ការលើកឡើងបែបនេះរបស់ លោក មូន ជែអ៉ីន ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីលោកបានបញ្ចប់ជំនួបកំពូល អន្តរកូរ៉េលើកទី០៣ ជាមួយលោក គីម ជុងអ៊ុន ក្នុងទីក្រុងព្យុងយ៉ាង និងត្រឡប់មកដល់ទីក្រុងសេអ៊ូលវិញ កាលពីថ្ងៃព្រហស្បតិ៍។ ថ្លែងនាឱកាសនោះ លោក មូន បានគូសបញ្ជាក់ដូច្នេះថា៖ «លោកប្រធាន គីម បានបង្ហាញពីចេតនាចង់លុបបំបាត់អាវុធនុយក្លេអ៊ែរ ទាំងស្រុងឱ្យបានឆាប់រហ័ស ហើយងាកមកផ្ដោតសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ចវិញ…លើសពីនេះទៅទៀត លោកក៏សង្ឃឹមដែរថា នឹងអាចជួបជាមួយលោក ដូណាល់ ត្រាំ ក្នុងពេលឆាប់ៗនេះ ដើម្បីចរចាពីការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ជាពិសេស គឺការចុះសន្ធិសញ្ញាបញ្ចប់សង្រ្គាមកូរ៉េជាផ្លូវការ ក្នុងឆ្នាំ២០១៨នេះ»

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ និង លោក គីម ជុងអ៊ុន ធ្លាប់ជួបគ្នាម្ដងរួចមកហើយនៅក្នុងកិច្ចប្រជុំកំពូលរៀបចំឡើងនៅឯ ប្រទេសសិង្ហបុរី កាលពីខែថ្ងៃទី១២ ខែមិថុនា។ ដោយឡែក នៅពេលត្រូវបានសាកសួរពីជំនួបលើកទី០២ រវាងមេដឹកនាំទាំងពីរ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert ក៏បានបញ្ជាក់ដែរថាសហរដ្ឋអាមេរិកបានត្រៀមខ្លួនរួច ជាស្រេចដើម្បីរៀបចំជំនួបនេះ៕