ប៉ូលិសថៃ​បានប្រកាស​ថា វិមាន​រាជរដ្ឋាភិបាល​ថៃ និងដងវិថីនៅ​ជុំវិញនោះ គឺជាតំបន់​ហាមឃាត់​សម្រាប់​គម្រោង​ដង្ហែរក្បួន របស់​ក្រុមបាតុករ​ខាងលើ ដែលប្រុងធ្វើ​ឡើងចំគម្រប់​ខួប ០៤ឆ្នាំ នៃការធ្វើរដ្ឋប្រហារយោធាទម្លាក់​រដ្ឋាភិបាល​លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ចេញពី​អំណាច​​។ អាជ្ញាធរថៃ​ក៏បានព្រមាន​ដល់ក្រុមអ្នក​តវ៉ាផងដែរ​ថា កុំឲ្យបំពាន​លើបំរាមរបស់​រដ្ឋាភិបាល​យោធា ស្តីពីការប្រមូល​ផ្តុំគ្នាតាមទី​សាធារណៈ​ឲ្យ​សោះ បើមិនដូច្នោះទេ​​អាជ្ញាធរនឹងធ្វើការ​បង្រ្កាបជាក់​ជាពុំខាន។

​នាព្រឹក​ថ្ងៃអង្គារនេះ កម្លាំង​សមត្ថកិច្ចថៃ​បានដាក់រនាំងហាមឃាត់​នៅតាមដងផ្លូវមួយ​ចំនួន ក្បែរសាកល​វិទ្យាល័យ ធម្មាសាត (Thammasat) និង​ធ្វើការ​​ត្រួតពិនិត្យ​ផ្នែកសន្តិសុខ ដែលជាហេតុបណ្តាល​ឲ្យ​ក្រុមអ្នក​បាតុករ​ត្អួញត្អែរថា​ ពួកគេ​​កំពុងត្រូវបាន​ហាមឃាត់​មិនឲ្យធ្វើការ​ប្រមូលផ្តុំគ្នា។ បើតាម​​ប៉ូលិសថៃ​​ក្រុមអ្នកតវ៉ាជាង ១០០នាក់ បានទៅជួបជុំគ្នា​នៅក្នុង​សាកលវិទ្យាល័យ គិតត្រឹមព្រលឹម​ថ្ងៃអង្គារនេះ ហើយ​មាន​អ្នក​​​ទៅដល់​​ទីនោះ​​ជាបន្ត​បន្ទាប់​ទៀត។

គួរជម្រាបថា ទាក់ទងនឹង​ការបោះឆ្នោត ​ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​នៅក្នុងប្រទេសថៃ រដ្ឋាភិបាល​យោធា​របស់ លោក ប្រាយុទ្ធ ចាន់អូចារ បានធ្វើការ​ពន្យាពេលជាច្រើន​លើកច្រើនសា ដែលពីដំបូង​ឡើយនោះគ្រោងនឹង​ប្រព្រឹត្តទៅតាំងតែពីឆ្នាំ២០១៥ មកម្ល៉េះ ហើយ​កាលបរិច្ឆេទ​​កំណត់ចុងក្រោយ​គេ​បំផុតនោះ គឺនៅខែកុម្ភៈ ឆ្នាំ២០១៩។ ទោះជា​បែបនេះក្តី មនុស្សភា​គ​ច្រើន​មានការភ័យ​ព្រួយថា វានឹង​អាច​​លើកទៅពេល​ក្រោយជាថ្មី​ម្តងទៀត៕