ភ្នំពេញ​៖​ ស្ត្រីវ័យចំណាស់ម្នាក់​ ត្រូវបងប្អូនប្រជាពលរដ្ឋ​ ប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ទឹកផ្ទះជួល​ មួយ កន្លែង។ ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងកាលពីវេលាម៉ោង​ ១និង២០នាទីរសៀល​ ថ្ងៃអង្គារ ១២កើត ខែទុតិយាសាធ ឆ្នាំច សំរឹទ្ធស័ក ពា២៥៦២ ត្រូវនិងថ្ងៃទី២៤​ ខែកក្កដា​ ឆ្នាំ២០១៨​ ស្ថិតនៅក្នុងចំណុចផ្ទះជួល​ ផ្លូវលំ​ ក្រុម១៥៦​ ភូមិ១២​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ ។ សពមានឈ្មោះ​ មាស​ ស្រីលាន​ អាយុ​ ៤៥ឆ្នាំ​ មុខរបរ​ នៅផ្ទះ​ ស្នាក់នៅផ្ទះកើតហេតុខាង​​លើ​ និងមានស្រុកកំណើតនៅខេត្តកំពង់ចាម។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានប្រាប់ឲ្យដឹង​ថាមុនកើតហេតុនៅព្រឹកថ្ងៃទី២៤​ខែកក្កដា​ឆ្នាំ​២០១៨ ​នេះ​ បង​ប្អូ​ន​ប្រជាពលរដ្ឋបានធ្វើការហៅស្ត្រីខាងលើ​ ព្រោះរាល់ដងព្រឹកឡើង​ ឃើញស្ត្រីរូបនេះបាន បើកទ្វារ ពីព្រលឹម​ រួចចេញ​មកក្រៅ​ ដើម្បីស្រាផឹកជារៀងរាល់ថ្ងៃ​ ស្រាប់តែព្រឹកមិញនេះ​ មិនឃើញរូប គាត់ចេញ មក​ខាង​ក្រៅនោះទេ​។

ដោយមានការសង្ស័យបងប្អូនប្រជាពលរដ្ឋដែលរស់នៅជិតនោះ​ ក៏នាំគ្នាស្រែកហៅស្ត្រីរូបនោះ​ តែមិនមាន​ការ​ឆ្លើយ​តប​​រួចក៏នាំគ្នាតេទៅម្ចាស់ផ្ទះខាងលើឲ្យចុះមកកន្លែងកើតហេតុ​ព្រោះថាទ្វារផ្ទះបានជាប់សោរទ្វារ​មិន​អាច​បើក​បាន។ក្រោយមកម្ចាស់ផ្ទះខាងលើបានមកដល់កន្លែងកើតហេតុ​ បាននាំគ្នាស្រែកហៅស្ត្រីរូបនេះម្តងទៀត​ តែមិនមានការឆ្លើយតប​ ហើយ​​បងប្អូនប្រជាពលរដ្ឋ​ និងម្ចាស់ផ្ទះក៏បានសម្រេចចិត្តដោយវាយបំបែកកញ្ជក់ទ្វារ​ រួចយកសោរមកចាក់បើកទ្វារ​។ ស្រាប់តែបើកទ្វារផ្ទះចូលទៅក្នុង​ ក៏ឃើញស្ត្រីនោះបានដេក​ស្លាប់នៅក្នុង​បន្ទប់​ទឹក​បាត់ទៅហើយនោះទេ។

ក្រោយពឹលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែង​ និង ធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ​ផ្នែក​​កោសល្យវិច័យ​ ដើម្បីចុះមកពិនិត្យសាកសពស្ត្រីរងគ្រោះខាងលើ។ ក្រោយពីសមត្ថកិច្ចជំនាញត្រួត​ពិនិត្យ​រួចមក​ បានបញ្ជាក់ថា​ ស្ត្រីរងគ្រោះខាងលើ​ ពិតជាស្លាប់ដោយសារតែការខ្យល់គរពិតប្រាកមែន។ ចំណែក​ឯសាកសពស្ត្រីខាងលើ​ ត្រូវបានសមត្ថកិច្ចប្រគល់ជូនយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ និង រូបភាព ទឹម វិបុល