ភ្នំពេញ ៖ បុរសពីរនាក់រួមដំណើរដោយរថយន្តហាយឡែនឌ័រមួយគ្រឿង បានបោះពួយយ៉ាងលឿន និងសង្ស័យគេចពីអ្វីមួយ ស្របពេលមានភ្លៀងរអិលផងស្រាប់តែរេចង្កូតធ្លាក់ផ្លូវ ចូលប្រឡាយទឹកស្អុយ បណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែមិនបង្កឲ្យមនុស្សរងរបួសនោះទេ ។ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃ អង្គារទី៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមុខសាលាក្តីខ្មែរក្រហម តាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុនោះគឺ គេសង្កេតឃើញរថយន្តបង្កម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AQ.9709 ដែលមានបុរសពីរនាក់រួមដំណើរក្នុងរថយន្តបង្កបានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ចេញពីខេត្ត ឡើងមកភ្នំពេញ ទឹសដៅពីលិច ទៅកើត ខណះមក ដល់ចំណុចកើតហេតុ ខាងលើ សង្ស័យអ្នកបើកបរ គេចពីអ្វីមួយឬក៏រអិលស្រាប់តែរេចង្កូតមកខាងឆ្វេងដៃ ធ្លាក់ផ្លូវ ចូល ប្រឡាយទឹកស្អុយ លិច ម៉ាសុីនរថយន្តខាងមុខបាត់ និងបណ្ដាលឲ្យរថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ តែសំណាងល្អមិនបង្កឲ្យមនុស្សទាំងក្នុងរថយន្ត និងអ្នកដំណើរតាមផ្លូវ រងរបួសនោះទេ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ ដល់ទីតាំងកើតហេតុភ្លាមៗ ដោយឃើញថា រថយន្តបង្កមិនធ្វើឲ្យខូចខាតដល់សម្បត្តិរដ្ឋ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ ទើបសម្រេចប្រគល់រថយន្តបង្កឲ្យទៅម្ចាស់ ស្ទួចយកទៅជួសជុលខ្លួនឯង ៕

ដោយ៖ ចាន់តូ