួល​ទំពូង មុខ​ស្ថានទូត​ចិន មុខ​ព្រះបរមរាជវាំង មុខ​ពេទ្យ​កាល​ម៉ែត្រ រង្វង់​មូល​ផ្សារ​ដើមថ្កូវ មុខ​សណ្ឋាគារ​អាំងទែ​កុងទីណង់តាល់… បាន​កាត់បន្ថយ​ការលិចលង់ នៅក្នុង​ខណ្ឌដូនពេញ ៧មករា ទួលគោក ចំការមន និង​កំពុង​ខិតខំ​បន្ត​ដោះស្រាយ​បញ្ហា​ទឹក​លិច​នេះ។ បើទោះបី​ភ្លៀង​ធ្លាក់​ខ្លាំង​លើសពី ៤០មី​លី​ម៉ែត្រ​ក៏ដោយ ទឹក​លិច​លើ​ដងផ្លូវ​បាន​ហូរ​ឆាប់​ស្រក​អស់​លឿន​ជាង​មុន ៕

សូមទស្សនាវីដេអូខាងក្រោម