ខេត្តកំពង់ធំ៖ អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឯកឧត្តម ហ៊ុន ម៉ាណែត ជាកុំព្យូទ័ចំនួន០៧គ្រឿង ដែលមានកុំព្យូទ័រយួរដៃចំនួន០៣គ្រឿង ត្រូវបានប្រគល់ជូនអនុវិទ្យាល័យឈូកខ្សាច់ និងកុំព្យូរទ័រលើតុចំនូន០២គ្រឿង និងនូវកុំព្យូទ័រយួរដៃចំនួន០២គ្រឿងផ្សេងទៀត ប្រគល់ជូនវិទ្យាល័យហ៊ុនសែនស្រះបន្ទាយ ដែលស្ថិតនៅក្នុងស្រុកបារាយ៍ ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ។ ឯកឧត្តម ហ៊ុន ម៉ាណែត ធ្លាប់មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងលើវិស័យអប់រំ បើប្រៀបធៀបទៅវិស័យផ្សេងៗ ព្រោះនេះដូចជាការវិនិយោគ ហើយការវិនិយោគលើធនធានមនុស្ស គឺជាការវិនិយោគធនធានមនុស្សមិនចេះរីងស្ងួតសម្រាប់សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិយើង។លោក ហាក់ ម៉ុងហួត អភិបាលនៃគណៈអភិបាលស្រុកបារាយ៍បានមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរស្រុក សូមថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដែលបានយកចិត្តទុកដាក់ចំពោះវិស័យអប់រំតាមរយៈការសាងសង់សាលារៀន និងផ្តល់នូវសម្ភារៈបរិក្ខាដែលប្រើសម្រាប់ការងារបង្រៀនរបស់លោកគ្រូអ្នកគ្រូនៅក្នុងសាលាទាំងពីរនេះ ក៏ដូចជាយកចិត្តទុកដាក់គិតគូរអំពីសុខមាលភាពប្រជាពលរដ្ឋក្នុងស្រុកបារាយ៍ដែលថ្មីៗនេះបានបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ មកពិនិត្យជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ។លោកនាយកនៃវិទ្យាល័យទាំងពីរ បានបង្ហាញអារម្មណ៍រំភើបរីករាយ ដែលបានទទួលអំណោយជាកុំព្យូទ័រទាំងនេះដើម្បីបម្រើផលប្រយោជន៍ដល់កិច្ចការបង្រៀនរបស់លោកគ្រូអ្នកគ្រូ និងការសិក្សារបស់សិស្សានុសិស្ស ឱ្យកាន់តែមានភាពងាយស្រួល និងមានប្រសិទ្ធិភាពខ្ពស់។  លោកនាយកវិទ្យាល័យស្រះបន្ទាយបានអោយដឹងថា វិទ្យាល័យមានសិស្សចំនួនសរុប៧៤៩នាក់ ពីថ្នាក់ទី៧ដល់ថ្នាក់ទី១២ និងមានលោកគ្រូអ្នកគ្រូចំនួន៣៤នាក់ដែលត្រូវប្រើកុំព្យូទ័រក្នុងការងារសិក្សាធិការ។
លោកបានបន្តថា ការទទួលបានកុំព្យូរថ្មីនេះគឺដើម្បីលោកគ្រូអ្នកគ្រូសម្រាប់ធ្វើការងាររដ្ឋបាល និងការបូកពិន្ទុសិស្សជាដើម ដែលនឹងផ្តល់អត្ថប្រយោជន៍ និងភាពងាយស្រួលលឿនជាងមុន។ ជំនួសមុខអោយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស គណៈគ្រប់គ្រងនៃសាលាទាំងពីរ សូមគោរពថ្លែងអំណរគុណសម្តេចអគ្គមហាសេនាបតីតេជោ និង សម្តេចគិត្តិព្រឹទ្ធបណ្ឌិត និង ឯ.ឧ.ហ៊ុន ម៉ាណែត ដែលតែងតែគិតគូរយកចិត្តទុកដាក់ពីការសិក្សារៀនសូត្ររបស់សិស្សានុសិស្សនិងការបណ្តុះបណ្តាលរបស់លោកគ្រូអ្នកគ្រូនៅទីនេះក៍ដូចជានៅទូទាំងប្រទេសដើម្បីទទួលបានទាំងបរិមាណនិងគុណភាពដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ។

គួររំលឹកថា អំណោយជាកុំព្យូរទ័រទាំង០៧គ្រឿងនេះ តបតាមការស្នើសុំរបស់គណៈគ្រប់គ្រងនៃសាលាទាំងពីរគ្រាដែលឯកឧត្តម  ហ៊ុន ម៉ាណែត បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋឥតគិតថ្លៃ ក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំនាពេលថ្មីៗនេះ ៕