កណ្ដាល៖ ប្រជាពលរដ្ឋនៅតាមដងទន្លេបាសាក់កំពុងមានការព្រួយបារម្ភខណៈដែលអាជ្ញាធរកំពុងត្រៀមទីទួលសុវត្ថិភាពនិងការជួយសង្រ្គោះនិងប្រកាសឱ្យមានការប្រុងប្រយ័ត្នខ្ពស់។លោក ប៊ុន ថេង  នៅភូមិកោះរំដួល និងលោកយាយហុង ហោ នៅក្នុង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល បានសម្តែងក្តីព្រួយបារម្ភថា បច្ចុប្បន្ននេះទឹកទន្លេបាសាក់ បានឡើងខ្លាំងមែនទែន ដែលកន្លែងខ្លះពេញប្រៀបស្ទើរតែហៀរផ្លូវ និងចូលភូមិទៅហើយ ធ្វើឱ្យពួកគាត់មានការព្រួយបារម្ភណាស់ ព្រោះតាំងពីឆ្នាំ២០០០មក ទឹកមិនដែលធំដូច្នេះនោះទេ ហើយក៏សូមសំណូម​ពរ​ឱ្យ​អាជ្ញាធរ មេត្តាឧស្សាហ៍ចុះមកត្រួតពិនិត្យ និងប្រកាសឱ្យប្រជាពលរដ្ឋបានដឹងផង។

អភិបាលរងស្រុកស្អាង លោក ជឺ គីមហៃ បានមានប្រសាសន៍ថា មកដល់ថ្ងៃនេះកម្ពស់ទឹកទន្លេបាសាក់នៅស្ថានីយ​កោះខែលបានឡើងដល់៧,៩ម៉ែត្រ ដែលឡើងផុតកម្រិតប្រកាសអាសន្នហើយ ក្នុងនោះឃុំដែលទទួលរងគ្រោះមុន​គេ គឺឃុំកោះខ្សាច់ទន្លា ហើយឃុំទឹ កវិល និងឃុំកោះខែល ទឹកក៏បានជន់លិចភូមិមួយចំនួនដែរ ក្នុងនោះអាជ្ញាធរ អន្តរាគមន៍ច្រ កបាវខ្សាច់ទប់ និងស្នើរខាងក្រសួងធនធានទឹក ដាក់ម៉ាស៊ីនបូមទឹកសង្គ្រោះផងដែរ។

ក្រៅពីនោះ កាលពីថ្ងៃទី២៩ កក្តដា ២០១៨ កន្លងទៅ អាជ្ញាធរស្រុកសម្រួលបើកទ្វារទឹកបឹងឆ្នោរ ដែលស្ថិតនៅក្នុងឃុំរកាខ្ពស់ ដើម្បីសម្រួលផ្លូវទឹកផងដែរ ហើយនាព្រឹកថ្ងៃទី០១ សីហា ២០១៨នេះដែរ អាជ្ញាធរស្រុកក៏បានប្រជុំពិភាក្សាដើម្បីចាត់វិធានការដើម្បីបង្ការទប់ស្កាត់ឱ្យបានទាន់ពេលវេលាដើម្បីកុំឱ្យកើតមានគ្រោះមហន្តរាយដល់ប្រជាពលរដ្ឋ។

លោក អេង មោគ អភិបាលស្រុកកោះធំ ក៏បានប្រាប់ឱ្យដឹងដែរថា៖ យោងតាមកម្រិតទឹកទន្លេបាសាក់នៅស្ថានី​យ​កោះខែល ឃើញថាកម្រិតទឹកបានឡើងហួសកម្រិតប្រកាសអាសន្នហើយ ប៉ុន្តែ មិនទាន់មានការប៉ះពាល់ដល់លំនៅដ្ឋាប្រជាពលរដ្ឋ នៅក្នុងស្រុកកោះធំនៅឡើយទេ។ ប៉ុន្តែ កាលពីយប់ថ្ងៃទី៣១ កក្តដា នេះ ទឹកទន្លេមេគង្គបានជន់លិចបណ្តាលឱ្យបាក់ទំនប់នៅស្រុកលើកដែក ធ្វើឱ្យលិចស្រូវប្រាំងរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកកោះធំប្រមាណ​ជិត១០០ហិចតា ហើយក្នុងនោះអាជ្ញាធរក៏បានជូនដំណឹងឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ហើយក៏បានត្រៀ​មទីទួលសុវត្ថិភាព និងសម្ភារៈសម្រាប់ជួយស ង្គ្រោះនៅពេលដែលជួបការលិចលង់ផងដែរ។

លោក ជន់ ប៉េងឡុង ប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តកណ្តាល បានឱ្យដឹងថា៖ មកដល់ថ្ងៃនេះ កម្ពស់ទឹកទន្លេមេគង្គមិនទាន់ជាបញ្ហាទេ ប៉ុន្តែ ទឹកទន្លេបាសាក់នៅស្ថានីយកោះខែល បានឡើងដល់៧,៤៦ម៉ែត្រ គឺ​ហួស​​កម្រិតប្រកាសអាសន្នហើយ ខណៈកម្រិ តត្រូវប្រកាសអាន្នត្រឹម៧,៤០ម៉ែត្រ ហើយបើតាមការព្យាករណ៍នៅថ្ងៃ​ទី២ ដល់ទី៤សីហា ២០១៨នេះ ទឹកទន្លេបាសាក់នឹងកើនឡើងរហូតដល់៧,៦៣ម៉ែត្រ ពោលគឺថ្ងៃទី២ កម្ពស់ ៧,​៥៣ ថ្ងៃទី៣នឹងឡើងដល់ ៧,៥៩ម៉ែត្រ និងថ្ងៃទី៤ មានកម្ពស់៧,៦៣ម៉ែត្រ៕ ធឿនវុទ្ធី