ខេត្តបាត់ដំបង៖ខណះតំបន់ផ្សេងមួយចំនួនកំពុងជន់លិចបែរជាដំណាំស្រូវប្រជាពលរដ្ឋជាង៧០០០ហិកតានៅស្រុកគាស់ក្រឡខេត្តបាត់ដំបងកំពុងប្រឈមនឹងគ្រោះរាំងស្ងួត​ទៅវិញ។
ប្រជាពលរដ្ឋរស់នៅឃុំព្រះផុស បានលើកឡើងថា៖នៅឃុំរបស់ពួកគាត់ខានមានភ្លៀងធ្លាក់ជិត២ខែមកហើយតែបើភ្លៀងក៏ក្នុងលក្ខណៈតិចតួចបំផុតដែលធ្វើអោយ​ប៉ះពាល់ដំណាំស្រូវ​រាប់ពាន់ហិកតារបស់អ្នកភូមិកំពុងប្រឈមនឹងបញ្ហាក្រៀមស្វិតហើយបើភ្លៀងនៅតែអូសបន្លាយមិនធ្លាក់មកទៀតសូម្បីតែមនុស្សឬសត្វពាហនៈ ក៏មិនមានទឹកប្រើប្រាស់ និងផឹកដែរព្រោះពេលនេះមានតែប្រឡាយអត់ប្រភពទឹកហូរចូល ចំនែកទឹកស្រះក៏នៅសល់តិចតួច។
យោងតាមរបាយការណ៍ចេញដោយការិយាល័យកសិកម្មស្រុកគាស់ក្រឡ បានបញ្ជាក់ថា៖ គិតត្រឹម​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨​នេះផ្ទៃដីស្រូវរងគ្រោះ​ដោយសារភាពរាំងស្ងួតខ្វះទឹក នៅក្នុងស្រុកគាស់ក្រឡបានប៉ះពាល់ស្រូវរបស់ប្រជាពលរដ្ឋចំនួន៧៥០០ហិកតាក្នុងឃុំចំនួន៥ រួមមាន៖​ឃុំគាស់ក្រឡប៉ះពាល់ចំនួន១០១៤ហិកតា, ឃុំហប់ ប៉ះពាល់ចំនួន៩៤៧ហិកតា, ឃុំព្រះផុស ប៉ះពាល់ចំនួន៣០៨៨ហិកតា -ឃុំដូនបា ប៉ះពាល់ ចំនួន៧៧ហិកតា និងឃុំឆ្នាល់មាន់ ប៉ះពាល់ចំនួន២៣៧៤ហិកតា ក្នុងនោះធ្ងន់ធ្ងរចំនួន២២៧៦ហិកតា។
គួរបញ្ជាក់ថា៖ សំរាប់​ខេត្តបាត់ដំបង បើយោងតាម​របាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបងកាលពីដើមរដូវវស្សាមានករណីគ្រោះរាំងស្ងួតបានប៉ះពាល់ស្រូវស្រាលរបស់ប្រជាពលរដ្ឋប្រមាណជាង២០ ០០០ហិកតាដោយឡែកបច្ចុប្បន្ននេះប៉ះពាល់ទៅលើទឹកជំនន់ទឹកភ្លៀង​នៅក្នុងស្រុកចំនួន៥មានស្រុកមោងឫស្សី ស្រុកសង្កែ ស្រុកឯកភ្នំស្រុកបវេល និងស្រុកថ្មគោលសរុបផ្ទៃដីស្រែចំនួន ៣៨០៨ហិកតា និងខូចខាតទាំងស្រុងចំនួន ២៧៩៩ហិកតា ៕អេប ពៅ