ខេត្តបន្ទាយមានជ័យ ៖ឯកឧត្តម សួន បវរ អភិបាលខេត្ត បានបញ្ជាទៅអភិបាលក្រុងសិរីសោភ័ណ ឲ្យមានវិធានការរើផ្ទះទឹកចេញពីក្នុងស្ទឹង សិរីសោភ័ណ ដើម្បីរៀបចំធ្វើជាទីតាំងបណ្តែតប្រទីបក្នុងពីធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ នាពេលខាងមុខនេះ។
ផ្ទះទឹកនៅទីនេះ គឺជាភោជនីយដ្ឋានឬហាងកាហ្វេ ដែលគេធ្វើបណ្តែតនៅក្នុងទឹកស្ទឹងសិរីសោភ័ណ ជាប់ខាងជើងក្បាលស្ពានព្រះពន្លា ។ ផ្ទះទឹកដែលគេធ្វើបណ្តែតក្នុងស្ទឹងសិរីសោភ័ណនេះ មានរយៈពេល២ទៅ៣ឆ្នាំមកហើយហើយប្រជាពលរដ្ឋក៏តែងធ្វើការរិះគន់ ដោយសារតែព្រួយបារម្ភពីបញ្ហាបរិស្ថាន និងធ្វើឱ្យបាត់បង់សោភ័ណភាព និងសណ្តាប់ធ្នាប់ ។
លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានប្រាប់ ថា ដោយមានការណែនាំ ឯកឧត្តម សួន បវរ អភិបាលខេត្ត បានជូនដំណឹងទៅម្ចាស់ផ្ទះទឹកជាប់ក្បាលស្ពានព្រះពន្លា ក្រុងសិរីសោភ័ណ ឲ្យរុះរើផ្ទះទឹកនេះចេញ ដើម្បីយកធ្វើកន្លែងបណ្តែតប្រទីបដែលអាជ្ញាធរខេត្តតែងធ្វើរាល់ឆ្នាំក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែរយៈពេល៣ថ្ងៃ ។
លោកអភិបាលក្រុងបញ្ជាក់ថា តាមការណែនាំរបស់ អភិបាលខេត្ត ក៏ដូចជាសំណូមពររបស់ប្រជាពលរដ្ឋ គឺសុំឱ្យម្ចាស់ផ្ទះទឹករុះរើចេញមុនថ្ងៃបុណ្យមកដល់ ៕