ភ្នំពេញ៖ ភ្នាក់ងារយកព័ត៌មានទូរទស្សន៍កម្ពុជាប៉ុស្ដិ៍លេខ៨HDធ្វើសេចក្ដីរាយការណ៍នៅចំណុចស្ពានអាកាស ស្តុបផ្សារដីហ៊ុយទី៥ គ្រោងបើកដំណើរការបណ្ដោះអាសន្នស្ពានអាកាសស្តុបផ្សារដីហុយឬស្ពានទី៥ដែលស្ថាបនាដោយក្រុមហ៊ុនចិនសៀងហៃនៅថ្ងៃទី១២មេសាខាងមុខនេះ ដើម្បីឱ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។
មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ប្រាប់ឲ្យដឹងថា៖ ស្ពានអាកាសស្តុបផ្សារដីហុយតាមគម្រោងរបស់ក្រសួងសាធារណការនិងដឹកជញ្ជូននឹងដាក់ឱ្យដំណើរការប្រើប្រាស់ជាបណ្តោះអាសន្ត នៅថ្ងៃទី១២មេសានេះ ដោយក្រសួងនឹងជំរុញក្រុមហ៊ុនធ្វើឱ្យបានលឿនដើម្បីឱ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ។ ស្ពានអាកាសស្តុបផ្សារដីហុយ មកដល់ពេលនេះការដ្ឋានទាំងមូលសម្រេចបានប្រមាណ៩០ភាគរយហើយខណៈគ្រឿងបង្គុំសំណង់ខាងក្រោមសម្រេច បាន១០០ភាគរយ ។បើតាមមន្ត្រីជំនាញបានបញ្ជាក់ថា៖មូលហេតុដែលបង្កឱ្យមានភាពយឺតយ៉ាវមិនបានរួចរាល់ទៅតាមគម្រោង គឺដោយសារមានបញ្ហាផលប៉ះពាល់ ពិសេសគឺបង្គោលតង់ស្យុងអគ្គីសនីកម្ពុជាមិនទាន់ដកចេញ។
មន្ត្រីជំនាញបានបញ្ជាក់ទៀតដែរថា៖ ការដ្ឋានរស្ថាបនាស្ពានអាកាស ស្តុបផ្សារដីហុយ មានបណ្តោយ៩០៥ម៉ែត្រទទឹង១៦.៥ម៉ែត្រ ស្ថិតនៅប្រសព្វរវាងមហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវហាណូយ(១០១៩) ដែលជាគម្រោង ហិរញ្ញប្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន និងទទួលបានសិទ្ធិសាងសង់ ដោយក្រុមហ៊ុន សៀងហៃ ហើយត្រួតពិនិត្យបច្ចេកទេសដោយក្រសួងសាធារណការ និងដឹកជញ្ជូន៕