ខេត្តកំពត៖ នៅព្រឹកថ្ងៃច័ន្ទ១២កើតខែផល្គុន ព.ស ២៥៦១ ត្រូវថ្ងៃទី២៦ខែកម្ភៈឆ្នាំ ២០១៨ ។រដ្ឋបាលខេត្តកំពត បានបើកធ្វើសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៧និងលើកទិសដៅសម្រាប់អនុវត្តឆ្នាំ២០១៨ ។
អង្គសន្និបាតក្រោមវត្តមានអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម អ៊ឹងម៉េងហួរ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តនិងមានសមាជិកចូលរួមពីថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុង មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ព្រមទាំង មេឃុំចៅសង្កាត់និងមេប៉ុស្តិ៍ក្នុងទូទាំងខេត្តសរុបចំនួន២៥៦នាក់។
ឯកឧត្តម ជាវ តាយអភិបាល នៃគណៈអភិបាលខេត្ត បានធ្វើសន្ទរកថាបើកអង្គសន្និបាតដោយបានកោតសរសើរ​និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ទាំងអស់របស់អាជ្ញាធរដែនដី មន្ទីរ-អង្គភាព មន្រ្តីរាជការនិងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះបានយកចិត្តទុកដាក់បំពេញការងារ ស្របតាមតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងស្មារតីទទួលខុសត្រូវខ្ពស់ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយនិងគោលការណ៍ណែនាំ របស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ននានា ប្រកបដោយតម្លាភាពគណនេយ្យភាព និងប្រសិទ្ធភាព ធ្វើអោយរដ្ឋបាលខេត្តកំពត ធានានូវស្ថេរភាពនយោបាយសន្តិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈនិងការអភិវឌ្ឍន៍បានល្អប្រសើរ។

 ឯកឧត្តមជាវ តាយ ក៏បានចាត់ទុកអង្គសន្និបាតនាពេលនេះពិតជាមានសារៈសំខាន់និងសំណូមពរអោយសមា​ជិក​អង្គសន្និបាតទាំងមូលតាមដានយកចិត្តទុកដាក់ស្ដាប់ពិភាក្សា ចែករំលែកនូវបទពិសោធន៍ ក៏ដូចជាការលើកឡើងនូវបញ្ហាប្រឈមនានាសំណូមពរនិងផ្ដល់អនុសាសន៍ ដែលជាធាតុចូលដ៏សំខាន់ដើម្បីជាមូលដ្ឋានក្នុងការបន្តអនុវត្តការងារ សម្រាប់ឆ្នាំ២០១៨អោយសម្រេចបានលទ្ធផលជោគជ័យថ្មីៗថែមទៀត។ ជាពិសេសការផ្ដល់សេវាសាធារណៈនិងការអភិវឌ្ឍន៍ខេត្តកំពតលើគ្រប់វិស័យកាន់តែរីកចម្រើនថែមទៀតឆ្ពោះទៅកាត់បន្ថយបាននូវភាពក្រីក្ររបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។ អង្គសន្និបាតបានគ្រោងធ្វើរយៈពេលពីរថ្ងៃ ដោយបានបន្តតាមដានស្ដាប់បទបង្ហាញនិងពិភាក្សា លើសេចក្ដីព្រាងរបាយការណ៍ ស្ដីពីលទ្ធផលការងារប្រចាំឆ្នាំ២០១៧និងទិសដៅការងារ ឆ្នាំ២០១៨របស់រដ្ឋបាលខេត្តកំពត។ អង្គសន្និបាតនិងគ្រោងបិទបញ្ចប់នៅវេលារសៀលថ្ងៃ២៧ខែកុម្ភៈឆ្នាំ ២០១៨​ក្រោមវត្តមានចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃផងដែរ។

សូមទស្សនាវីដេអូខាងក្រោម