បើតាមការបញ្ជាក់​​របស់​នាយករដ្ឋមន្ត្រីហ្វាំងឡង់​​​លោក ជូហា ស៊ីភីឡា (Juha Sipila) បានឲ្យដឹងថា ការចំណាយរបស់​រដ្ឋាភិបាលទីក្រុង​ហែលស៊ីនគី គឺជាការ​ចំណាយ​ប្រកបដោយ​គុណតម្លៃត្រឡប់​មកវិញ។ ថវិកាទាំងអស់​ខាងលើនេះ គឺត្រូវបាន​ចំណាយ​ដោយក្រសួង​ពាក់ព័ន្ធ និងការិយាល័យ​ប្រធានាធិបតី​ហ្វាំងឡង់ ប៉ុន្តែសម្រាប់​សំណើ​ថវិកា​នេះត្រឡប់​មកកាន់ស្ថាប័ន​ទាំងឡាយ​វិញនោះ នឹងត្រូវបញ្ចូន​ទៅកាន់សភាហ្វាំង ដើម្បីធ្វើការអនុម័ត​ប្រសិនបើអាច​ទៅរួច។

គួរបញ្ជាក់ថា ការចំណាយទាំងអស់​​គឺទៅលើពិធីការ​ថ្នាក់អន្តរជាតិ​ជារួម ដែលប្រទេស​ធំៗនានាតែងតែធ្វើដើម្បីស្វាគមន៍​ជំនួបកំពូលៗ នៃថ្នាក់ដឹកនាំ​អន្តរជាតិ ហើយ​សម្រាប់​ប្រទេសហ្វាំងឡង់​ក៏មិនខុសគ្នាដែរ ដោយ​​ជំនួប ត្រាំ-ពូទីន ត្រូវ​បាន​អ្នក​សារព័ត៌មាន​នានា​កោត​សរសើរថា បានប្រព្រឹត្ត​ទៅដោយ​​រលូនបំផុត ដោយសារតែ​​ភ្ញៀវកិត្តិយស ជាពិសេស​​អ្នកសារព័ត៌មាន​​ផ្ទាល់ ត្រូវបានទទួល​​ស្វាគមន៍យ៉ាង​សាកសម រួមជាមួយនឹង​ការរក្សាសន្តិសុខ​សណ្តាប់ធ្នាប់បាន​យ៉ាងល្អប្រសើរ។

បើយើងរំលឹក​ទៅដល់កិច្ចជំនួបកំពូល​ជាប្រវត្តិសាស្ត្រ ត្រាំ-គីម នៅលើទឹកដី​សិង្ហបុរីនោះ រដ្ឋាភិបាល​ប្រទេសអាស៊ាន​មួយនេះ បានចំណាយ​រហូតដល់ទៅ ១២លានដុល្លារអាមេរិក នៅក្នុងការរៀបចំ​ពិធីការទាំងមូល ហើយតម្លៃ​នៃការចាយ​វាយនេះ ត្រូវបាន​នាយករដ្ឋ​មន្ត្រីសិង្ហបុរីអះអាង​ថា ជារឿងមួយដែល​លោកពេញចិត្ត​នឹងធ្វើ ដោយវា​ក៏នឹងជួយឲ្យ​សិង្ហបុរី​រីកមុខមាត់​បន្ថែមទៀត នៅលើឆាកអន្តរជាតិ​ផងដែរ៕