ភ្នំពេញ៖ ដោយសារតែការបើកបរខ្វះការប្រុងប្រយ័ត្ននិងខ្វះការអធ្យាស្រ័យអោយគ្នាត្រង់ចំណុចផ្លូវបំបែកជាបួនទើបបង្កឲ្យម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹងរងការខូចខាត។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ត្រង់ចំណុចខាងមុខវិទ្យាល័យឥន្ទ្រទេវី តាមបណ្តោយផ្លូវ៥៩២ កែងនិងផ្លូវ៣១៧ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញប្តីប្រពន្ធមួយគូរជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយស័រគីវ៊ីវ៉ាពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1R-8488 ដោយធ្វើដំណើរតាមបណ្តោយផ្លូវ៥៩២ ក្នុងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុស្របពេលដែលមានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម សេរី០១៨ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1GR-2496 ដែលបើកបរដោយបុរសពីរនាក់ តាមបណ្តោយផ្លូវ៣១៧ ក្នុងទិសដៅពីត្បូងទៅជើងនិងក្នុងល្បឿនយ៉ាងលឿន។ ខណៈពេលនោះក៏បង្កឲ្យម៉ូតូទាំងពីបុកគ្នាចំពីមុខពេញទំហឹងបណ្តាលឲ្យម៉ូតូវ៊ីវ៉ារងការខូចខាតបែកកាបាំងខាងស្តាំ រីឯអ្នកបើកបរទាំងពីរប្តីប្រពន្ធរបួសរលាតដៃរលាតជើងចំណែកឯម៉ូតូឌ្រីមរងការខូចខាតវាចបូមខាងមុខរីឯនាក់បើកបររងរបួសសន្លប់ស្តូកស្តឹង និងអ្នកអង្គុយពីក្រោយរងរបួសស្រាល។ភ្លាមៗនេះជនរងគ្រោះទាំងបួននាក់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅគ្លីនិកសម្ភពពន្លឺ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕