(វ៉ាស៊ីនតោន)៖ ប៉ូលិស​អាមេរិកបានឱ្យដឹងថា មនុស្ស ០៥នាក់ ​ត្រូវបានសម្លាប់​នៅល្ងាចថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) នៅក្នុងហេតុការណ៍បាញ់ប្រហារមួយ នៅឯទីស្នាក់ការ​សារព័ត៌មាន កាសែតកាពីតូល (Capital Gazette) ក្នុងទីក្រុង អាន់ណាប៉ូលីស (Annapolis) នៃរដ្ឋ ម៉ារីឡេនដ៍ (Maryland)។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន CGTN នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ២០១៨។

យោងតាមប៉ូលិស​អាមេរិក មនុស្ស០៣នាក់ផ្សេងទៀត ក៏បានរងរបួស​ផងដែរ រីឯជនសង្ស័យ​ស្បែកសម្នាក់មាន​អាយុប្រហែល ៣០ឆ្នាំ ត្រូវប៉ូលិសចាប់ខ្លួនហើយមនុស្សជាង ១៧០នាក់ ត្រូវបានគេ​ជម្លៀសចេញពីអគារស្នាក់​ការកាសែតខាងលើ ទៅកាន់កន្លែង​មួយសុវត្ថិភាព។ ប៉ុន្តែភ្លាមៗ​មិនទាន់​មានការ​អះអាងណាមួយ​ ពាក់ព័ន្ធនឹងមូលហេតុ​នៅពីក្រោយការបាញ់​ប្រហារនេះ​នៅឡើយទេ ដោយគ្រាន់តែ​ប៉ូលិស​បញ្ជាក់ថា ការបាញ់ប្រហារនេះ គឺជាការវាយប្រហារ​មានគោលដៅ​ច្បាស់លាស់ ដោយមានសារ​ព្រមានមួយផ្ញើ​ទៅកាសែត Capital Gazette មុនករណីបាញ់​ប្រហារនេះ​កើតឡើង។

គួរបញ្ជាក់ថា នៅពេលត្រូវ​ចាប់ខ្លួន ជនសង្ស័យបានបដិសេធ​សហការជាមួយអាជ្ញាធរ​ដោយរូបគេបាន​បំផ្លាញម្រាមដៃ​របស់ខ្លួន ដើម្បីគេចវេសពីការបញ្ជាក់​អត្តសញ្ញាណ ខណៈប៉ូលិស​ជឿជាក់ថា ជនសង្ស័យរូបនេះ​ធ្វើសកម្មភាព​តែម្នាក់ឯងប៉ុណ្ណោះ។ ចំណែកឯ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ក៏បានចូលរួម​សម្ដែងមរណៈទុក្ខដល់ ក្រុមគ្រួសារ​សាច់ញាតិជនរងគ្រោះ​ផងដែរ៕