ខេត្តកណ្តាលនឹងប្រើប្រាស់កម្លាំងសរុប១៤៣២នាក់ដើម្បីការពារសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យទន្លេលើកទី៤នៅក្រុងតាខ្មៅ ។ កាលពីព្រឹកថ្ងៃទី២៦ កុម្ភៈ ២០១៨នេះ នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបើកកិច្ចប្រជុំស្តីពីផែនការការពារសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យទន្លេលើកទី៤ ដែលនឹងប្រព្រឹត្តិឡើងនៅក្នុងក្រុងតាខ្មៅ នាថ្ងៃទី៩ដល់១១មិនា ២០១៨ ខាងមុខនេះ។

លោកឧត្តមសេនីយន៍ឯក ទូច ណារ៉ុថ អគ្គស្នងការរងនិងជាប្រធាននាយកដ្ឋានអង្គរក្សក្រសួងមហាផ្ទៃ បានលើកឡើងថា បើទោះបីជាប្រទេសជាតិយើងមានសុខសន្តិភាព  សុវត្ថិភាព សណ្តាប់ធ្នាប់ និងស្ថេរភាពនយោបាយល្អ ក៏ដោយ ក៏យើងត្រូវតែបង្កើនការយកចិត្តទុកដាក់ការពារសន្តិសុខ ឱ្យបានកាន់តែប្រសើរផងដែរ ព្រោះមានប្រមុខរាជរដ្ឋាភិបាលមន្ត្រីជាន់ខ្ពស់ ភ្ញៀវអន្តរជាតិ ភ្ញៀវជាតិចូលរួមច្រើន។ ដូច្នេះ ត្រូវការវិធានការជំនាញ បង្កើនការស្រាវជ្រាវក្តាប់សភាពការណ៍ ប្រភពព័ត៌មានដែលពាក់ព័ន្ធនិងកិច្ចការពាររក្សាសន្តិសុខ សុវត្ថិភាព ឱ្យបានល្អប្រសើរបំផុត។

បង្កើនការស្រាវជ្រាវ សកម្មភាពរបស់ពួកសមាសភាពមិនល្អ ពួកភេវរជន ពួកឧក្រិដ្ឋជន ដើម្បីទប់ស្កាត់ឱ្យបានទាន់ពេលវេលា ត្រូវប្រមូលផ្តុំក្តាប់សភាពការណ៍ គ្រប់គ្រងមុខសញ្ញាគ្រោះថ្នាក់ដើម្បីមានវិធានការជាមុន ពិសេសក្រុមជនខិលខូចឆក់ឱកាសចូលធ្វើសកម្មភាពលួច ឆក់ ប្លន់ និងក្មេងទំនើង ដែលអាចបង្ករ​ផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយក្នុងឱកាសប្រារព្ធពិធីបុណ្យ។ ត្រូវរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ រាល់មធ្យោបាយ​យានយន្តឱ្យចូលចតឱ្យមានសណ្តាប់ធ្នាប់ និងកំណត់ទីតាំងចំណតឱ្យបានត្រឹមត្រូវ និងមានសុវត្ថិភាពល្អ ដោយមានកន្លែងផ្ញើនិងមានការទទួលខុសត្រូវ និងត្រូវត្រៀមកម្លាំងសម្រាប់អន្តរាគមន៍ត្រៀមចេញអន្តរាគមន៍បន្ទាន់រាល់បាតុភាពផ្សេងៗដែលកើតមាន។

ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយន៍ទោ អ៊ាវ ចំរើន បានប្រាប់ឱ្យដឹងថា គណៈបញ្ជារការឯកភាពខេត្តកណ្តាល បានត្រៀមប្រើប្រាស់កម្លាំងសរុប១៤៣២នាក់ ដើម្បីប្រើប្រាស់ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យទន្លេលើកទី៤ខាងមុខនេះ រួមមានកម្លាំងនគរបាលចំនួន៩១០នាក់ តំបន់ប្រតិបត្តិការសឹករងខេត្តចំ នួន១១០នាក់ កងរាជអាវុធហត្ថ៣១១នាក់ មន្ត្រីសុខាភិបាលខេត្តចំនួន៤៨នាក់ និងកម្លាំងរបស់យោធភូមិភាគពិសេសចំនួន៥៣នាក់ផងដែរ។ ត្រៀមមធ្យោបាយអ៊ូប័រ១គ្រឿង និងរថយន្តចំនួន​៥៦គ្រឿង ក្នុងនោះនគរបាល២៦គ្រឿង រួមមានរថយន្តដឹកជញ្ជូន១៥គ្រឿង រថយន្តអគ្គីភ័យ៥គ្រឿង រថយន្តសង្គ្រោះ​១គ្រឿង និងរថយន្តស៊ីរ៉ែន៥គ្រឿង ក្រៅពីនោះរថយន្តកងរាជអាវុថហត្ថ១៥គ្រឿង តំបន់ប្រតិបត្តការសឹករងខេត្ត៨គ្រឿង មន្ទីរសុខាភិបាល៦គ្រឿងនិងរថយន្តស្ទួចរបស់មន្ទីរសាធារណៈការ១គ្រឿង៕

សូមទស្សនាវីដេអូខាងក្រោម