ខេត្តកណ្តាលកសិករកំពុងញាប់ដៃជើងប្រមូលផលប្រកបដោយទឹកមុខស្រស់ស្រាយខណៈឆ្នាំនេះតម្លៃខ្ញីកើនឡើងមួយជាបីហើយដាំលើដីតែជាងកន្លះហិចតាលក់បានដល់ទៅជាង៦០លានរៀល ។​ លោក វ៉ា ម៉េងឡាយ កសិករម្នាក់នៅភូមិចុងកោះខាងកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល បានប្រាប់ឱ្យដឹងថា លោកបានចាប់របរដាំខ្ញីយូរឆ្នាំមកហើយពោលគឺតាំងនៅជាមួយឪពុកម្តាយឯណោះ ហើយក្រោយមានគ្រួសារក៏នៅតែបន្តដាំដែរហើយឆ្នាំនេះឃើញថា ខ្ញីបានថ្លៃជាងឆ្នាំកន្លងទៅ១ទ្វេរជា៣ឯណោះ។ខណៈកាលពីឆ្នាំមុន១គីឡូក្រាមលក់បានប្រមាណ​២០​០​០​​រៀល ប៉ុន្តែពេលនេះលក់បានដល់ទៅជាង៦០០០រៀលឯណោះធ្វើឱ្យអ្នកដាំទាំងគេទាំងលោកសប្បាយចិត្តមែន​ទែន។

លោកក៏បានប្រាប់ដែរថា៖ ខ្ញីបើទោះវាធ្លាក់ថ្លៃយ៉ាងណា ក៏នៅតែគ្រាន់បើជាងបន្លែផ្សេងៗទៀតដែរ ហើយបើថោកពេកគឺទុកធ្វើពូជ ហើយរបរនេះហើយដែលជួយឱ្យគ្រួសាររបស់លោក មានជីវភាពសមរម្យអាចមានលទ្ធភាពទិញត្រាក់ទ័របាន២គ្រឿងគ្រាន់ស៊ីឈ្នួលភ្ជួរដីឱ្យគេ បានកម្រៃផ្គត់ផ្គង់ជីវភាពផងដែរ ។

កសិកររូបនេះក៏បានបង្ហើបអំពីវិធីដាំដុះនិងថែទាំដែរថា ខ្ញីជាប្រភេទដំណាំមិនពិបាកដាំនិងថែទាំនោះទេ ប៉ុន្តែមុននឹងដាំត្រូវភ្ជូរដីឱ្យបាន៤ទៅ៥លើក និង៤ថ្ងៃត្រូវភ្ជួរម្តង ទើបរាស់លើករងនិងយកពូជមកដាំ។ បន្ទាប់ពីដាំគេមិនស្រោចទឹកទេដោយយកចំបើងមកគ្របលុះ១អាទិត្យទៅ១០ថ្ងៃក្រោយទើបស្រោចទឹកហើយនៅពេលខ្ញីដុះពន្លកបីទៅបួនថ្ងៃស្រោចទឹកម្តង ប៉ុន្តែនៅពេលវាដុះបាន១ចំអាមត្រូវស្រោចទឹករាល់ថ្ងៃ និង១ថ្ងៃម្តងហើយចាំតាំងពីដាំរហូតបានដល់រយៈពេល៥ខែ គឺយើងធ្វើស្មៅតែ៤ទៅ៥ដងប៉ុណ្ណោះហើយខ្ញីគេចាប់ដាំនៅខែមករា និងប្រមូលផលនៅខែឧសភា។
ឈ្មួញទិញខ្ញីម្នាក់ លោកស្រស់ តិច បាននិយាយថា ឆ្នាំនេះខ្ញី ពិតជាបានថ្លៃខ្ពស់ហួសការស្មានមែន១គីឡូក្រាមដល់ទៅជាង៦០០០រៀលឯណោះគឺថ្លៃជាងឆ្នាំទៅប្រមាណ៣ដងជាក់ស្តែងចំការខ្ញីដែលមានបណ្តោយ២០០ម៉ែត្រនិងទទឹង៣០ម៉ែត្រនេះលោកម៉ៅរហូតដល់ទៅ៦៦លានរៀលឯណោះ។

លោកក៏បានបន្តដែរថា៖ នៅពេលដែលដល់រដូវដាំ លោក ដឹកពូជយកមកកសិករដាំដោយមិនទាន់គិតប្រាក់នោះទេ ទាល់តែដល់រដូវប្រមូលផល ទើបពួកគាត់ទូទាត់ឱ្យថ្លៃពូជឱ្យមកវិញហើយនៅពេលដែលជិតដល់ លោកតែងដើរពិនិត្យមើលចំការដែលទទួលយកពូជទៅដាំនិងម៉ៅពីពួកគាត់មកវិញទៅតាមតម្លៃទីផ្សារ។ដែលការម៉ៅនោះទៀតសោតពុំមែនចាំបាច់ដកមកថ្លឹងនោះទេ គឺម៉ៅទាំងខ្ញីមិនទាន់ដកដោយយើងធ្វើការប៉ាន់ស្មានដោយការធ្វើតេស១គុម្ព២គុម្ពមើលហើយបើខ្ញីល្អ១គុម្ពអាចបានទម្ងន់ពី១,៨ទៅ២គីឡូក្រាមនិងដឹកយកទៅលក់នៅឯផ្សារនាគមាស។
លោក អ៊ុក សុគន្ធប្រធានការិយាល័យកសិកម្មស្រុកស្អាង បានមានប្រសាសន៍ថាឆ្នាំនេះខ្ញីពិតជាបានថ្លៃខ្ពស់មែនហើយអ្នកដែលមានខ្ញីលក់ក៏កំពុងត្រូវប៉ាន់ណាស់ដែរ ពោលគឺ១គីឡូក្រាមជាង៦០០០រៀលឯណោះ។ លោកក៏បានឱ្យដឹងដែរថា កោះខ្សាច់ទន្លាគឺជាឃុំមួយក្នុងចំណោមឆ្នើមទាំងឃុំ៤ របស់ស្រុកស្អាងដែលផលិតបន្លែច្រើនជាងគេផ្គត់ផ្គង់លើទីផ្សារ៕