តួកគី​៖យន្តហោះដឹកអ្នកដំណើរមួយគ្រឿងដែលមានមនុស្សចំនួន១៦២នាក់ ជិះនៅលើនោះស្ទើរតែធ្លាក់ចូលទៅក្នុងទឹកសមុទ្របន្ទាប់ពីបានបើកធ្លាក់ពីលើផ្លូវយន្តហោះចុះឡើង, នេះបើយោងតាមសារព័ត៌មានស៊ីនហួរ ចុះផ្សាយឲ្យដឹងនៅយប់ថ្ងៃទី១៤​ ខែមករាឆ្នាំ២០១៨នេះ។ជើងហោះហើរលេខ PC8622 បានធ្វើការចុះចត នៅអាកាសយាន្តដ្ឋាន Trabzon ប្រទេសតួកគី នៅពេលដែលវាបានរអិលធ្លាក់ពីលើផ្លូវ ដែលមានទៅដោយព្រិលទឹកកក។ ជាភ័ព្វសំណាងយន្តហោះប្រភេទ Boeing 737-8000 ដែលផ្ទុកដោយមនុស្ស១៦២នាក់នោះគឺកង់របស់វាត្រូវបានទាក់​ជាប់ នៅក្នុងភក់ទឹកកដែលបានបញ្ឈប់វាឲ្យជាប់នៅច្រាំង មិនឲ្យធ្លាក់ចូលទៅក្នុងសមុទ្រ Black Sea។ម៉ាស៊ីនរ៉េអាក់ទ័រ ផ្នែកខាងឆ្វេងរបស់យន្តហោះ បានបាក់ចេញពីស្លាបរបស់យន្តហោះនៅអំឡុងពេលជួបគ្រោះថ្នាក់។

មិនមានអ្នកណាម្នាក់ទទួលរងរបួសនោះទេ ទាំងក្រុមអ្នកធ្វើដំណើរនិងសហសេវិកយន្តហោះ ដោយក្រោយគ្រោះថ្នាក់កើតឡើងភ្លាមៗ ពួកគេត្រូវបានជម្លៀសចេញទៅកាន់ទីមានសុវត្ថិភាព។

បើតាមភ្នាក់ងារសារព័ត៌មានរដ្ឋរបស់តួកគី ឈ្មោះ Anadolu បានឲ្យដឹងថាភាពស្លន់ស្លោរបានកើតមានឡើង នៅលើយន្តហោះ ខណៈយន្តហោះបានរអិលមិនអាចគ្រប់គ្រងបាន។ ក្រោយហេតុការណ៍កើតឡើងភ្លាមៗ អាកាសយាន្តដ្ឋាន Trabzon ត្រូវបានបិទ ជាមួយនឹងជើងហោះហើរទាំងអស់ ត្រូវបានពន្យារពេល ឬក៏លុបចោលប៉ុន្តែរហូតមកដល់ពេលនេះ អាកាសយាន្តដ្ឋាន បានបើកដំណើរវិញហើយ៕

សូមទស្សនាវីដេអូខាងក្រោម