ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដោយមានការបញ្ជាផ្ទាល់ពី លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ លោក រស់ សុភ័ក្ត អភិបាលរងខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ សហការជាមួយ មន្រ្តីជំនាញ នៃមន្ទីរសាធារណការ និង ដឹកជញ្ជូនខណ្ឌច្បារអំពៅ ចុះប្រតិបត្តការឃាត់រថយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស និង ដឹកលើសទម្ងន់ តាមបណ្តោយផ្លូវជាតិលេខ១ កែងផ្លូវ ថៃហ្គ័ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងនោះដែរ គណៈបញ្ជាការឯកភាពខណ្ឌ សហការជាមួយ មន្រ្តីជំនាញរបស់មន្ទីរសាធារណការ បានធ្វើការឃាត់រថយន្តប្រភេទធន់ធ្ងន់ បានចំនួន ៥២គ្រឿង ក្នុងនោះ បានរកឃើញ រថយន្តខុសលក្ខណៈបច្ចេកទេសចំនួន ០២គ្រឿង ត្រូវបានយកទៅរក្សាទុកនៅ ក្នុងដីឡូតិ៍មួយកន្លែង នៅទល់មុខវិទ្យាល័យច្បារអំពៅ ដើម្បីធ្វើការមាត់ទ្រុងរថយន្ត និង អប់រំដល់ម្ចាស់រថយន្ត ក៏ដូចជាក្រុមហ៊ុនឲ្យចូលរួមអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរលើផ្លូវសាធារណៈផងដែរ ។ ចំណែក ៥០គ្រឿងទៀត គឺត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ត្រូវបានអនុញ្ញាតឲ្យបន្តដំណើរទៅមុខដោយធម្មតា។

គួរបញ្ជាក់ផងដែរ យុទ្ធនាការ ចុះឃាត់រថយន្តកាត់ត កែច្នៃខុសលក្ខណៈបច្ចេកទេសទាំងនេះ គឺអនុវត្តតាម បទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ចាប់ពីម៉ោង០០ យប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ ២០១៨ ចំពោះរថយន្តប្រភេទ កាត់តកែច្នៃ ទាំងអស់ បើឃើញមានបើកបរនៅខេត្តណា ឬស្រុកណា គឺត្រូវចាប់ទុកទាំងអស់ ទាំងរដ្ឋមន្ត្រី ទាំងចៅហ្វាយខេត្ត ទាំងចៅហ្វាយស្រុក គឺត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ បើមិនចាត់វិធានការទេ គឺប្រឈមនឹងការដកតួនាទីមុខតំណែង ព្រោះឡានកែឆ្នៃកាត់តទាំងនេះ គឺអាចបង្កការខូចខាតផ្លូវថ្នល់ និង បង្កការគ្រោះថ្នាក់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ដោយឡែកពាក់ព័ន្ធចំពោះរថយន្តដឹកលើសទម្ងន់វិញ សម្តេច បានប្រាប់ដល់ក្រសួងមន្ទីរពាក់ព័ន្ធនានាត្រូវជួបប្រជុំជាមួយម្ចាស់ ឬតំណាងក្រុមហ៊ុនធ្វើការពន្យល់ណែនាំឲ្យបានច្បាស់អំពីច្បាប់ចរាចរណ៍ និង ការដឹកជញ្ជូន និង ផ្ទុកទំនិញ លើសទម្ងន់ ដែលអាចបង្កផលប៉ះពាល់ដល់ការខូចខាតផ្លូវថ្នល់ និង ស្ពាន ព្រមទាំងអាចបង្កគ្រោះថ្នាក់ផ្សេងៗដល់ប្រជាពលរដ្ឋធ្វើដំណើរផងដែរ។ ហើយបើក្រុមហ៊ុនណាមិនគោរពតាមច្បាប់ គឺត្រូវចាប់រថយន្តនោះទុក ហើយនឹងអាចឈានទៅបិទក្រុមហ៊ុននោះតែម្តង៕

សូមទស្សនាវីដេអូខាងក្រោម