(ភ្នំពេញ)៖​ យោងតាមការប្រកាសពីក្រសួងកាបរទេស និងកិច្ចសហប្រតិបត្តិអន្តរជាតិបានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹង អញ្ជើញទៅចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងកិច្ចប្រជុំពាក់ព័ន្ធ ផ្សេងទៀត ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងញូវយ៉ក។
មហាសន្និបាតនេះនឹងប្រព្រឹត្តទៅ ក្រោមមូលបទ “ធ្វើឲ្យ អង្គការសហប្រជាជាតិមានសារៈសំខាន់ពាក់ព័ន្ធជាមួយប្រជាជនទាំងអស់: ភាពជា អ្នកដឹក នាំ សកល និងការទទួលខុសត្រូវរួម សម្រាប់សង្គមប្រកបដោយសន្តិភាព សមធម៌ និងនិរន្តរភាព” ។
អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិ បត្តិការអន្តរជាតិ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ព្រមទាំងឥស្សរជនសំខាន់ៗមួយចំនួនទៀត។
នៅទីក្រុងញូវយ៉ក សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងធ្វើសេចក្តីថ្លែងការណ៍មួយផ្តោតលើការ វិវត្តនាពេលថ្មីៗ និងសមិទ្ធផលសំខាន់ៗដែលរាជរដ្ឋាភិបាលសម្រេចបាន និងបញ្ហាតំបន់ និងអន្តរជាតិដែលជាការព្រួយបារម្ភរួម។
ក្រសួងកាបរទេស និងកិច្ចសហប្រតិបត្តិអន្តរជាតិបានឲ្យដឹងបន្តថាក្នុងឱកាសនៃការអញ្ជើញចូលរួមក្នុងមហា​សន្និ​បាតអង្គការសហប្រជាជាតិ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងជួបពិភាក្សាទ្វេភាគីដាច់ដោយឡែកពីគ្នា ជាមួយឯកឧត្តម អង់តូនីញ៉ូ ហ្គូតេរ៉េស (AntónioGuterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តម បូយកូ បូរីស្សូវ (BoykoBorissov) នាយករដ្ឋមន្រ្តីប៊ុលហ្ការី ឯកឧត្តម ខាដហ្កា ប៉្រាសាទ ស្សាម៉ា អូលី (Khadga Prasad Sharma Oli) នាយករដ្ឋមន្រ្តីនេប៉ាល់ និងជួបពិភាក្សាដោយមិត្តភាពជាមួយប្រមុខរដ្ឋនិងរដ្ឋាភិបាលនៃប្រទេស​មួយចំនួនទៀត។ ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងជួបជាមួយសហគមន៍ខ្មែរដែលរស់នៅសហរដ្ឋអាម៉េរិក និងកាណាដា ផងដែរ។
នៅក្នុងកម្រិតថ្នាក់រដ្ឋមន្រ្តីវិញ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី នឹងជួបពិភាក្សាទ្វេភាគីជាបន្តបន្ទាប់ជាមួយសម​ភា​​គី​របស់ឯកឧត្តមមកពីប្រទេសអូស្រ្តាលី កាណាដា ហ៊្សកហ្ស៊ី អេស្តូនី ហុងគ្រី ស៊ែប៊ី និង មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេស​អាម៉េរិក ក្រសួងការបរទេសចក្រភពអង់គ្លេស និងពីបណ្តាប្រទេសមួយចំនួនទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីនឹងចុះហត្ថលេខាជាមួយឯកឧត្តម ZohrabMnatsakanyanរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋអាមេនី លើអនុស្សរណៈស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃសាធារណរដ្ឋអាមេនី។
គណៈប្រតិភូកម្ពុជាក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានក្រៅផ្លូវការ (IAMM) កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយ ប្រធានកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ (AUMM)កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីស្តីពីចលនាមិនចូលបក្សសម្ព័ន្ធ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃប្រទេសដែលមានការអភិវឌ្ឍយឺត កិច្ចប្រជុំក្រុមប្រទេស ៧៧ និងចិន និង កិច្ចប្រជុំជាច្រើនទៀត។ សូមរំលឹកថា នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការិនីរោចក្រនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចំនួន២ម៉ឺន ៧ពាន់​៤៤៤​នាក់មកពីរោងចក្រចំនួន២៤ នាព្រឹកថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា នៅចុងខែកញ្ញានេះសម្តេចនឹងធ្វើដំណើរទៅកាន់ទីក្រុងញ៉ូវយក សហរដ្ឋអាម៉េរិកដើម្បីចូលរួមសន្និបាតអង្គការសហប្រជាជាតិ ហើយឆ្នាំនេះកម្ពុជាជាអនុប្រធានមហាសន្និបាតអង្គការសហប្រជាជាតិដដែល។ សម្តេចតេជោបានឲ្យដឹងថា សម្តេចនឹងមានការថ្លែងសុន្ទរកថានៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ និងមានការជួបជាមួយថ្នាក់ដឹកនាំមួយចំនួន ។ សម្តេចតេជោបានបញ្ជាក់ថា នៅក្នុងបណ្តាសង្គមហ្វេសប៊ុកសម្តេចបានឃើញប្រជាពលរដ្ឋខ្មែរយើងនៅអាម៉េរិកបានបង្ហោះវីដេអូថ្លែងការគាំទ្រស្វាគមន៍ និងនឹករលឹកសម្តេច ប្រជាពលរដ្ឋខ្មែរនៅអាម៉េរិកកំពុងរង់ចាំជួបជាមួយសម្តេច ហើយសម្តេចនឹងអាចជួប២ឬ៣ដងជាមួយប្រជាជនខ្មែរ៕