បន្ថែមពីលើនេះ ថ្លែងនៅក្នុងបទ​អត្ថាធិប្បាយ​របស់ខ្លួន KCNA ក៏បានដកស្រង់​សម្ដីលោក ត្រាំ ផងដែរជុំវិញ​ការសន្យា​បញ្ឈប់ការធ្វើ​សមយុទ្ធយោធា​រួមគ្នា ជាមួយ​កូរ៉េខាងត្បូង។ ប៉ុន្តែ ខាង​សហរដ្ឋអាមេរិកមិន​ទាន់ធ្វើអត្ថាធិប្បាយ​ណាមួយ ទាក់ទិននឹងការ​លើកឡើង​នេះទេ ខណៈលោក ត្រាំ ផ្ទាល់ បានអះអាង​ជាច្រើនដងរួច​ហើយថា នឹងពុំមានឡើយ​ការដក​ទណ្ឌកម្ម​ពី​កូរ៉េខាងជើង រហូត​ទាល់តែ​ទីក្រុងព្យុងយ៉ាង បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង​​ និងប្រាកដជាមិនអាច​ត្រឡប់​ទៅអភិវឌ្ឍន៍វាឡើងវិញជាមុន​សិន។

គួរបញ្ជាក់​ថា លោក ដូណាល់ ត្រាំ និង​លោក គីម ជុងអ៊ុន បានបិទ​បញ្ចប់ជំនួប​នៅក្នុង​ប្រទេស​សិង្ហបុរី កាលពីថ្ងៃអង្គារ​ជាមួយ​ការចុះ ហត្ថលេខា​លើសេចក្ដីថ្លែងការណ៍​រួមមួយ​ គ្របដណ្ដប់លើបញ្ហា​ជាច្រើន ក្នុងនោះរួមមាន​ទាំងការសន្យា​ធ្វើការងាររួមគ្នា​ ដើម្បីឆ្ពោះទៅ រកការ​លុបបំបាត់​អាវុធនុយក្លេអ៊ែរ​នៅលើ​ឧបទ្វីបកូរ៉េ ក៏ដូចជា​ការធានា​សន្តិសុខ​ជូនរបបដឹកនាំ លោក​ គីម ជាដើម៕