ស្វាយរៀង៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតជួបការលំបាក នៅថ្ងៃពុធ ១៣ រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៨ ក្រុមការងារ​សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង   ដឹកនាំដោយលោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការ​សាខា មន្ត្រីអនុសាខាស្រុកកំពង់រោទិ៍​បាននាំយកអំណោយ​មនុស្សធម៌​របស់សាខា ទៅចែកជូនប្រជាពលរដ្ឋ​ចាស់ជរា​គ្មានទីពឹងមានជម្ងឺ ៥  គ្រួសារ  អ្នករស់នៅ​ជាមួយ​មេរោគអេដស៍ ១នាក់និងស្ត្រីទើបសម្រាលកូន ១នាក់ សរុប ៧គ្រួសារ មកពីឃុំ ព្រៃធំ ស្រុកកំពង់រោទិ៍ ។

លោក សុខ រស់ ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជាស្រុក មានមតិស្វាកមន៍ និង​បានថ្លែងអំណរគុណដល់សាខា ក៍ដូចជា​សប្បុរសជន​​​នានា ដែលបានជួយឧបត្ថម្ភជាថវិកា សម្ភារ ដល់​អនុសាខា​កន្លងមក ក៍ដូចជាពេលនេះ​ធ្វើឲ្យ​អនុសាខា មានលទ្ធភាព​ក្នុងការដោះស្រាយជូនប្រជាពលរដ្ឋ ដែល​រងគ្រោះបានទាន់ពេលវេលា។ក្នុងឱកាសនោះលោកជំទាវ ពៅ សុភាព ​បានពាំនាំនូវការផ្តាំផ្ញើរការសាកសួរសុខទុក្ខ​ពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋទាំងអស់​ដោយក្តី​នឹករលឹក ហើយជានិច្ចជាកាល សម្តេច​តែងតែ​​គិតគូ​ពី​សុខទុក្ខរបស់បងប្អូនគ្រប់ពេលវេលា ។

លោកជំទាវបានបញ្ជាក់បន្ថែមដល់​អ្នក​ទទួល​អំណោយ​ទាំង ៧ គ្រួសារ ​​ដោយសង្ខេបអំពីសកម្មភាពនានា​របស់កាកបាទ​ក្រហម​​កម្ពុជា នៅថ្នាក់សាខា និង​អនុសាខា បាន​យកចិត្ត​​​​​​​​​​​​​​​​​​​​ទុកដាក់ និង ដោះស្រាយបន្ទាន់​ដល់គ្រួសារ​ដែល​រងគ្រោះ​ដោយសារគ្រោះធម្មជាតិ ដូចជា ខ្យល់កន្ត្រាក់ រន្ទះបាញ់ គ្រោះថ្នាក់ចរាចរណ៍ជាដើម ធ្វើឲ្យប្រជាពល​រដ្ឋ​ដែលរងគ្រោះ​បានធូស្រាល​មួយ​ចំណែក ហើយ​ពេលនេះ​សាខាបានគិតគូដល់លោកតា លោកយាយ ចាស់ជរាដែលគ្មានទីពឹង អ្នករស់នៅ​ជាមួយ​មេរោគអេដស៍ ជនពិកា កុមារកំព្រា ព្រោះមិនមែនតែ​ស្រុកកំពង់រោទិ៍មួយទេដែលសាខាត្រូវដោះស្រាយ គឺត្រូវ​ដោះស្រាយដល់ស្រុកផ្សេងទៀត​តាមលទ្ធភាព​ដែល​សាខាមាន ។ លោកជំទាវបាន​បញ្ជាក់​​​អំពីថា​អំណោយ​​​​ទាំងនេះគឺបានមកពីសប្បុរសជនទាំងក្នង និងក្រៅខេត្ត បានជួយឧបត្ថម្ភដល់សាខា តាម​រ​យៈ​ការ​រៀបចំទិវា ៨ ឧសភា សមាជិកភាព ហិបវិភាគទាន និងការលក់សន្លឹកឆ្នោត ។

ហើយបងប្អូនទាំងអស់​ត្រូវទុកចិត្ត​នឹង​អាជ្ញាធរដែនដី រួមទាំងកាកបាទក្រហម​កម្ពុជា​ផងដែរ ក្នុងការជួយសម្រាល​ទុក្ខលំបាក​របស់​បងប្អូន​​ដោយមិន​រើសអើងឡើយ ពោលគឺឲ្យរងគ្រោះ ព្រោះ​កាកបាទក្រហមកម្ពុជាយើងមានបណ្តាញ​អ្នកស្មគ្រ័ចិត្ត និងយុវជន​នៅ​គ្រប់​សាខា រាជធានី ខេត្ត តាមអនុសាខា​ក្រុង ស្រុកទូទាំងប្រទេស អាចចុះ​ពិនិត្យជាក់ស្តែង ផ្តល់​ព័ត៌មាន​បានយ៉ាងឆាប់រហ័ស និងធ្វើការ​ឆ្លើយតប​ភ្លាមៗ ដើម្បីយកអំណោយ​ចែកជូន​​ដល់អ្នករងគ្រោះ​បានទាន់ពេល​វេលា ។

ស្បៀង និងសម្ភារ​ដែលបាន​ចែកជូន ចាស់ជរា ៦ គ្រួសារ ក្នុង ១ គ្រួសារ ទទួលបាន អង្ករ ៣០ គ.ក្រ កន្ទេលបត់ ១ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប មុង ១ ភួយ ១ ក្រម៉ា ១ សារុង ១ ឧបត្ថម្ភស្ត្រីទើបសម្រាលកូនទទួលបាន ឃីតមួយកញ្ចប់ (ភួយ ១ ក្រមា ១ សារុង ១) ទឹកដោះគោខាប់ ៥ កំប៉ុង ស្ករស ២ គ.ក្រ អង្ករ ៣០ គ.ក្រ កន្ទេលបត់ ១ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប និងសម្រាប់ទារក អាវ ២ កំប្លេ មួក ១ មុងសម្រាប់ទារក ១ កន្សែងត្រីកោណ ១ ដុំ កន្សែងធំ ១ ស្រោមដៃ ស្រោមជើង ១ កំប្លេ សាប៊ូដុសខ្លួន ១ ដប សាប៊ូ ១ ដប ។ 

សូមទស្សនាវីដេអូខាងក្រោម