ភ្នំពេញ ៖ ក្រុមអ្នកញៀនល្បែងសុីសងប្រជល់មាន់ ចំនួន៨នាក់ត្រូវបានកម្លាំងនគរបាល អន្តរាគមន៍ខណ្ឌពោធិសែនជ័យ ចុះទៅបង្ក្រាបចាប់ឃាត់ខ្លួនបាន ចំនួន២ទីតាំងផ្សេងគ្នា ហូតបានមាន់គក៥ក្បាល ជញ្ជីងថ្លឹងមាន់១ និងសម្ភារៈមួយចំនួនទៀត ។ ប្រតិបត្តិការបង្ក្រាបលើកទី១ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី២៤ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅ ដីវាល ក្នុងភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ និងលើកទី២កាលពីវេលាម៉ោង២និង៣៥នាទីរសៀលថ្ងៃដដែល នៅភូមិអន្លង់ស្វាយ សង្កាត់បឹងធំ ខណ្ឌពោធិសែនជ័យ ។តាមអាជ្ញាធរបានឲ្យដឹងថា កន្លងមកទោះជាហាមបងប្អូនប្រជាពលរដ្ឋ ជុំវិញល្បែងសុីសងក្នុងមូលដ្ឋាន ត្រូវបានហាមឃាត់ ក៏ប៉ុន្តែនៅមានក្រុមអ្នកញៀនល្បែង ប្រមូលផ្តុំគ្នាលួចបើកលេងប្រជល់មាន់ អាប៉ោង មកដល់ព្រឹក និងរសៀល ថ្ងៃទី២៤ នេះត្រូវបានកម្លាំងនគរបាលខណ្ឌពោធិសែនជ័យ ចុះបង្ក្រាបតែម្តង ។ តាមនគរបាលបានឲ្យដឹងថា ក្រោយពីទទួលបទបញ្ជាពីលោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិសែនជ័យ ជំរុញកម្លាំងតាមបណ្តាជំនាញ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើស រក្សាសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ទើបកម្លាំងអន្តរាគមន៍ខណ្ឌ ចុះប្រតិបត្តិការបង្ក្រាប សង្វៀនប្រជល់មាន់២កន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយ នៅសង្កាត់ចោមចៅ និងនៅសង្កាត់បឹងធំ  ឃាត់ខ្លួនមនុស្ស៣នាក់ មាន់៥ក្បាល ចានបាញ់អាប៉ោង១ ម៉ូតូមួយគ្រឿង ឧបករណ័បង្ហាត់មាន់ជល់ កៅស៊ូ សម្រាប់តម្លើងសង្វៀនចល័ត២ឈុត ។តាមប្រជាពលរដ្ឋ បានខ្សឹបប្រាប់ថា សង្វៀនប្រជល់មាន់ នៅក្នុងភូមិអន្លង់ស្វាយ សង្កាត់បឹងធំ មានម្ចាស់ឈ្មោះ លាន អាព្រិលគីនីន ជាពិធីករផង និងជាមេសង្វៀនប្រជល់មាន់ផង ។ តែទោះជាយ៉ាងណាក្តី កម្លាំងនគរបាល មិនទាន់ចូលដល់សង្វៀនផង ក្រុមអ្នកលេង រត់ចែកជើងគ្នាបាត់ ដូចជាដឹងខ្លួនមុន ថាប៉ូលីសចុះបង្ក្រាប កម្លាំងរត់ដេញតាមចាប់បាន៥នាក់ មាន់៣ក្បាល ចំណែក រាប់រយនាក់ទៀត រត់គេចខ្លួនបាត់អស់ ។ ក្រោយពីចាប់ឃាត់ខ្លួនបាន ក្រុមអ្នកញៀនល្បែង ទាំង២កន្លែងខាងលើ រួមជាមួយវត្ថុតាង ត្រូវបាននាំទៅកាន់ផ្នែកជំនាញអធិការដ្ឋានខណ្ឌដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី ៕ សូមទស្សនាវីដេអូខាងក្រោម