ថ្ងៃចន្ទនេះដែរ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ បានអំពាវនាវ​សុំការជួយពី​អន្តរជាតិ​ក្រោយពី​ប្រទេសអាស៊ាន​​មួយនេះ បានទទួល​រង​ការ​វាយ​ប្រហារ​យ៉ាងដំណំ​ដោយគ្រោះធម្មជាតិ​ខាងលើ។ ប្រធានផ្នែក​​វិនិយោគ​​នៃ​រដ្ឋាភិបាល​​ឥណ្ឌូណេស៊ី លោក ថម ឡេមបុង (Tom Lembong) បាន​ឲ្យ​ដឹង​ថា ប្រធានាធិបតី​ឥណ្ឌូណេស៊ី ដែលបានចុះ​​ទៅកាន់តំបន់រងគ្រោះ​​ដោយផ្ទាល់ កាល​ពី​ម្សិលមិញ​បានអនុញ្ញាតឲ្យ​បើកទ្វារ​ទទួលជំនួយ​ពីអន្តរជាតិ សម្រាប់ការឆ្លើយតប​​ជាចាំបាច់​ចំពោះ​គ្រោះ​មហន្តរាយ។

បន្ថែមពីនេះ​​​ទីភ្នាក់ងារ និងអង្គការក្រៅ​រដ្ឋាភិបាល (NGOs) នានា ព្រមទាំង​រដ្ឋាភិបាល​បរទេស​រួមមាន អូស្រ្តាលី ថៃ នូវែលសេឡង់ ​និងតួកគី ជាដើម​នោះ បានតម្រង់ជួរគ្នា​ដើម្បីត្រៀមផ្តល់​ជំនួយ ខណៈដែល​រដ្ឋាភិបាលឥណ្ឌូណេស៊ី កំពុងជួប​ការ​លំបាក​​ក្នុង​ការ​កំណត់​​ទំហំ​​ទាំង​ស្រុង​​នៃ​ការ​បំផ្លិច​បំផ្លាញ ដោយសារ​គ្រោះធម្មជាតិ​ដ៏អាក្រក់នេះនៅឡើយ។

គួរជម្រាបថា ​អាជ្ញាធរឥណ្ឌូណេស៊ី​កំពុងខ្នះខ្នែងនាំយក​ស្បៀងអាហារ និង​បរិក្ខាចាំ​បាច់ផ្សេងៗ​ទៅកាន់កោះ Sulawei ​នាថ្ងៃចន្ទនេះ ស្របពេលដែល​ចំនួនមនុស្សបាត់​បង់ជីវិត ច្បាស់ណាស់ថា នឹងបន្តកើនឡើង​ថែមទៀត នារយៈពេល ០៣​ថ្ងៃ ​ក្រោយ​​ការ​​វាយ​​​ប្រហារ​ពីរញ្ជួយដី​កម្រិត ៧.៧រ៉ិចទ័រ (ក្រោយមកត្រូវបានទម្លាក់មក ៧.៥រ៉ិចទ័រ) និងរលកយក្ស​ស៊ូណាមិ ដែលបង្កឡើង​ដោយគ្រោះរញ្ជួយដី​នេះ៕