ខេត្តកំពង់ចាម​៖​ ប្រជាកសិករ​ដែលរស់នៅ​ក្នុង​ភូមិ​វាល​រី​លិច​ ឃុំ​ស្វាយ​ទាប​ ស្រុក​ចំការ​លើ​ ខេត្តកំពង់ចាម​ ភាគ​ច្រើន​ពួក​គាត់​និយម​ប្រកប​មុខរបរ​ដាំ​បន្លែ​ធម្មជាតិ​ ដូច​ជា​ដំណាំ​ស្ពៃ ព្រោះជា​ប្រភេទ​ដំណាំ​ដែល​ងាយស្រួល​ក្នុង​ការ​ដាំនិងថែរទាំ​ ដែល​អាច​ជួយសម្រួលដល់ជីវភាព​ក្នុង​គ្រួសារបានមួយ​កម្រិត​ទៀត ។

បើតាម​លោក​តា​ឈ្មោះ​ ជួប​ នៅ​ អាយុ​៦៣ឆ្នាំ​ ​ដែលរស់នៅក្នុងភូមិ​វាល​រី​លិច​ ឃុំ​ស្វាយ​ទាប​ ស្រុក​ចំការ​លើ​ បានរៀបរាប់​អំពី​មុខរបរ​ដាំស្ពៃ​នេះ​ថា​ មុនពេលដាំ​ដំណាំ​ស្ពៃ​ចង្កឹះ​នេះ​ គឺដំបូងគេត្រូវ​ជម្រះ​ស្មៅ​ និង​បាច​កំបោរ​សម្លាប់​មេរោគ​ ហើយ​ដាក់​ហាលថ្ងៃ​ដី​ឲ្យ​បាន​ស្ងួតល្អជាមុនសិន​ រួចគេបាចគ្រាប់ពូជនិងស្រោចទឹកតាមរងនីមួយៗ ដោយ​លោក​តា​បានបន្ថែមទៀតថា ក្រោយពីកូនស្ពៃនេះចាប់ផ្តើមដុះ​បាន​រយៈពេល​១៥ថ្ងៃ​ គឺគាត់ត្រូវ​ដក​ហើយ​ធ្វើ​ការ​ដាក់​ដាំ​សារជាថ្មី​ រយៈពេល​២១ថ្ងៃ​ក្រោយ​ រួមជាមួយ​ការ​ដាក់ជីធម្មជាតិ​ទៀត​ ទើប​ទទួល​បាន​ផលល្អ​ ។

ដំណាំ​ស្ពៃ​ចង្កឹះ​នេះដែរ​ គេអាចទទួលផលវាបាន​ក្នុងរយៈពេល​៣៦ថ្ងៃ​ គឺចាប់​គិត​ពី​ថ្ងៃ​សាប​គ្រាប់​រហូតដល់​ថ្ងៃ​ត្រូវ​ដក​លក់​ ហើយគេធ្វេី​ការ​ដាំដុះ​នៅ​រដូវណា​ក៏​បាន​ ព្រោះមាន​ម៉ាស៊ីន​បូមទឹក​ស្រោចស្រព​ជានិច្ច​ តែ​បើ​រដូវ​ភ្លៀង​គឺ​មានទឹកគ្រប់គ្រាន់​ ហើយ​បើភ្លៀងធ្លាក់ខ្លាំង​ពេកក៏អាចធ្វើ​ឲ្យ​ស្ពៃជ្រុះស្លឹកទៀតផង ។

ចំណែកឯតម្លៃលក់នៅទីផ្សារវិញ គឺ​មាន​ឈ្មួញ​កណ្ដាល​មក​ទទួល​ទិញ​យក​ដល់​ចំការ​តែ​ម្ដង​ ដោយ​តម្លៃ​មិន​ទៀងទាត់​ទេ​ គឺ​ចាប់ពី​៨០០រៀល​ឡើងទៅ​ដល់​២០០០​រៀលក្នុង​១គីឡូក្រាម​ បើ​ស្ពៃ​មិនសូវ​សំបួរ​ទេ​លក់​រៀង​បាន​ថ្លៃ​បន្តិច​ ដូច​ដែល​ពេល​នេះ​លក់​ចេញ​បាន​តម្លៃ​២០០០រៀល​ក្នុង​១គីឡូក្រាម​ ហើយ​ឈ្មួញ​យក​ទៅ​លក់​បន្ត​នៅតាម​ទីផ្សារ​នានា​ ​ដូចជា​ទីផ្សារ​ក្នុង​ខេត្ត​កំពង់ចាម​ និង​ខេត្ត​កំពង់ធំ​ ជាដើម​ ៕

សូមទស្សនាវីដេអូខាងក្រោម