(សៀមរាប)លោកឧត្តមសេនីយ៍ត្រីទិត្យណារ៉ុងស្នងការនគរបាលខេត្តសៀមរាបបានអោយដឹងថាជនដៃដល់ម្នាក់ និងអ្នកផ្ដល់គម្រោងម្នាក់ ពាក់ព័ន្ធសម្លាប់ថៅកែលក់គ្រឿងបន្លាស់នៅក្រុងសៀមរាប កាលពីថ្ងៃ២៣ ខែមេសាឥឡូវនេះត្រូវបាននគរបាលខេត្តសៀមរាបចាប់បានហើយ។

ពេលនេះកំពុងសាកសួរដោយជនសង្ស័យរូបនេះបានសារភាពថាពិតជាបានសម្លាប់ថៅកែលក់គ្រឿងបន្លាស់នោះមែនតែយ៉ា­ងណានោះលោកមិនបានបញ្ជាក់លំអិតនោះទេដោយលោកថាកំពុងបន្តការសាកសួរឲ្យបានដិតដល់សិន។

សមត្ថកិច្ចមិនទាន់បញ្ជាក់អំពីអត្តសញ្ញាណពិតប្រាកដជនសង្ស័យទាំងពីរនាក់នោះនៅឡើយទេ ពេលនេះកំពុងសាកសួរនៅស្នងការខេត្តសៀមរាប។ បើតាមព័ត៌មានពីជនសង្ស័យនេះត្រូវចាប់ខ្លួននៅយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅក្នុងស្រុកសូទ្រនិគមខេត្តសៀមរាបដោយនគរបាលខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថាជនម្នាក់ដែលសមត្ថកិច្ចចាប់ខ្លួននាពេលកន្លងទៅមានឈ្មោះព្រហ្មសុព្រឹក្សហៅថានភេទប្រុស អាយុ២៨ឆ្នាំ ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នោះ ស្ថិតនៅចំណុចព្រៃគុយក្នុងឃុំអំពិលស្រុកប្រាសាទបាគងខេត្តសៀមរាបមិនមែនជាជនដៃដល់ពិតប្រាកដទេជននោះគ្រាន់តែជាសាក្សីតែប៉ុណ្ណោះ។

សូមរឭកថាបុរសម្ចាស់អាជីវករលក់គ្រឿងបន្លាស់រថយន្តម្នាក់ ត្រូវបានឃាតករចាក់សម្លាប់ដោយកាំបិតចុងស្រួចនាអំឡុងម៉ោង២១ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ហើយទើបភ្ញាក់ផ្អើលនាម៉ោង៧ព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ដដែល។ ជនរងគ្រោះឈ្មោះពិតបារាំង អាយុ៤៥ឆ្នាំផ្ទះកើតហេតុភូមិគ្រួសសង្កាត់ស្វាយដង្គំក្រុងសៀមរាបខេត្តសៀមរាប។

ក្រោយពីធ្វើសកម្មភាពហើយជនដៃដល់បានរត់គេចខ្លួនបាត់។ ជាជំហានដំបូងសមត្ថកិច្ចបានអះអាងថាជាករណីប្លន់ ហើយសម្លាប់។ ទោះបីយ៉ាងណាក៏ដោយសមត្ថកិច្ចកំពុងស្រាវជ្រាវក្នុងរង្វង់ករណីឃាតកម្មនេះព្រោះថាសមត្ថ​កិច្ច​មិនទាន់សន្និដ្ឋានច្បាស់លាស់ថាជាអំពើប្លន់ ឬជាគំនុំនោះទេ៕