ភ្នំពេញ៖ជាថ្មីម្ដងទៀតថាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបន្ដបញ្ជាក់ថាវត្តមានប្រជាពលរដ្ឋចិន មានច្រើននៅប្រទេសកម្ពុជាព្រោះតែគម្រោងវិនិយោគរបស់ចិន និងការសាងសង់របស់ចិននៅកម្ពុជាមានច្រើន។

សម្ដេចក៏បានគូសបញ្ជាក់ថា ​ប្រទេសដទៃបើចង់មានពលរដ្ឋនៅកម្ពុជាច្រើនត្រូវបង្កើនការវិនិ យោគ និងធ្វើការដ្ឋានឲ្យច្រើននៅកម្ពុជាហើយប្រទេសខ្លះរិះគន់សម្តេច ស្និទ្ធជាមួយចិនតែការស្និទ្ធនេះដោយ សារ សម្តេចធ្វើការជាមួយចិនស្រួល​។ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែឧសភាឆ្នាំ២០១៨នេះ ក្នុងឱកាសសម្ដេចអញ្ជើញ ជាអធិបតីបើកការដ្ឋានពង្រីកនិងលើកកម្រិតគុណភាព (ពី DBST ទៅ AC) កំណាត់ផ្លូវជាតិលេខ៣ប្រវែងសរុបជិត១៣៥គីឡូម៉ែត្រ ដោយគ្រោងចំណាយថវិកាជាង ២០០ លាន ដុល្លារអាមេរិក។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតម្កល់ប្រយោជន៍ជាតិជាធំបានសង្កត់ធ្ងន់ថា ប្រទេសខ្លះគ្រាន់តែចង់រាប់អានធ្វើជាមិត្តសោះពិបាកណាស់។ដោយឡែកសម្រាប់ចិនវិញ ប្រទេសធំ ប្រជាជនច្រើនជាងគេលើពិភពលោកមិនបានគិតថាប្រទេសកម្ពុជាតូចនោះទេ ប៉ុន្ដែចិនលើកកម្រិតកម្ពុជាក្នុងភាពជាដៃគូរស្មើមុខស្មើមាត់គ្នា។សូមបញ្ជាក់ថា៖ ភ្ញៀវទេសចរចិន បានជាប់ចំណាត់ថ្នាក់លេខ១ក្នុងចំណោមភ្ញៀវទេសចរបរទេស ដែលបានមកដល់ប្រទេសកម្ពុជា នៅពេលបច្ចុប្បន្ននេះ។របាយការណ៍ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងឆ្នាំ២០១៧ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ សរុប ៥,៦០២,១៥៧នាក់ ដែលកើនឡើង ១១.៨% ក្នុងនោះទេសចរចិនមានចំនួនច្រើនជាងគេ ពោលឈរលើលំដាប់ថ្នាក់លេខ១ ដែលមានរហូតដល់ ១,២១០,៧៨២នាក់កើនឡើង ៤៥.៩ភាគរយ បើធៀបនឹងឆ្នាំ២០១៦។

ចំពោះកំណើតជនជាតិចិននេះ រដ្ឋាភិបាលចិន តាមរយៈស្ថានទូតចិនប្រចាំនៅកម្ពុជាធ្លាប់បានប្រកាសថា ចិនមិនគាំទ្រចំពោះជនជាតិខ្លួន ដែលចង់បង្កើត China Town នៅប្រទេសកម្ពុជានោះទេ ហើយរដ្ឋាភិបាលចិន នឹងប្រឆាំងចំពោះជនជាតិចិនណាមួយដែលចង់សាងសង់កាស៊ីណូ (Casino) នៅក្នុងប្រទេសកម្ពុជាក្នុងគោលបំណងទាក់ទាញជនជាតិចិន មកលេងល្បែងស៊ីសង៕