(ភ្នំពេញ)៖ «ប្រជាពលរដ្ឋខ្មែរបានប្រើប្រាស់សិទ្ធិសេរីភាព ទៅបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យពិតនៅកម្ពុជា»។ នេះជាខ្លឹមសាររបស់ប្រមុខបក្សកាន់អំណាច និងជានាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨នេះ។

នៅលើទំព័រ Facebook របស់សម្តេ​ចតេជោ ហ៊ុន សែន ដែលត្រូវបានពលរដ្ឋកម្ពុជា ជាម្ចាស់ឆ្នោតបានបោះឆ្នោត ជូនយ៉ាងច្រើនលើសលប់ ដើម្បីឲ្យបន្តដឹកនាំប្រទេសជាតិតទៅមុខទៀតនោះ បានថ្លែងយ៉ាងដូច្នេះថា៖ «ប្រជាពលរដ្ឋខ្មែរបានប្រើប្រាស់សិទ្ធិសេរីភាព ទៅបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យពិតនៅកម្ពុជា។ យោងតាមរបាយការណ៍ប្រកាសលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ ដែលបានប្រពឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា

ឆ្នាំ២០១៨ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨នេះ គឺមានប្រជាពលរដ្ឋចំនួន៨២.៨៩% នៃចំនួនអ្នកចុះឈ្មោះបោះឆ្នោតសរុបចំនួន ៨,៣៨០,២១៧ ដែលបានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៃគណបក្សនយោបាយដែលខ្លួនពេញចិត្ត នៅការិយាល័យបោះឆ្នោតទាំងអស់ចំនួន ២២,៩៦៧»

នាយករដ្ឋមន្រ្តីដ៏មានឥទ្ធិពលរបស់កម្ពុជា ក៏បានថ្លែងអរគុណបងប្អូន កូនក្មួយ ជនរួមជាតិទាំងអស់ ដែលបានអញ្ជើញទៅបោះឆ្នោតដ៏ច្រើនលើសលប់គាំទ្រគណបក្សប្រជាជនកម្ពុជា លេខ២០ ដែលមានចំនួនរហូតដល់៤,៨៧៥,១៨៩សម្លេង។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «បងប្អូនជនរួមជាតិពិតជាបានចូលរួមយ៉ាងសស្រាក់ស្រាំជាមួយទឹកមុខញញឹមញញែម ក្នុងផ្លូវនៃលទ្ឋិប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេសបងប្អូនកូនក្មួយ បានប្រើប្រាស់សិទ្ធិរបស់បងប្អូន ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ»