ភ្នំពេញ៖ ទីតាំងស្តុកឈើប្រណិតមួយកន្លែងស្ថិតនៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ត្រូវបាន កម្លាំងខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ សហការជាមួយ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដោយមានការសម្របសម្រួលពីស្ថាប័នតុលាការ បានធ្វើការបង្ក្រាប  កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧  ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ទីតាំងស្តុកឈើប្រណិតខាងលើ ដែលឈ្មួញលួចដឹកតាមរថយន្តក្រុង មកទម្លាក់លាក់ទុក ក្នុងទីតាំងខាងលើ ដោយមានការស្រាវជ្រាវ ទើបកម្លាំងជំនាញ ខណ្ឌរដ្ឋបាលព្រៃឈើ សហការជាមួយ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ  ដោយមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ បានធ្វើការបង្ក្រាបបទល្មើសព្រៃឈើជាក់ស្តែង តែម្តង ។ ក្នុងប្រតិបត្តការណ៍ខាងលើសមត្ថកិច្ច ដកហូត ឈើប្រណីត ចំនួន ៣ ប្រភេទ រួមមាន ឈើនាងនួន ឈើធ្នង់ និងគ្រញូង ជាច្រើនដុំ ដែលឈ្មួញទុច្ចរិត លួចលាក់ទុកនៅក្នុងរថយន្ត ក្រុង ១គ្រឿង និងរថយន្ត ស្តារិច ចំនួន ២គ្រឿង បំរ៉ុងនាំចេញទៅកាន់ប្រទេសវៀតណាម ។

សមត្ថកិច្ចបន្តទៀតថា ក្រៅពិរឹមអូសឈើប្រណិតទាំងនោះ សមត្ថកិច្ច  ឃាត់បុរសជនជាតិវៀតណាម២នាក់ ដើម្បីយកទៅធ្វើការសាកសួរ និងបញ្ជូនទាំងអស់ទាំងនោះ ទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើ ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។ ដោយឡែកទីតាំងខាងលើត្រូវបានគណកម្មការសម្រេចបិទទ្វារ រក្សាទុកជាបណ្តោះអាសន្នរងចាំសម្រេចជាក្រោយ ៕

សូមទស្សនាវីដេអូខាងក្រោម