ខេត្តកំពត៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ចិកា ឆ្នាំ ២០១៨ខេត្តកំពតបានបង្កើតឡើងនូវកម្មវិធីព្រឹត្តិការណ៍​រត់​ប្រណាំងដែលមានចម្ងាយ៦គីឡូម៉ែត្រនៅក្នុងក្រុងកំពត ដើម្បី​រួមចំណែកធ្វើ​ឱ្យ​ប្រសើរឡើង​នូវ​សុខុមាលភាព​របស់​មនុស្ស​នៅក្នុង​សង្គមក្រោមប្រធានបទ«សុខភាព​ផ្លូវភេទ សុខភាព​បន្ត​ពូជនិងសិទ្ធ» ។

កម្មវិធីនេះមានការចូលរួម ពីសំណាក់ឯកឧត្តម ជឹង ផល្លា អភិបាលរងខេត្តតំណាងឯកឧត្តមជាវ តាយអភិបា​ល​​នៃគណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ក្នុងខេត្ត និង កីឡាករ  កីឡាការិនីមកពីគ្រឹះស្ថានសិក្សាទាំងរដ្ឋនិងឯកជននៃបណ្ដាស្រុក ក្រុងទាំង៨ក្នុងខេត្តព្រមទាំងអង្គរ៉ាក់និងជនបរទេ​ស​ សរុបប្រមាណជិតមួយពាក់នាក់។

លោកជឹង ផល្លា អភិបាលរងខេត្តបានមានប្រសាសន៍លើកបញ្ជាក់ក្នុងឱកាសនោះថា៖ វិស័យអប់រំកាយ និងកីឡា គឺជាវិស័យអាទិភាពដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែនជានាយករដ្ឋមន្ត្រី បាននឹងកំពងបន្តយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពដើម្បីរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាពនិង សមធម៌។ ព្រោះថាកីឡាមិនត្រឹមតែនាំមកនូវសុខភាពល្អ ភាពសប្បាយរីករាយ សាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការទាំងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងលើកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិផងដែរ។

ដូចនេះព្រឹត្តិការណ៍នៃការចូលរួម រត់ប្រណាំងនាថ្ងៃនេះសបញ្ជាក់អោយឃើញ ពីការយកចិត្តទុកដាក់ ចំពោះការថែរក្សា សុខភាព សាមគ្គីភាព មិត្តភាព ភាតរភាព និងការលើកកម្ពស់ វិស័យអប់រំកាយ និងកីឡារបស់យើងអោយកាន់តែរីកចម្រើនបន្ថែមទៀត។

លោកជឹង ផល្លាក៏បានថ្លែងអំណរគុណ និងកោតសរសើរ ដល់មន្ទីរ អប់រំ យុវជន និងកីឡាខេត្តកំពតនិងដៃគូពា​ក់​​​ព័ន្ធទាំងអស់ សប្បុរសជននានា ជាពិសេស អង្គការរ៉ាក់ ដែលបានជួយសហការឧបត្តម្ភសម្រាប់ដំណើរការកម្ម​វិធី​នេះ និងបានផ្ដាំផ្ញើដល់កីឡាករ កីឡាការិនីទាំងអស់ខិតខំហ្វឹកហាត់ដើម្បីនាំមកនូវកិត្តិយសថ្មីៗបន្ថែមទៀតជូនជាតិមាតុភូមិក៏ដូចជាខេត្តកំពត ក្នុងការឆ្លើយតបអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចតេជោហ៊ុន សែន ដែលកម្ពុជាយើង​នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតស៉ីហ្គែមនៅឆ្នាំ២០២៣នាពេលខាងមុខឆាប់នេះ។

សូម​​​​​​​​​​​​​​​​​​​​​​​​​បញ្ជាក់ថា៖ព្រឹត្តិការណ៍ការរត់​បែប​កំសាន្ត និង​ម៉ា​រ៉ា​តុងនេះគឺ ក្នុង​គោលបំណង​ធ្វើ​ឱ្យ​ប្រសើរឡើង​នូវ​សុខុមាលភាព​របស់​មនុស្ស​នៅក្នុង​សង្គមក្រោមការផ្តួចផ្តើមឡើង​ដោយ​អង្គ​ការថែទាំ​សុខភាព​គ្រួសារ​កម្ពុជាហៅថា(រ៉ាក់)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និង​មានការគាំទ្របច្ចេកទេសដោយមន្ទីរអប់រំ​យុវជននិងកីឡាននិងអាជ្ញាធរខេត្តកំពតក្រោម​កិច្ចឧបត្ថម្ភរបស់​អង្គការ​បេះដូង​មាស(Heart of Gold)។