ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ប្រមាណ ៣,១៨៧នាក់ ក្នុងនោះនារី ១,៥៧៨នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

លោកបណ្ឌិត ហោ ប៉េង សកលវិទ្យាធិការសកលវិទ្យាល័យជាតិគ្រប់គ្រង បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា និស្សិតជយលាភីដែលទទួលសញ្ញាបត្រក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃស្អែកនេះរួមមាន និស្សិតថ្នាក់បរិញ្ញាបត្រ ២,៦៧៩នាក់ នារី ១,៤១៦នាក់ និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មានចំនួន ៥០៦នាក់ នារី ១៦២នាក់ និងថ្នាក់បណ្ឌិតចំនួន២នាក់។

លោកសកលវិទ្យាធិការបានបញ្ជាក់ផងដែរថា៖ និស្សិតដែលបញ្ចប់ការសិក្សានេះ សម្រាប់ថ្នាក់បរិញ្ញាបត្រមានការងារធ្វើចំនួន ៩១ភាគរយ, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មានការងារធ្វើ ៩៨ភាគរយ និងថ្នាក់បណ្ឌិតមានការងារធ្វើ ១០០ភាគរយ។

លោក ហោ ប៉េង ក៏បានឲ្យដឹងផងដែរថា ចាប់តាំងពីឆ្នាំសិក្សា១៩៨៨-១៩៩៨ ដល់ឆ្នាំសិក្សា២០១៦-២០១៧នេះ និស្សិតដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យជាតិគ្រប់គ្រងមានចំនួនសរុប ៤៧,៦៣៧នាក់ នារី ២០,៥២៦នាក់។ ក្នុងនោះនិស្សិតអាហារូបករណ៍មានចំនួន ៦,១៦០នាក់ នារី ២,២៣៥នាក់ និងនិស្សិតផ្នែកសិក្សាបង់ថ្លៃចំនួន ៤១,៤៧៧នាក់ នារី ១៨,២៩១នាក់។ អតីតនិស្សិតទាំងនោះបាននិងកំពុងបម្រើការងារនៅក្នុងស្ថាប័នរដ្ឋ វិស័យឯកជន និងស្ថាប័នអន្តរជាតិ ដែលមានសមត្ថភាពវិជ្ជាជីវៈខ្ពស់ប្រកបដោយឧត្តមភាព សេចក្តីថ្លៃថ្នូរ និងកិត្តិយស។

បើតាមលោក ហោ ប៉េង បច្ចុប្បន្នសាកលវិទ្យាល័យជាតិគ្រប់គ្រង មាននិស្សិតកំពុងទទួលការបណ្តុះបណ្តាលសរុបចំនួន ១០,០១១នាក់ នារី ៥,២៩៦នាក់។

លោកសកលវិទ្យាធិការ ក៏បានឲ្យដឹងផងដែរថា សាកលវិទ្យាល័យជាតិគ្រប់គ្រងជាសាកលវិទ្យាល័យរដ្ឋឈានមុខមួយ ដែលមានតួនាទីបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស បម្រើឲ្យការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសឆ្លើយតបទៅនឹងគោលនយោបាយ ស្តីពីចក្ខុវិស័យឧត្តមសិក្សា ២០៣០។

លោកបន្តថា ដើម្បីឆ្លើយតបទៅនឹងគោលដៅនៃចក្ខុវិស័យឧត្តមសិក្សា និងកំណែទម្រង់ឧត្តមសិក្សា សាកលវិទ្យាល័យជាតិគ្រប់គ្រង បានរៀបចំផែនការយុទ្ធសាស្ត្រ២០១៤-២០១៨ ដោយផ្តោតសំខាន់លើសកម្មភាពជាយុទ្ធសាស្ត្ររួមមាន៖ ១. លើកកម្ពស់សកម្មភាពបណ្តុះបណ្តាល, ២. ការពង្រឹងពង្រីកសមត្ថភាពស្រាវជ្រាវ, ៣. ការលើកកម្ពស់សកម្មភាពសេវាកម្មសហគមន៍របស់និស្សិត, ៤. ការអភិវឌ្ឍសមត្ថភាពសាស្ត្រាចារជំនាញឯកទេស, ៥. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងបរិក្ខារ និងទី៦. ការលើកកម្ពស់អភិបាលកិច្ចល្អ ដើម្បីជាមូលដ្ឋានប្រតិបត្តិក្នុងការលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាល និងការស្រាវជ្រាវនៅក្នុងសាកលវិទ្យាល័យជាតិគ្រប់គ្រង៕