ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨កន្លងមកនេះ បានសម្ពោធ​ដាក់ឲ្យប្រើប្រាស់ សេវាប៉ុស្តិ៍ផ្ទេប្រាក់ ដំណើរការនៅលើ App ទាន់សម័យ នៅ សណ្ឋាគារឡឺរ៉ូយ៉ាល់ ភ្នំពេញ ដោយ​មានការអញ្ជើញចូលរួមពីឯកឧត្តម សារ៉ាក់ ខាន់​ រដ្ឋលេខាធិកា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ឯកឧត្តម អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកប្រៃសណីយកម្ពុជា បានគូសបញ្ជាក់ថា៖សេវាផ្ទេប្រាក់អន្តរជាតិអេឡិចត្រូនិច IFS (International Financial System) អភិវឌ្ឍន៍ដោយ UPU សហភាព​ប្រៃ​ស​ណីយ៍សកល ត្រូវបានដាក់ឲ្យដំណើរការ ជាលើកដំបូងជំនួសឲ្យ​ប្រព័ន្ធ​ផ្ទេរប្រាក់​​ប្រើប័ណ្ណ​អាណត្តិ​ប្រៃសណីយ៍ បន្ទាប់ពីប្រៃសណីយ៍កម្ពុជា បានភ្ជាប់ទំនាក់ទំនងជាមួយ La Bangque Postal របស់ប្រទេសបារាំង នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១២ ។ សេវាថ្មីនេះ មានសារៈ​សំខាន់ជួយ​ឲ្យបងប្អូន​ខ្មែរ​យើងនៅប្រទេសបារាំង ផ្ទេរប្រាក់ក្នុងទំហំប្រើ​ប្រា​ស់លក្ខណៈគ្រួសារបានងាយស្រួលជាងពីមុន ។

ហើយសេវា IFS របស់ UPU នេះ បន្ទាប់មកទៀតបានពង្រីក​បន្ថែម​ជាមួយប្រទេសដៃគូ ដូចជាប្រទេស  ម៉ាឡេស៊ី ថៃ វៀតណាម និងឡាវ ដើម្បីបំរើបងប្អូនខ្មែរ ចំណាកស្រុក ឬធ្វើដំណើ​រទៅធ្វើការនៅក្រៅប្រទេស អាចផ្ទេរទៅមកបានងាយស្រួល។ ថ្ងៃនេះ ប្រៃសណីយ៍កម្ពុជា បានបង្កើត​និង​ដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុប្រៃសណីយ៍ ដែលមាន​ឈ្មោះថា posttransfer ដែលផ្តោតសំខាន់ទៅ​លើ​ផ្តល់​សេវា ផ្ញើលុយក្នុងស្រុក និងក្រៅប្រទេស ព្រមទាំងការទូទាត់ផ្សេងៗ។

ជាមួយ posttransfer នេះ​បង្កលក្ខណៈសម្បត្តិ ឲ្យប្រៃសណីយ៍បានពង្រីក​សក្តានុពល​នៅក្នុ​ង​ប្រទេស ក្នុងការពង្រី​ក​ភ្នាក់ងារផ្ទេរប្រាក់ អ្នក​ប្រើ​ប្រាស់សេវាដោយផ្ទាល់ ហើយកាត់បន្ថយក្នុងការប្រើប្រាស់​ឯកសារ​ជាតម្រូវការបញ្ជាក់អត្ត​សញ្ញាណ គឺបញ្ជាក់​តែ​ម្តងនៅពេលចុះឈ្មោះ ហើយប្រើបានរហូត។ posttransfer នេះ ជាសេវាថ្មីបំផុត ដែលបានអភិវឌ្ឍន៍​កែលម្អ​ឲ្យ​កាន់តែប្រសើរឡើងថែមទៀតដោយ UPU បានបង្កើតឡើងទៅជា App សម្រាប់ប្រើបាននៅគ្រប់ទំរ​ង់​នៃទូរស័ព្ទ​វ័យឆ្លាត និងកំព្យូទ័រ ដែលបានចុះបញ្ជីដោយ UPU នៅឆ្នាំ២០១៧ ។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម សារ៉ាក់ ខាន់ បានលើកឡើងថា៖posttransfer ចាប់ផ្តើម​ពិភាក្សា​ជា​មួយ​​ប្រៃសណីយ៍កម្ពុជាលើការទូរទាត់វិក្ក័យបត្រ អគ្គីសនី ប្រើប្រាស់ទឹក របស់ប្រជាពលរដ្ឋយើង លក់សំបុត្រ​ជូន​ភ្ញៀវទេសចរណ៍ ។

ខ្ញុំសូមជម្រាបជូនថា បច្ចេកវិទ្យាថ្មីមួយនេះអាចជួយកាត់បន្ថយថ្លៃដើម​របស់ស្ថាប័នខាងនេះ​បាន​ខ្លះ​ទៀត ដូចជាមិនចាំបាច់បោះពុម្ពវិក្កយបត្រ មិនចាំបាច់ចំណាយលើអ្នកចែកវិក្កយបត្រដល់ផ្ទះអ្នកប្រើប្រាស់ និង​មិន​បាច់បង់ថ្លៃសេវាប្រមូល ឬទទួលលុយពីអតិថជន និងក៏ជួយផាត់ការចំណាយផ្សេងៗរបស់អតិថិជនទៅលើមធ្យោ​បាយបង់ថ្លៃប្រើប្រាស់សេវាកម្មដោយគ្រាន់តែស្ថាប័នខាងលើផ្តល់ការងារនេះមកឲ្យប្រៃសណីយ៍កម្ពុជា​ជាអ្នក​ចែក​វិក្កយបត្រ និងប្រមូលចំណូលជូនវិញ។

តែស្ថាប័នខ្លួនត្រូវផ្តល់កម្រៃសេវាចំនួនណាមួយដែលអាចទាបជាងការចំណាយលើការផលិតវិក្កយបត្រ+​ថ្លៃចែក​ចាយ​វិក្កយបត្រ + ថ្លៃសេវា ក្នុងការទទួលការបង់ថ្លៃសេវាកម្មរបស់ស្ថាប័នដើម្បីឲ្យប្រៃសណីយ៍កម្ពុជាបានអនុវត្តនូវតួនាទីរបស់ខ្លួនផង និងបង្កើនចំណូលចូលថវិកាជាតិផង។ ដូចគ្នានេះដែរ គ្រឹះស្ថានសាធារណៈ សហគ្រាសសាធារ​ណៈ​ទាំងអស់ងាកមកសហការជាមួយប្រៃសណីយ៍កម្ពុជា ក្នុងការផ្តល់​សេវា​ប្រមូលចំណូលសាធារណៈប្រកបដោយតម្លា​ភាព ងាយស្រួល ជឿជាក់ រហ័ស និងទំនើបកម្ម ព្រមទាំងគា​ង​គរ​ចំណូល ចូលថវិកាជាតិបន្ថែមទៀត។