ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់ទីក្រុងប៉ារីស នៃសាធារណៈរដ្ឋបារាំង ប្រតិភូរដ្ឋ​បាល​​រាជធានីភ្នំពេញ ដឹកនៃដោយឯ.ឧ ឃួង ស្រេង  អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ​ និងលោកជំទាវ បាន​ចូល​ជូបពិភាក្សា​ការ​ងារ​ជាមួយលោកស្រី Pauline CARMONA អនុប្រធាននាយក​ដ្ឋានកិច្ចការអាស៊ី និងអូសេអានី នៃ​ក្រសួង​ការ​បរទេសបារាំង ដែលផ្តោតទៅលើកិច្ចសហប្រតិបត្តិការកម្ពុជា.បារាំង ជាពិសេសកិច្ចសហប្រតិបត្តិការ រវាង​រាជធានី​ភ្នំពេញ និងទីក្រុងប៉ារីស។

លោកស្រី Pauline Carmona បានអះអាងពីការជួយដល់រាជធានីភ្នំពេញ,បន្តការគាំទ្រលើជំនួយអភិវឌ្ឍន៏ និងជំនួយបច្ចេកទេសតាមរយះទីភ្នាក់ងារអភិវឌ្ឍន៏ បារាំង អា.អេហ្វ.ដេ(AFD) សំរាប់រាជធានីភ្នំពេញដើម្បីជួយដល់​គំរោង​ជាអាទិភាពនានា ដែលរាជធានីភ្នំពេញកំពុងតែអនុវត្ត។ លោកស្រី Pauline Carmona បានកោតសរសើរ​ដល់ខិតខំប្រឹងប្រែងរបស់រដ្ឋបាលរាជធានីភ្នំពេញ របស់ឯ.ឧអភិបាលក៏ដូចរាជរដ្ឋាភិបាលកម្ពុជា ដែល​មាន​សម្តេច​អគ្គមហេសេនាបតីតេជោហ៊ុនសែន ជាប្រមុខ បានដាក់ចេញនូវគោលដៅអភិវឌ្ឍន៏ទីក្រុង ក្នុងនោះមាន៖ ការដាក់​ចេញនូវការកសាងប្លង់គោលនៃការអភិវឌ្ឍន៏ទីក្រុង និងប្លង់គោលដឹកជញ្ជូនសាធារណៈ ធ្វើឲ្យមាននិរន្តរភាពសំរាប់ ការវិនិយោគយូអង្វែងដែលគ្មានហានិភ័យ។

ឯ.ឧ ឃួង ស្រេង បានថ្លែងអំណរគុណដល់ភាគីបារាំង តែងបានជួយឧបត្តម្ភ ដល់រាជធានីភ្នំពេញ។ ឯ.ឧ បានរំលឹកឡើងវិញ នូវអនុស្សាវរីយ៏ជាប្រវត្តិសាស្ត្រ ដ៏មានតំលៃបំផុតដែលជាផ្នែក១នាំទៅដល់ការចុះកិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស ឆ្នាំ១៩៩១ គឺជំនួបចចាររវាងសម្តេចព្រះនរោត្តម សីហនុ និងសម្តេច ហ៊ុន សែន នៅហ្វែរ អង់តា ដឺន័រ(Fere En Tadenois)។ ជាមួយគ្នានេះរដ្ឋាភិបាល ក៏ដូចទីក្រុងប៉ារីស បានផ្តល់ជំនួយជាបន្តបន្ទាប់​រួម​ទាំង​ជំនួយផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ក៏ដូចការបណ្តុះបណ្តាលធនធានមនុស្ស ដល់រដ្ឋបាលរាជធានីភ្នំពេញ ក្នុង​ក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលកន្លងមក។

ឯ.ឧអភិបាល ក៏បានគាំទ្រដល់គំរោងសិក្សាជំហ៊ានទី៣ របស់​ភាគីបារាំង លើគំរោងសាងសង់ប្រពន្ធ័ដឹកជញ្ជូន​Tramway នៅរាជធានីភ្នំពេញ ហើយឯ.ឧ គាំទ្រពេញ​ទំហឹង​ចំពោះគំរោងនេះដែលជាប្រពន្ធ័ ដឹកជញ្ជូនសាធារណៈដ៏សំខាន់កាត់បន្ថយការកកស្ទះចរាចរ ពង្រីកតំរាយផ្លូវធ្វើ​ដំណើរឧ្យិកាន់តែទំនើប និងទាន់សម័យ បង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលកំពុងមាន​ការកើនឡើងឥតឈប់ឈរក្នុងរាជធានីភ្នំពេញនាពេលបច្ចប្បន្ន៕