ខេត្តស្វាយរៀង៖បងប្អូនដែលជាប្រជាកសិករធ្វើស្រែចំការមានចិត្តសប្បាយរីករាយយ៉ាងខ្លាំងខណៈដែលដំឡូងមីរបស់ពួកគាត់មានទីផ្សារ និងតម្លៃបានថ្លៃជាងឆ្នាំមុនៗហើយដំណាំដំឡូងមីដែលពលរដ្ឋបានដាំដុះលើផ្ទៃដី ជិត​៤០០០ហិកតា ក្នុងស្រុករមាសហែកត្រូវបានលក់នាំចេញទៅកាន់ទីផ្សារ (ពោលលក់បានទាំងសើម) ។
បើតាមលោកប៉ែន សាម៉េត ជាកសិករដាំដំឡូងមីនៅឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀងបានឲ្យដឹងថា ដំឡូង​មី​ប៉ុន្មានឆ្នាំកន្លងមកនេះ គឺមិនសូវមានទីផ្សារនោះទេដោយ១គីឡូលក់ចេញបានតែតម្លៃ១០០ ទៅ១៥០រៀលប៉ុណ្ណោះ​​ដែលធ្វើឲ្យពួកគាត់គ្មានកម្លាំងចិត្ត ក្នុងការបង្កបង្កើនផលដំណាំមួយនេះ ។ លោកបានបន្តទៀតថារហូតមកបច្ចុប្បន្ននេះ ដោយមានការគិតគូពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាជួយរកទីផ្សារនាំចេញដំឡូងមី ហើយបានតម្លៃថ្លៃគួរសម គឺលក់បាន១គីឡូចាប់ពី៣៥០ទៅ៤០០រៀលដែលធ្វើឲ្យពួកគាត់មានកម្លាំងចិត្តបន្តការដាំដុះលើដំណាំដំឡូងមីបន្តទៀតក្រៅពីការងារធ្វើស្រែចំការដែលធ្វើឲ្យជីវភាពរបស់ពួកគាត់បានល្អប្រសើរជាងមុនមួយកម្រិតថែមទៀត ។
លោកក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានជួយរកទីផ្សារទិញនូវកសិផលរបស់ពួកគាត់ និងសូមឲ្យរាជរដ្ឋាភិបាលជួយរកទីផ្សារបន្ថែមទៀតមិនថា ក្នុងស្រុកឬក្រៅស្រុកក៏ដោយជាពិសេសគឺរោងចក្រសហគ្រាស​​ដែលទទួលទិញដំឡូងមី ។ លោកចាបណុលអភិបាលរងស្រុករមាសហែកបានឲ្យដឹងថា៖នៅលើផ្ទៃដី៣៣៧៩​ហិចតា​ដែលប្រជាពលរដ្ឋបានដាំដុះដំឡូងមីហើយនាពេលបច្ចុប្បន្ននេះគឺមានទីផ្សារលក់ចេញបានតម្លៃថ្លៃគួរសមដែលប្រជាកសិករទទួលយកបានគឺខុសពីឆ្នាំមុនៗដែលមានតម្លៃទាបធ្វើឲ្យកសិករជាអ្នកបង្កបង្កើនផលខាតបង់ស្នើគ្មានទីផ្សារទិញផង។
លោកអភិបាលរងស្រុករមាសហែកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំបន្តការងារបង្កបង្កើនផលបន្ថែមទៀតព្រោះរដូវវស្សាចូលមកដល់ហើយត្រូវមានការប្រុងប្រយ័ត្នខ្ពស់។