បាត់ដំបង ៖ ប្រធានសហគមន៍នេសាទក្បាលតោល ស្ថិតនៅក្នុងឃុំកោះជីវាំងស្រុកឯកភ្នំ ខេត្តបាត់ដំបង កំពុងរងការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរខណៈដែលខ្លួនជាអ្នកអភិរក្ស និងការពារធនធានមច្ឆាជាតិក្នុងដែនសហគមន៍របស់ខ្លួនបែរជាប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ក្នុងដែនអភិរក្សនិងបើកដៃយកលុយឲ្យជនជាតិវៀតណាម និងខ្មែរនេសាទខុសច្បាប់ថែមទៀត។

តាមព័ត៍មានដែលទទួលបានពីប្រជាពលរដ្ឋរស់នៅលើផ្ទៃបឹងទន្លេសាប បានឲ្យដឹងថា លោកអាន ជឿន ប្រធាន​សហគមន៍នេសាទក្បាលតោល ដែលផុតអាណាត្តិជាប្រធានសហគមន៍កំពុងតែធ្វើព្យុះភ្លៀង គំរាមកំហែងប្រជានេសាទ​ខ្មែរដែលនេសាទលើផ្ទៃបឹងទន្លេសាប ក្នុងភូមិសាស្ត្រក្បាលតោលឲ្យបង់លុយឲ្យខ្លួនជាថ្នូរនឹងការមិនបង្ក្រាប​បទល្មើសនេសាទដោយក្នុងមួយរដូវសម្រាប់ការដាក់បទល្មើសនេសាទប្រភេទបរដែលមានរាប់សិនន្លែងត្រូវបង់ឲ្យប្រធានសហគមន៍នេសាទរូបនេះ២០ម៉ឺនរៀលក្នុងមួយកន្លែង ។ហើយបើកដៃឲ្យជនជាតិវៀតណាមនេសាទដោយសេរីជាមួយនឹងឧបករណ៍ មោងវិល រុញស៊ីបអូសម៉ាញ់ វៃអួនកញ្ចុះយ៉ាងគគ្រឹកគគ្រែង ។

មិនថែមតែប៉ុណ្ណោះបុគ្គលនេះអាងខ្លួនជាប្រធានសហគមន៍ និងជាសេនាធិការឲ្យមន្ត្រីជលផលសង្កាត់ក្បាលតោល ដែលតែងដើរបង្ក្រាបបទល្មើសនេសាទ ជាមួយមន្ត្រីនិងសមត្ថកិច្ចជំនាញ បានដាក់បទល្មើសនេសាទជាប្រភេទបរនៅក្នុងតំបន់អភិរក្សដែលជាជំរកពូជន៍ត្រី ។
គួរបញ្ចាក់ថាក្នុងអាណាត្តិរបស់លោក អាន ជឿន ជាប្រធានសហគមន៍នេសាទក្បាលតោលដែលមានរយៈពេល​២​ឆ្នាំ ហើយត្រូវបានផុតអាណាត្តិហើយនោះតែនៅតែអាចដំណើរការការងាររបស់ខ្លួនជាប្រធានសហគមន៍បាន រយៈពេលជិត១ឆ្នាំពុំដែលបានអនុវត្តន៍កិច្ចការងារដែលមានចែងក្នុងច្បាប់សហគមន៍របស់ខ្លួនដូចជាការផ្សព្វផ្សាយពន្យល់ដល់ប្រជាសហគមន៍ ក្នុងការអភិរក្សធនធានមច្ឆាជាតិឡើយនិងពុំដែលមានការគាំទ្រជ្រមជ្រែងដល់សមាជិក​សហគមន៍ខ្លួនឡើយពោលគឺមានតែការប្រព្រឹត្តបទល្មើសផ្ទុយពីតួនាទីខ្លួន ។ ជុំវិញការលើកឡើងខាងលើលោកអាន ជឿនប្រធានសហគមន៍ដែលផុតអាណាត្តិមិនអាចសុំការបំភ្លឺបានទេដោយទូរស័ព្ទរបស់លោកចុចចូលច្រើនដង់ពេលទទួលថាស្តាប់មិនឮ។