ព្រះវិហារ៖ ផ្នែករដ្ឋបាលព្រៃឈើរៀង សហការជាមួយផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ និងមានការចូលរួមពីកម្លាំងយោធានៃតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរមណីយ ដែលដឹកនាំដោយលោក ស៊ុំ ស៊ីវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង ធ្វើការបង្រ្កាបបានរថយន្ត០១គ្រឿង ម៉ាកTUNDRA ពណ៌ស្ករ ស្លាកលេខ ភ្នំពេញៈ2F-9112 ពេលកំពុងធ្វើសកម្មភាពលើកឈើប្រណិត (ប្រភេទធ្នង់) ដាក់លើរថយន្តបម្រុងបើកចេញ ស្ថិតក្នុងចំណុចអូរតាសិតបាក់ដៃ ភូមិស្វាយប៉ាត ឃុំរំដោះ ស្រុកវៀង ខេត្តព្រះវិហារ នៅវេលាម៉ោង០៣នឹង៣០នាទីរសៀល នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ឈើប្រណិតខាងលើ ត្រូវបានក្រុមឈ្មួញធ្វើការដឹកជញ្ជូនតាមគោយន្តកន្រ្តៃពីព្រៃ ក្នុងទឹកដីស្រុកសង្គមថ្មី យកមកទម្លាក់ទុកក្នុងចំការមួយកន្លែងនៅចំណុចខាងលើ រងចាំឱកាសល្អទើបដឹកជញ្ជូនបន្តឆ្ពោះទៅខេត្តកំពុងធំ ។ ប៉ុន្តែដោយលោក ស៊ុំ ស៊ីវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀងបានដឹងកន្លែងដែលឈ្មួញលាក់ទុកឈើជាមុន និងដោយឃើញរថយន្ត TUNDRA ខាងលើចូលទៅ ដែលជាមុខសញ្ញាផងនោះ ទើបលោកបានដឹកនាំកម្លាំងចុះទៅបង្រ្កាបបានភ្លាមៗតែម្តង។ ចំណែកអ្នកបើកបររថយន្ត និងអ្នកលើកឈើពេលឃើញសមត្ថកិច្ច បានរត់គេចខ្លួនបាត់ស្រមោល ។

បច្ចុប្បន្ន ឈើ និងរថយន្តខាងលើ ត្រូវបានយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីចងក្រងសំនុំរឿងបន្តតាមនីតិវិធីច្បាប់ស្តីពីរដ្ឋបាលព្រៃឈើ ។ សូមបញ្ជាក់៖ លោក ស៊ុំ ស៊ីវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង តែងតែធ្វើការបង្រ្កាបបទល្មើសព្រៃឈើជាប្រចាំលើដងផ្លូវដូចភ្លៀងរលឹម ដោយមានការណែនាំចង្អុលបង្ហាញពីលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ជាពិសេសដោយមានបទបញ្ជាយ៉ាងម៊ឹងម៉ាត់ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ឲ្យអង្គភាពជំនាញក្រោមឱវាទ យកចិត្តទុកដាក់ ទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើសព្រៃឈើគ្រប់ប្រភេទក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ៕

សូមទស្សនាវីដេអូខាងក្រោម