ការថ្លែងបែបនេះ​របស់អង្គការ​សហប្រជាជាតិ ​(UN) ធ្វើឡើងបន្ទាប់ពី​ជំនួបកំពូលរវាង លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន កាលពីថ្ងៃអង្គារ​នៅក្នុងប្រទេស​សិង្ហបុរី បានបិទបញ្ចប់ទៅ​ដោយក្ដីរំពឹងថា ប្រទេសទាំងពីរអាច​នឹងផ្សះផ្សាជម្លោះ​នឹងគ្នាអស់​រយៈពេល​រាប់ទសវត្សរ៍​មកនេះ ដោយសារតែការ​អភិវឌ្ឍកម្មវិធីអាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង។​

ដោយឡែកពាក់ព័ន្ធ​នឹងជំនួបកំពូល​នេះដែរ អ្នកនាំពាក្យ​អគ្គលេខាធិការ UN លោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) គឺ​លោក ស្ទេហ្វិន ឌូហ្សារិច (Stephane Dujarric) បានលើក​ឡើង​ដូច្នេះថា «ចិនបានដើរ​តួនាទី​យ៉ាងសំខាន់ និងប្រកប​ដោយភាពវិជ្ជមាន​ទាក់ទិន នឹងស្ថានភាព​នៅលើតំបន់ឧបទ្វីបកូរ៉េ»។ អ្នកនាំពាក្យ​រូបនេះ​បន្ថែម​ថា លោកអគ្គលេខាធិការ​ក៏បានសាទរ​ផងដែរ​ ចំពោះកិច្ចប្រជុំជាប្រវត្តិសាស្ត្រ​រវាង​មេដឹកនាំ កូរ៉េខាងជើង និងប្រធានាធិបតី​អាមេរិក​ដោយចាត់ទុកថា វាគឺជាការវិវត្តមួយ​ដ៏​សំខាន់។

គួរជម្រាបថា លោក ដូណាល់ ត្រាំ និង​លោក គីម ជុងអ៊ុន បានបិទបញ្ចប់​ជំនួបនៅក្នុង​ប្រទេស​សិង្ហបុរី ជាមួយការចុះ​ហត្ថលេខា​លើ សេចក្ដីថ្លែងការណ៍​រួមមួយគ្របដណ្ដប់​លើបញ្ហា​ជាច្រើន ក្នុងនោះរួមមានទាំងការសន្យាធ្វើការងាររួមគ្នា ដើម្បីឆ្ពោះទៅ​រកការលុប បំបាត់អាវុធនុយក្លេអ៊ែរ​នៅលើ​ឧបទ្វីប​កូរ៉េ៕