(ស្វាយរៀង)៖ លោកផឹងនិលប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី៧ ខែសីហាឆ្នាំ២០១៨នេះបានដឹកនាំមន្ត្រីក្រោមឱវាទចុះពិនិត្យទំនិញបន្លែផ្លែឈើនៅទីតាំងផ្សារវាលយន្ត ក្នុងនោះរកឃើញទឹកតៅហ៊ូចនួន២៩ដបនិងបង្គាក្រៀមព្រមទាំងទំនិញខូចគុណភាពជាច្រើនមុខទៀត ដែលដាក់តាំងលក់នៅផ្សារវាលយន្ត ក្រុងស្វាយរៀងខេត្តស្វាយរៀង ហើយបានដកហូតយកទៅដុតកម្ទេចចោល។

លោក ផឹងនិលបានថ្លែងថា ដោយមានការណែនាំពីឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្នុងនោះកាំកុងត្រូលខេត្តស្វាយរៀង តែងតែចុះពិនិត្យមុខទំនិញបានជាច្រើនលើក ហើយការចុះពិនិត្យមុខទំនិញនៅថ្ងៃនេះ ក្នុងគោលបំណងធានាបានសុវត្ថិភាពម្ហូបអាហារ ជូនប្រជាពលរដ្ឋ និងលើកកម្ពស់សុខមាភាពដល់ពួកគាត់ព្រោះវាមានសារសំខាន់ចាំបាច់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ។

ឯកឧត្តមបានបន្តទៀតថា៖ ការទទួលខុសត្រូវលើសុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងអ្នកទាំងអស់គ្នាជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាព គឺជាកត្តាចំបង នៃភាពរស់រាននៃជីវិត។ឯកឧត្តមបានបញ្ជាក់ថា៖ មន្ត្រីជំនាញ​បានធ្វើការចុះពិនិត្យមុខទំនិញជាច្រើនមុខ ក្នុងទីតាំងផ្សាវាលយន្តនាពេលនេះ បានរកឃើញទឹកតៅហ៊ូ ចំនួន២៩ដបខូចគុណភាពនិងទំនិញហួសកាលបរិច្ឆេតមួយចំនួនទៀតផងដែរក្នុងនោះមន្ត្រីជំនាញបានធ្វើតេស្តទៅលើមុខទំនិញជាច្រើនមុខមានដូចជាបន្លែ ផ្លែឈើ ផ្អក ប្រហុក ជ្រក់សណ្តែកបណ្តុះ។ល។

ចំណែកអ្នកលក់​ក៏បានយល់ព្រមបញ្ឈប់ការដាក់លក់ទំ​និញដែលខូចគុណភាព ហួសការបរិច្ឆេទប្រើប្រាស់ ព្រោះពួក​គេទាំងអស់នោះ​បានយល់ដឹង នូវផលប៉ះ​ពាល់ដល់​សុខភាពនៅពេលដែលប្រើប្រាស់ទំ​និញដែលខូចគុណភាព។ជា​មួយគ្នានោះ លោក ផឹងនិលបានអំពាវដល់ប្រជាពលរដ្ងទាំងអស់ នៅខេត្តស្វាយរៀង សូមមានការប្រុងប្រយ័ត្នចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើល​ស្លាកសញ្ញាកាលបរិច្ឆេទ​ឲ្យបានច្បាស់លាស់ មុន​ទិញយកទៅបរិភោ​គ ដើម្បីចូលរួមលើកកម្ពស់សុខមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល នឹងបន្តចុះ​ពិនិត្យទំនិញនៅតាមផ្សារនានា នៅក្នុងខេត្តស្វាយរៀង ឲ្យបានញឹកញាប់បន្ថែមទៀត៕